ព័ត៌មានជាតិ
និស្សិតពេទ្យជាង៧០នាក់ នឹងចេញទៅបន្តការសិក្សានៅប្រទេសបារាំង ចុងខែនេះ
និស្សិតជយលាភីអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតឯកទេស នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួនជាង៧០នាក់ នឹងចេញទៅរៀនបន្តនៅប្រទេសបារាំង ចុងខែតុលា ឆ្នាំ២០២០នេះ សម្រាប់ការសិក្សារយៈពេលមួយឆ្នាំ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជយលាភីអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតឯកទេសទាំងនោះ លោកសាស្ត្រាចារ្យ សាផុនវឌ្ឍនៈ សកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២០នេះ និស្សិតជយលាភីអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលនឹងត្រូវសិក្សាបន្តនៅប្រទេសបារាំងមានចំនួន៧២នាក់។ ក្នុងនោះ មានស្ត្រីចំនួន២៤នាក់ និងបុរសចំនួន៤៨នាក់ សិក្សារយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលចំនួន១៩ ដោយបែងចែកឯកទេសចំនួន២៣។
លោកសាស្ត្រាចារ្យ សាផុនវឌ្ឍនៈ បន្តថា ដោយមានការគាំទ្រពីស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យ បានបញ្ជូននិស្សិតចុះកម្មសិក្សាតាមមន្ទីរពេទ្យនៅប្រទេសបារាំងចំនួនពី៣០ ទៅ៤០នាក់ ក្នុងមួយឆ្នាំៗ។ ក្នុងនោះ ដោយចាប់តាំងពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០១៩ មាននិស្សិតវេជ្ជសាស្ត្ររបស់សាកលវិទ្យាល័យផ្នែកវេជ្ជសាស្ត្រទូទៅ និងឯកទេសសរុបចំនួន៨៣២នាក់ បានបន្តការសិក្សា ឬធ្វើកម្មសិក្សានៅប្រទេសបារាំង។
ក្នុងឱកាសនោះ លោកសកលវិទ្យាធិការ បានផ្ដាំផ្ញើដល់ប្អូននិស្សិតទាំងអស់ ត្រូវខិតខំរៀនសូត្រ និងគោរពវិន័យរបស់មន្ទីរពេទ្យឲ្យបានខ្ជាប់ខ្ជួន ដើម្បីស្រូបយកចំណេះដឹងឲ្យបានច្រើនជាទីបំផុតត្រឡប់មកបម្រើជូនប្រទេសជាតិវិញ។
លោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការតំណាងឲ្យ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា អាហារូបករណ៍នេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស និងបង្កើតនូវគុណភាព នៃការអប់រំក្នុងវិស័យសុខាភិបាលនៅកម្ពុជា។ ជាពិសេសពង្រឹងនូវសមត្ថភាព និងជំនាញឯកទេសវេជ្ជសាស្ត្រក្នុងវិស័យវិទ្យាសាស្ត្រសុខាភិបាលនៅកម្ពុជាឲ្យកាន់តែមានកម្រិតខ្ពស់ថែមទៀត ឈានទៅរកស្តង់ដារអន្តរជាតិ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។ លោករដ្ឋលេខាធិការ បានកោតសរសើរចំពោះនិស្សិតជយលាភីអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតឯកទេសទាំងអស់ ដែលបានខិតខំ ប្រឹងប្រែងសិក្សា ស្រាវជ្រាវ តាមឯកទេសរៀងៗខ្លួន រហូតទទួលបាននូវការជ្រើសរើសឲ្យទៅធ្វើការសិក្សាបន្តនៅប្រទេសបារាំងនាពេលឆាប់ខាងមុខ។
លោករដ្ឋលេខាធិការ បានណែនាំនិស្សិតទាំងអស់ បន្តខិតខំ ប្រឹងប្រែង រៀនសូត្រ ឲ្យបានជាប់ជាស្ថាពរ ទទួលយកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ទាក់ទិននឹងឯកទេសរបស់ខ្លួនពី លោក លោកស្រីសាស្ត្រាចារ្យ និងសហភាតរៈនៅប្រទេសបារាំង ហើយពាំនាំយកនូវចំណេះដឹង និងចំណេះធ្វើទាំងនោះត្រឡប់មកកម្ពុជាវិញ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅមាតុប្រទេសយើងវិញ។
ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យ អេង ហួត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង ដែលបានកំពុងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសគឺការបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
គួរបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជយលាភីអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតឯកទេសទាំងនោះ ក៏មានការចូលរួមពី លោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជាផងដែរ៕
អត្ថបទ ៖ សំអឿន
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង