ព័ត៌មានជាតិ
តាមការប៉ាន់ស្មាននៅឆ្នាំ ២០៣៥ សំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ជាង ៣សែនម៉ែត្រគូប
យោងតាមការសិក្សានៅឆ្នាំ ២០០១ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនប្រមាណ ២៦.០០០ម៉ែត្រគូបក្នុងមួយឆ្នាំ និងបានបន្តកើនឡើងជាលំដាប់។ តាមការប៉ាន់ស្មាននៅឆ្នាំ ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញនេះ នឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ ដែលទាមទារឲ្យមានការរៀបចំអាងប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះ ឲ្យបានត្រឹមត្រូវ ស្របតាមស្តង់ដាបច្ចេកទេស ដែលមិនធ្វើឲ្យប៉ះពាល់បរិស្ថាន។

នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោក និងលោក ព្យែរ ប៊ែយ៉េ លេខាធិការអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិ នៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំងអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាស្ថានីយ ប្រព្រឹត្តកម្មសំណល់ភក់បង្គន់” មានទីតាំងស្ថិតនៅក្នុង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២នេះ។

លោកឃួង ស្រេង បានលើកឡើងថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន មានការអភិវឌ្ឍយ៉ាងខ្លាំង ទាំបែបទូលាយ និងបែបជម្រៅ។ ក្នុងនោះ ព្រំប្រទល់រដ្ឋបាលត្រូវបានពង្រីកពី ៣០០ ទៅ ៦៩២,៤៦ គីឡូម៉ែត្រក្រឡា មានប្រជាជនរស់នៅ និងស្នាក់នៅបម្រើការងារប្រមាណ ៣លាននាក់។ ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានតម្រង់ទិស នៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងរាជធានីភ្នំពេញ ឲ្យយកចិត្តទុកដាក់ដោះស្រាយ ការកកស្ទះ៖ ៣យ៉ាង នោះគឺ “ទី១-ការកកស្ទះចរាចរណ៍, ទី២-ការកកស្ទះ លូ-ប្រឡាយ និងទី៣-ការកកស្ទះ៖សំរាម” ព្រោះថា ជាកត្តាសត្យានុម័ត សេដ្ឋកិច្ចជាតិកើនឡើង, ទីក្រុងកាន់តែរីក, ប្រជាជនកាន់តែច្រើន, សម្ភារៈប្រើប្រាស់កាន់តែសំបូរបែប ដូច្នេះ ការផ្តល់សេវាតម្រូវការ និង សេវាសំណូមពរជូនប្រជាពលរដ្ឋ ក៏ត្រូវមានការកើនឡើងដោយចៀស មិនរួច។

លោកបន្តថា យោងតាមការសិក្សានៅឆ្នាំ ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២៦.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់ ហើយតាម ការប៉ាន់ស្មាននៅឆ្នាំ ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ ពោលគឺកើនឡើងជិត ១៣ដង។ ដូច្នេះ ទាមទារឲ្យយើងត្រូវយកចិត្ត ទុកដាក់គ្រប់គ្រង ជាពិសេសរៀបចំអាងប្រព្រឹត្តកម្មសំណល់នេះ ឲ្យបានត្រឹមត្រូវស្របតាមស្តង់ដាបច្ចេកទេស។

លោកបន្តថា “នេះហើយគឺជាកម្ពុជាពិត” ដែលក្នុងពេលអតីតកាល យើង គ្មានឡើយតម្រូវការស្ថានីយប្រព្រឹត្តកម្មប្រភេទនេះ ព្រោះប្រជាជន យើងមានជីវភាពខ្វះខាត គា្មនអាហារបរិភោគគ្រប់គ្រាន់ និងគ្មានឡើយស្តង់ដារស់នៅ។ ប៉ុន្តែ ក្នុងសម័យតេជោ ជីវភាពប្រជាជនយើងកាន់តែមានភាពល្អប្រសើរ នឹងមានអាហារបរិភោគគ្រប់គ្រាន់ ដូច្នេះ៖ ស្តង់ដា នៃការរស់នៅក្នុងទីក្រុង ក៏ត្រូវតែលើកកម្ពស់ឲ្យកាន់តែប្រសើរឡើង ជាលំដាប់ផងដែរ។

រាជធានីភ្នំពេញ គឺពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីលើកកម្ពស់អនាម័យសាធារណៈ ឆ្លើយតបទៅនឹងអត្រាកំណើន ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ការពង្រីកទីក្រុង និង ការកើនឡើងផ្នែកជីវភាព-តម្រូវការរស់នៅកាន់តែស៊ីវិល័យរបស់ បងប្អូនប្រជាពលរដ្ឋ ក្នុងនោះ គម្រោងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ សំខាន់ចំនួន ៣ រួមមាន (ទី១) អត្ថប្រយោជន៍ផ្នែកបរិស្ថាន តាមរយៈ ការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ (ទី២) អត្ថប្រយោជន៍ ផ្នែកសង្គម តាមរយៈការបង្កើតការងារ និងកែច្នៃសំណល់ភក់បង្គន់ទៅ ជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី និង (ទី៣) អត្ថប្រយោជន៍ ផ្នែកសេដ្ឋកិច្ច តាមរយៈការលក់ជីសរីរាង្គដែលផលិតបានទៅក្នុងទីផ្សារ កសិកម្ម ឬ អាចនិយាយបានថា “យកសំណល់ គ្រប់គ្រងសំណល់”។

លោក ព្យែរ ប៊ែយ៉េ បានលើកឡើងផងដែរថា ការរៀបចំអាងប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះ ជាគោលនយោបាយមួយធ្វើអោយប្រសើរឡើង នៃការរស់នៅរបស់ប្រជាពលរដ្ឋនៅភ្នំពេញ ប្រកបដោយសុខមាលភាព ដោះស្រាយបំរែលបំរួលអាកាសធាតុ។ សំណល់ភក់បង្គន់នេះ នឹងប្រែក្លាយទៅជាជីសំរាប់បងប្អូនប្រជាពលរដ្ឋធ្វើកសិកម្ម ហើយវានឹងផ្តល់ការងារជូនក្រុមហ៊ុនតូចតាច មានការងារធ្វើផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ