ព័ត៌មានជាតិ
សម្ដេចតេជោ៖ យើងប្រឆាំងដាច់ខាត អ្នកមានអំណាច និងទឹកលុយ ជ្រកក្រោមពលរដ្ឋ ទន្ទ្រានដី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា យើងប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់សិទ្ធិអំណាច និងការប្រើទឹកលុយ ដើម្បីជ្រកក្រោមរូបភាពប្រជាពលរដ្ឋ ហើយដណ្ដើមទន្ទ្រានកាន់កាប់យកដីធ្លី។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះនៅក្នុងការសេចក្តីថ្លែងសារផ្សាយផ្ទាល់ពិសេស ស្ដីពី បឹងទន្លេសាប ថ្ងៃទី២៧ ខែឧសភានេះ ខណៈសម្ដេចបានបញ្ជាដល់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាប្រធានគណៈកម្មការសូរិយោដី ថ្នាក់ជាតិ រួមទាំងខេត្តជុំវិញបឹងទន្លេសាប ធ្វើការកែសម្រួលព្រំប្រទល់ថ្មីនៃតំបន់អភិរក្សបឹងទន្លេសាប។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលទទួលបានដីធ្លីដែលធ្លាប់បង្កបង្កើនផលហើយ សូមកុំកាប់រានដីដែលនៅជិតខាងដើម្បីពង្រីកដីកាន់តែធំ។ ហើយកុំឱ្យអ្នកនៅពីក្រៅតំបន់ ជាឈ្មួញ ឬអ្នកមានអំណាចទៅ គប់គិតជាមួយប្រជាពលរដ្ឋ ហើយកាប់រានយកផ្ទៃដីរដ្ឋរាប់រយ រាប់ពាន់ហិកតា ហើយជួលឱ្យប្រជាពលរដ្ឋ ដូចរយៈពេលកន្លងទៅ។

សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់បន្តថា៖ “យើងប្រឆាំងដាច់ខាតជាមួយការប្រើប្រាស់សិទ្ធិអំណាចរបស់អ្នកមានអំណាច និងការប្រើទឹកលុយរបស់អ្នកមានប្រាក់ ដើម្បីជ្រកក្រោមរូបភាពប្រជាពលរដ្ឋ ហើយដណ្ដើមទន្ទ្រានកាន់កាប់យកដីធ្លី ដើម្បីធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែយើងគាំទ្រ និងលើកទឹកចិត្ត និងផ្ដល់ការគាំពារប្រជាពលរដ្ឋសុចរិតដែលបានបង្កបង្កើនផលលើផ្ទៃដីនេះយូរមកហើយ យ៉ាងហោចណាស់ក៏ជាង១០ឆ្នាំដែរ”។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក្រុមការពារ ពិនិត្យពិចារណាដោយផ្អែកលើស្ថានភាពជាក់ស្ដែងនៃភូមិសាស្ត្រនីមួយៗក្នុងការកាត់ឆ្កៀលចេញពីតំបន់២ ឬតំបន់៣ សម្រាប់ទីតាំងដែលមានប្រជាជនរស់នៅជាក់ស្ដែង មានភូមិករ សាលា វត្តអារាម ដែលភូមិករខ្លះបានកើតជាយូរណាស់មកហើយ។
សម្ដេចតេជោ លើកឡើងថា កន្លងមករដ្ឋាភិបាលបានសាងសង់វត្តអារាម ក៏ដូចជាសាលារៀនបណ្ដែតទឹក សាលារៀនខ្ពស់លើផ្ទៃដីជូនប្រជាពលរដ្ឋរស់នៅតំបន់ព្រៃលិចទឹកនៅតំបន់ទន្លេសាប។

គួររម្លឹកថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ចុះទប់ស្កាត់ជាបន្ទាន់ចំពោះករណីទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបដោយខុសច្បាប់ និងចាត់វិធានការច្បាប់តឹងរ៉ឹងចំពោះអ្នកល្មើស។ ត្រឹមដើមខែមករា ឆ្នាំ២០២២នេះ ដីព្រៃលិចទឹកជិត ៦០ ០០០ ហិកតា ក្នុងខេត្តចំនួន៦នៅជុំវិញបឹងទន្លេសាប ត្រូវបានដកហូតមកទុកជាសម្បត្តិរដ្ឋវិញ ក្រោយជនល្មើសទន្ទ្រានកាន់កាប់ដោយខុសច្បាប់។ ក្រៅពីដកហូតដីមកវិញ រដ្ឋាភិបាលបានបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធឱ្យធ្វើការបោះបង្គោលកំណត់ព្រំដី ដំឡើងផ្ទាំងប៉ាណូ ដើម្បីកំណត់ព្រំតំបន់ការពារដែនព្រៃលិចទឹក និងការដាំដើមឈើលិចទឹកក្នុងតំបន់៣ឡើងវិញ រួមទាំងចុះរៀបចំចុះបញ្ជីដីរដ្ឋក្នុងតំបន់៣៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង