ព័ត៌មានជាតិ
សម្ពោធសៀវភៅ “អ្នកថែអង្គរ” រំលឹកដឹងគុណអ្នកថែអង្គរ និងដូនតាខ្មែរជំនាន់ដើម
អាជ្ញាធរជាតិអប្សរា រួមសហការជាមួយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ បានធ្វើពិធីបើកសម្ពោធសៀវភៅ ដែលមានចំណងជើងថា “អ្នកថែអង្គរ” ចំនួន ៥០០០ ក្បាល ដែលទើបតែបោះពុម្ពរួចរាល់នៅមុខប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។
សហស្ថាបនិកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ លោក គី សុខលីម បានថ្លែងនៅក្នុងពិធីបើកសម្ពោធសៀវភៅអ្នកថែអង្គរថាបន្ទាប់ពីរូបលោកបានជួបសន្ទនាជាច្រើនលើកជាមួយលោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ភាគីទាំងពីរក៏បានផុសចេញនូវគំនិតរួមគ្នាសរសេរជាសៀវភៅនេះឡើង ក្នុងបំណងដើម្បីលើកទឹកចិត្តនិងដឹងគុណដល់អ្នកថែអង្គរទាំងឡាយ ព្រមទាំងដឹងគុណដល់ដូនតាខ្មែរ ដែលជាអ្នកបានកសាងប្រាសាទជាច្រើនផងដែរ។

លោក គី សុខលីម មានប្រសាសន៍ទៀតថា នៅក្នុងសៀវភៅអ្នកថែអង្គរដែលបានបោះពុម្ពផ្សាយរួចហើយនេះ អ្នកនិពន្ធចង់បង្ហាញអំពីជីវប្រវត្តិនិងជំនាញរបស់មនុស្សជាច្រើនរូប ដែលបានធ្វើការងារថែរក្សាអង្គរ ខ្លះបានធ្វើការរយៈពេលជាង២០ឆ្នាំ និងខ្លះទៀតបានធ្វើការងារពាក់ព័ន្ធការថែរក្សាអង្គររយៈពេល៣០ឆ្នាំមកហើយ។
សៀវភៅអ្នកថែអង្គរ ដែលមានកម្រាស់ជាង២០០ទំព័រនោះ បានបង្ហាញតួអង្គ អ្នកថែអង្គរមកពីមជ្ឈដ្ឋានផ្សេងៗគ្នាចំនួន ១៥ រូប ដោយអ្នកថែអង្គរទាំងនោះ មានប្រវត្តិនិងជំនាញផ្សេងៗពីគ្នា ដូចជាអ្នកនរវិទូ អ្នកបុរាណវិទ្យា ស្ថាបត្យករ អ្នកជំនាញខាងរៀបថ្មអង្គរ អ្នកជំនាញផលិតដាវបុរាណ អ្នកជំនាញខាងព្យាបាលថ្មប្រាសាទ អ្នកជំនាញខាងជួសជុលឥដ្ឋរបស់ប្រាសាទ អ្នកជំនាញខាងធ្វើឧបករណ៍ភ្លេងខ្មែរ អ្នកកសិកម្មនៅក្នុងតំបន់អង្គរនិងអ្នកសិល្បៈចម្លាក់ស្បែកបន្តពីវប្បធម៌អង្គរជាដើម។

ប្រធានក្រុមដឹកនាំការស្រាវជ្រាវនិងប្រមូលឯកសារ ដើម្បីយកមកសរសេរសៀវភៅ លោក សៅ ផលនិស្ស័យឱ្យដឹងថាទម្រាំតែផលិតបានសៀវភៅអ្នកថែរក្សាអង្គរនេះឡើង ក្រុមការងាររបស់លោកបានចាប់ផ្ដើមធ្វើការងារតាំងពីអំឡុងចុងឆ្នាំ២០២០មក ដោយត្រូវធ្វើដំណើរពីទីក្រុងភ្នំពេញ មកកាន់ខេត្តសៀមរាបជាច្រើនលើកច្រើនសារ ដើម្បីប្រមូលយកឯកសារពាក់ព័ន្ធនានា។ ការខិតខំក្នុងការបង្កើតឱ្យចេញជាសៀវភៅនេះឡើង គ្មានបំណងអ្វីក្រៅពីការចង់បង្ហាញឱ្យសាធារណជនបានដឹងអំពីការងារថែរក្សាអង្គរដ៏ច្រើន ហើយក៏ចង់បង្ហាញកេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់អ្នកធ្វើការងារថែរក្សាអង្គរទាំងឡាយ ដើម្បីឱ្យសក្តិសមនិងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ផងដែរ។
អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានកោតសរសើរចំពោះស្នាដៃនិពន្ធសៀវភៅអ្នកថែអង្គរនេះ ដោយលោកមានប្រសាសន៍ថា ការចងក្រងជាសៀវភៅនេះឡើង គឺជាបេសសកកម្មមានគោលដៅច្បាស់លាស់ហើយក៏ជាវិថីដែលផ្សាភ្ជាប់ ការយល់ដឹង ការអបរំ លើទស្សនវិស័យរួមគ្នារវាងអាជ្ញាធរជាតិអប្សរានិងសារព័ត៌មានអេឡិចត្រូនិកថ្មីៗដែរ។
លោក ឡុង កុសលមានប្រសាសន៍ទៀតថា វត្តមានរបស់អ្នកថែអង្គរគឺមានសារៈសំខាន់បំផុត ប្រសិនបើមិនមានពួកគាត់ទេ គឺការងារជាច្រើន ដូចជាការជួសជុល ការជួយសង្គ្រោះប្រាសាទបុរាណនិងការអភិរក្សរមណីយដ្ឋាននានាប្រាកដជាមិនមានលទ្ធផលល្អ រហូតមកដល់ពេលនេះឡើយ។«យើងមានតួអង្គអ្នកថែអង្គរជាច្រើន មិនមែនមានតែត្រឹមបង្ហាញនៅក្នុងសៀវភៅនេះទេ ក៏ប៉ុន្តែយើងត្រូវការពេលវេលាថែមទៀត ក្នុងការបង្ហាញតួអង្គអ្នកថែអង្គរឱ្យបានច្រើននាក់នោះ។
សៀវភៅអ្នកថែអង្គរបានបោះពុម្ពផ្សាយជាលើកដំបូង ចំនួន៥០០០ក្បាលជាភាសាខ្មែរ ហើយនៅពេលអនាគតក្រុមអ្នកនិពន្ធគ្រោងនឹងបកប្រែសៀវភៅនេះ ទៅជាច្រើនភាសាដូចជាភាសាអង់គ្លេស ភាសាចិននិងភាសានៅក្នុងតំបន់ប្រជាជាតិអាស៊ី អគ្នេយ៍(ASEAN)ជាដើម។លោក គី សុខលីម សហស្ថាបនិកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ឱ្យដឹងទៀតថាស្នាដៃនិពន្ធ ដែលសហការជាមួយនិងអាជ្ញាធរជាតិអប្សរា មិនមែនមានតែសៀវភៅអ្នកថែអង្គរតែមួយនេះទេ គឺនៅពេលខាងមុខដ៏ខ្លី ក្រុមរបស់លោកគ្រោងនឹងបោះពុម្ពផ្សាយសៀវភៅថ្មីមួយទៀត ដែលមានចំណងជើងថា “លើសពីអង្គរ”៕
អត្ថបទ៖ កុសល

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា