ព័ត៌មានជាតិ
ឧត្តមសេនីយ៍ ឆាយ គឹមខឿន ៖ កម្លាំងត្រៀមរួចរាល់ហើយ សម្រាប់រៀបចំសណ្ដាប់ធ្នាប់ និងការជួបជុំធ្វើមិទ្ទិញផ្សេងៗ នៅពេលយុទ្ធនាការឃោសនា
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់កម្ពុជាថ្មីថា កិច្ចការពារការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ កងកម្លាំងនគរបាលជាតិ នឹងអនុវត្តទៅតាមផែនការអន្តរស្ថាប័ន ដែលមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយក្នុងនោះមានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត មានសម្ដេចក្រឡាហោម ស ខេង ជាប្រធាន។
បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានដឹកនាំអង្គភាព ស្ថាប័នទាំងអស់ រួមទាំងរដ្ឋបាលរាជធានី ខេត្ត ផងដែរ ហើយតាមផែនការបានចង្អុលថា ជាយន្តការដឹកនាំសន្តិសុខសម្រាប់ការបោះឆ្នោត នៅតាមភូមិសាស្ត្ររៀងៗខ្លួន។ មានន័យថា រដ្ឋបាលរាជធានី ខេត្ត គឺជាគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតនៅតាមរាជធានី ខេត្ត ដោយរៀបចំផែនការធ្វើសកម្មភាពជាក់ស្ដែង ដើម្បីរៀបចំការពារនៅតាមភូមិសាស្ត្រ ដូចជា រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងភូមិសាស្ត្ររបស់ខ្លួនផង និងផែនការដាក់ពង្រាយកម្លាំងសន្តិសុខបោះឆ្នោតនៅតាមគោលដៅ និងមុខសញ្ញាដែលបានណែនាំដោយអន្តរស្ថាប័នផង។
បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ផែនការទាំងអស់នេះ ត្រូវបានរៀបចំចប់សព្វគ្រប់ទៅតាមគោលការណ៍ណែនាំរួចហើយ។ គោលដៅអាទិភាពសំខាន់នោះ គឺការការពារនៅការិយាល័យប៉ិច សិច និងការិយាល័យការិយាល័យបោះឆ្នោត រាប់សន្លឹកឆ្នោត និងការដឹកជញ្ជូនឧបករណ៍ សម្ភារៈពាក់ព័ន្ធនិងការបោះឆ្នោត និងសន្លឹកឆ្នោត ព្រមទាំងកំណត់ហេតុឯកសារពាក់ព័ន្ធផ្សេងៗទាក់ទងទៅនឹងការបោះឆ្នោត។
ចំណែកចំនួនកម្លាំងដែលដាក់ការពារសណ្ដាប់ធ្នាប់ផ្សេងៗនោះ ត្រូវបានកំណត់រួចហើយ ប៉ុន្តែនៅតាមការិយាល័យបោះឆ្នោតត្រូវបានកំណត់ក្នុងមួយការិយាល័យ៣ នាក់ ជាភ្នាក់ងារសន្តិសុខសម្រាប់ការបោះឆ្នោតជាផ្លូវការ។ ចំណែកការរៀបចំសណ្ដាប់ធ្នាប់សម្រាប់ក្បួនដង្ហែគណបក្ស ក៏ដូចជាការជួបជុំធ្វើមិទ្ទិញផ្សេងៗ ត្រូវបានកំណត់រួចរាល់ហើយ។ ក្រៅពីនោះ គឺត្រៀមរៀបចំមធ្យោបាយ សម្ភារៈ ដើម្បីបម្រើឲ្យប្រតិបត្តិការការពារសុវត្ថិភាពជារួម សម្រាប់ធានាដល់បរិយាកាស នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នេះដើម្បីឲ្យដំណើរការទៅប្រកបដោយភាពស្ងប់ស្ងាត់ គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងដោយសេរី យុត្តិធម៌។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ថា នៅក្នុងប្រតិបត្តិការការពារនេះ មិនមែនប្រើប្រាស់តែកម្លាំងនគរបាលទេ ពីព្រោះនៅក្រោមការបញ្ជារបស់គណៈការពារសន្តិសុខការបោះឆ្នោតមានកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងកម្លាំងនគរបាលជាតិ ដែលក្នុងនោះកងយោធពលខេមរភូមិន្ទ និងកងរាជអាវុធហត្ថមានតួនាទីជាកម្លាំងត្រៀមអន្តរាគមន៍ និងគាំទ្រដល់កម្លាំងនគរបាលជាតិ។
ដោយឡែកកិច្ចការពារតាមការិយាល័យបោះឆ្នោត លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អះអាងថា ជាបន្ទុករបស់កងកម្លាំងនគរបាលជាតិ លើកលែងតែនៅតាមតំបន់មួយចំនួន ដែលកម្លាំងនគរបាលមិនគ្រប់គ្រាន់ អាចស្នើសុំបន្ថែមកម្លាំងកងយោធពលខេមរៈភូមិន្ទ និងងកងរាជអាវុធហត្ថបន្ថែម។ ដោយឡែកនៅភូមិសាស្ត្រខ្លះទៀត គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងប្រជាការពារ ជាកម្លាំងជំនួយសម្រាប់ការរៀបចំសណ្ដាប់ធ្នាប់ផងដែរ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ