Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស ៖ បទចម្រៀង “​ឥន្ទធនូ​សម្រាប់​ថ្ងៃស្អែក​” ឆ្លុះបញ្ចាំង​ពី​តថភាព​ពិត​របស់​កម្ពុជា

បានផុស

នៅ

​លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​អះអាងថា ​បទ​ចម្រៀង “​ឥន្ទធនូ​សម្រាប់​ថ្ងៃស្អែក​” ដែល​ទើបតែ​ទទួលបាន​នេះ ពិតជា​ឆ្លុះ បញ្ចាំង​ពី​តថភាព​ពិត​នៃ​ប្រទេស​កម្ពុជា​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​ការផ្លាស់ប្តូរ​បន្តិច​ម្តងៗ​ចំពោះ​ការអភិវឌ្ឍន៍​ប្រទេស ក៏ដូចជា​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រជាជន និង​ប្រជាជន​រវាង​ប្រទេស​យើង​ទាំងពីរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​ជឿជាក់​ថា ប្រជាជន​កម្ពុជា​ជាច្រើន​ក៏​នឹង​មានការ​រំជួលចិត្ត​យ៉ាងខ្លាំង​ចំពោះ​បទ​ចម្រៀង​ដ៏​អស្ចារ្យ​មួយ​នេះ ដែល​នឹង​ជួយ​លើកកម្ពស់​ចំណងមិត្តភាព​ដ៏​យូរ អង្វែង​រវាង​ប្រជាជន​កម្ពុជា និង​ជប៉ុន​ផងដែរ​។

ការលើកឡើង​របស់លោក​ស្រី ទួត បញ្ញា បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​-​ទទួល​បទ​ចំរៀង “​ឥន្ទធនូ​សម្រាប់​ថ្ងៃស្អែក​” ​នា​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២២ នៅ​ក្រសួងការបរទេស​។

​លោកស្រី​អះអាងថា យើង​មាន​មោទនភាព ដែល​បានឃើញ​ពី​ថាមវន្ត​នៃ​ការ​រីកលូតលាស់​ទំនាក់​ទំនង​យូរអង្វែង និង​កិច្ច​សហប្រតិបត្តិការ​ព​ហុ​វិស័យ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ជប៉ុន ទោះបីជា​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​។ ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច និង​ការប្រាស្រ័យ​ទាក់ទង​គ្នា​តាមរយៈ​កម្រិត​ផ្សេងៗ បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​ប្រទេស​ទាំងពីរ​ក្នុងការ​លើកកម្ពស់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ឱ្យ​កាន់តែ​ខ្ពស់​មួយកម្រិត​ទៀត ខណៈពេលដែល​កម្ពុជា និង​ជប៉ុន​គ្រោង​នឹង​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំក្រោយ​។

​លោកស្រី ទួត បញ្ញា អះអាង​ទៀតថា បទ​ចម្រៀង​របស់​លោកស្រី មីណា​មី​ណុ យ៉ូ​កុ ដែលមាន​ចំណងជើង​ថា “​ឥន្ទធនូ​សម្រាប់​ថ្ងៃស្អែក​” ជា​បទ​ចម្រៀង ដែល​បាន​ចាក់​ចំ​បេះដូង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ ពេលដែល​បទ​ចំរៀង​នេះ​ត្រូវបាន​បង្ហាញជូន​សម្តេច​តេ​ជោ នៅក្នុង​ពិធី​ពិសារ​អាហារ​ពេល​ល្ងាច ដែល​រៀបចំ​ដោយ​ឯកឧត្តម គី​ស៊ី​ដា ហ្វឹ​មី​អូ នាយករដ្ឋមន្ត្រី​ជប៉ុន កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២២​នៅ​ទីក្រុង Kumamoto ប្រទេស​ជប៉ុន ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ ស្តីពី​បញ្ហា​ទឹក​នៅ​អាស៊ី​-​ប៉ាស៊ីហ្វិក​។

លោកស្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ជូន​ចំពោះ​ឯកអគ្គរដ្ឋទូត និង​សហការី​ដែល​បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​ទទួលបាន​សិទ្ធិ​ចម្លង​បទ​ចម្រៀង​នេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម