Connect with us

ព័ត៌មានជាតិ

លោក គង់ វន ៖ ការ​ឈឺ​ចាប់នៅ​ចងចាំ​មិន​ភ្លេច​កាលពី​របប​វាលពិឃាត ដែល​គេ​បម្រុង​យកទៅ​សម្លាប់ចោល

បានផុស

នៅ

ការ​ឈឺ​ចាប់ពី​អតីតកាល​ដែល​លោក​អ៊ំ គង់ វន នៅ​ចងចាំ​មិន​ភ្លេច​កាលពី​របប​វាលពិឃាត ដែល​គេ​បម្រុង​យកទៅ​សម្លាប់ចោល តែ​ជីវិត​ថ្លៃ​ដោយ​លោក​អ៊ំ​បាន​តដៃ​ធាក់​ឃាតក​បាក់​ក្បាលជង្គង់​រួច​តែ​ដៃ​ខ្ញុំ​ត្រូវ​គេ​ចងស្លាបសេក​។ ក្រោយពី​ត្រដុស​ចំណង​ដែល​ប៉ូលីស​ប៉ុលពត​ចង​រួច ខ្ញុំ​បាន​សំងំ​ក្នុងព្រៃ​អត់បាយ រយៈពេល​៣​យប់​។ ចំណែក​ខោ​និង​អាវ ពួក​ឃាតក​សម្រាត​យក​អស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​អ៊ំ គង់ វន ជា​អតីត​អ្នកកាសែត Kyodo News ក្នុង​សម័យ​លន់នល់​។ លោក​បាន​បញ្ជាក់​ថា ជា​អ្នកកាសែត លោក​ត្រូវតែ​ពុះពារ​គ្រប់បែបយ៉ាង​ដើម្បី​ស្វែងរក​ព័ត៌មាន​ល្អៗ​ហើយ​ពិត សម្រាប់​ផ្សាយ​ជូន​អ្នកអាន​។ នៅ​ខែមិថុនា ឆ្នាំ​១៩៧១ លោក​ប្រធានការិយាល័យ Nihon Denpa News និង​ខ្ញុំ បានធ្វើ​ដំណើរ​ទៅ​ពេជ្រនិល​ដោយហេតុ​បាន​ដំណឹង​ថា កងទ័ព Parachute ធ្វើ​ប្រតិបត្តិការ​ស័ក​បោសសម្អាត​ផ្លូវ​ដែល​កាត់ផ្តាច់​ដោយ VC/NVA និង​ខ្មែរក្រហម​។ បន្ទាប់ពី​ខ្ញុំ និង​លោក Toichi Suzuki ទៅដល់​ប្រហែល​២០​នាទី ការផ្ទុះអាវុធ​បាន​កើត​ឡើង​រវាង ទាហាន Para ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មួយ ស្រី យ៉ា ជា​មេបញ្ជាការ​។​ នៅ​រវាង ១៥​នាទី​ក្រោយមក លោក​Suzuki រត់​មកពី​ខ្សែត្រៀម​ទី​១ ខ្ញុំ​ក៏​ហៅ​គាត់​ឲ្យ​ជ្រក​ក្រោម​ស្ពានឈើ​មួយ​។ មួយ​ពព្រិច​ភ្នែក​សោះ ស្រាប់តែ​ឃើញ​កញ្ញា Keth Weeb ជនជាតិ​អូស្ត្រាលី​ធ្វើការ​ឲ្យ U.P.I រត់​មកជា​មួយ​ជំនួយការ​នាង​ម្នាក់ អ្នក​ថតរូប ទា គីម​ហ៊ាង និង អៀង ចា​រួន អ្នករាយការណ៍​ឲ្យ​ខ្មែរ​ឯករាជ្យ​។ បបួលគ្នារ​ត់ទៅ​កន្លែង​មេបញ្ជាការ​តែ​មិនអាច​ទៅបាន​ពីព្រោះ VC/NVA គេ​ផ្តាច់​ផ្លូវ​ហើយ​។ ត្រឡប់ក្រោយ ពួក​ខ្ញុំ​ទាំង​៦​នាក់​ដើរកាត់​ព្រៃ​១​យប់​១​ថ្ងៃ​។ ជា​អកុសល ខ្មែរក្រហម​ឃើញ​ពួក​ខ្ញុំ​៦​នាក់​ក៏​ស្រែក​ឲ្យ​ឈប់ តែ​ត្រូវបាន VC/NVA អន្តរាគមន៍​ទាន់ ប៉ុន្តែ​គេ​ចាប់​ចងដៃ​ស្លាបសេក​បណ្តើរ​ទៅ​សួរចម្លើយ ហើយ​ឃុំខ្លួន​រយៈពេល​២៣​ថ្ងៃ ទើប​ដោះលែង​។

ក្រោយ VC/NVA ដោះលែង ខ្ញុំ​ធ្វើការ​ឲ្យ Kyodo News រហូតដល់​ខែមេសា ឆ្នាំ​១៩៧៥ ហើយក៏​បានរស់នៅ​ក្នុង​របប​ប៉ុលពត ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ស្ទើរ​ស្លាប់​ស្ទើរ​រស់​។ នៅក្រោយពេល​របប​ប៉ុលពត​ត្រូវបាន​ផ្តួលរំលំ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ដោយ​ថ្នាក់ដឹកនាំ​ខ្មែរ​សហការ​ដោយ​វៀតណាម ដោយសារ​ខ្វះ​អាហារ​ហូបចុក​និង​សំលៀកបំពាក់ ខ្ញុំ​និង​ភរិយា​ព្រមទាំង​ចៅ ធ្វើដំណើរ​ទៅ​ព្រំដែន​ខ្មែរ​-​ថៃ កាល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​១៩៨០​។ នៅ​ទីនោះ ខ្ញុំ​បាន​ជួប​លោក Kent Nikisaki ធ្វើការ​ឲ្យ J.V.C ខ្ញុំ​ក៏បាន​ផ្ញើ​សំបុត្រ​ខ្លី​មួយ​ជូនទៅ​លោក Ikeuchi ប្រធានការិយាល័យ Kyodo News នៅ​បាងកក​។ នៅ​ថ្ងៃទី​២ ខ្ញុំ​បាន​ស្នាក់នៅ ជំរុំ​ណន​ចាន់ ក្រោយមក​លោក​Ikeuchi បាន​មកជួប​ខ្ញុំ​។

ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​១៩៨១ ក្រោយពី​ខ្ញុំ​ស្នាក់នៅ​ជំ​រុំបាន​២​ខែ រដ្ឋាភិបាល​ជប៉ុន​អនុញ្ញាត​ឲ្យ​ទៅ​រស់នៅ​ប្រទេស​ជប៉ុន ជា Special Case​។ ឃើញ​ប្រទេស​ជប៉ុន​ជឿន​លឿង​ខ្លាំង មិនដឹង​បាន​អ្វី​ជួយ​ជាតិខ្មែរ ខ្ញុំ​ក៏​ចាប់ផ្តើម​បង្កើត​អង្គការ​មនុស្សធម៌​ឈ្មោះ មូលនិធិ​ខ្មែរ​ជំនួយការ​សិក្សា កាល​ឆ្នាំ ១៩៩៣​។

ពេលនោះ​សង់​បាន​អនុវិទ្យាល័យ​បន្ទាយ​ចក្រី អង្គការ​J.H.P បាន​ជួយ​សង់​មួយ​ខ្នង​។ ឆ្នាំ​១៩៩៤ លោកស្រី Sato Tokuyo បានផ្តល់​លុយ​ឲ្យ​សង់​អនុវិទ្យាល័យ​ប្រ​ធាតុ​១​ខ្នង អង្គការ​J.H.P ជួយ​១​ខ្នង​។

នៅ​ឆ្នាំ​១៩៩៥ សង់​អគារ​១​ខ្នង នៅ​បឋមសិក្សា​សំពោង អង្គការ​J.H.P ក៏បាន​ជួយ​សង់​១​ខ្នង​ដែរ​។ នៅ​ឆ្នាំ​១៩៩៧ សង់​បាន​អគារ​បឋមសិក្សា​ព្រៃ​ទ័ព​១​ខ្នង​មាន​បន្ទប់​។

​នៅ​ឆ្នាំ​១៩៩៥ ខ្ញុំ​បាន​ទិញ​ដី​ជិត​៤​ហិច​តា នៅ​ភូមិ​លិង្គ ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។ ដោយហេតុ​ជួប​ការលំបាក​ក្នុងការ​រៃអង្គាស​ថវិកា​សង់សាលា អនុវិទ្យាល័យ​មិត្តភាព​ខ្មែរ​-​ជប៉ុន ខ្ញុំ​បាន​សរសេរ​សៀវភៅ​ជា​ភាសា​ជប៉ុន មាន​ចំណងជើង​ថា «​ការ​គេច​ផុតពី​វាលពិឃាត​» (The Survival from the Killing Field) ដែល​បាន​ចំណាយពេល​១​ឆ្នាំ ៤​ខែ​ទើប​ចប់​រួច​បោះពុម្ពផ្សាយ​។ បន្ទាប់មក ខ្ញុំ​ក៏បាន​សរសេរ​សៀវភៅ​មួយទៀត ជា​ភាសា​ខ្មែរ មាន​ចំណងជើង​ថា «​គង់​វន ធ្វើ​ពលិកម្ម​ដើម្បី​ជាតិខ្មែរ​»​។

ខ្ញុំ​និង​គ្រួសារ​បាន​ទៅ​រស់នៅ​ប្រទេស​ជប៉ុន​កាល​ឆ្នាំ​១៩៨១ ត្រឡប់មក​រស់នៅ​និង​ធ្វើការ​នៅ​កម្ពុជា ដោយ​ឥត​យក​កម្រៃ​នៅ​ឆ្នាំ​១៩៩៨ សហការ​ជាមួយ​អង្គការ​មូលនិធិ​ខ្មែរ​គាំទ្រ​ការសិក្សា​ពី​ខេត្ត​សា​ហ្គា និង​លោក តា​កាស៊ី ម៉ូ​រ៉ៃ (Takashi Murai) ដែលជា​មន្ត្រីជាន់ខ្ពស់រ​បស់ Kyodo News ក៏បាន​សង់​អគារ​ទី​១ នៅក្នុង​បរិវេណ​អនុវិទ្យាល័យ​មិត្តភាព​ខ្មែរ​-​ជប៉ុន​។

CJFS មាន​អគារ​៦​ខ្នង កន្លែង​លេង​បាល់ទាត់​២ បាល់បោះ​១​និង​បាល់ទះ​១ បណ្ណាល័យ​ធំ​ទូលាយ​មួយ ទីចាត់ការ​១​ខ្នង បង្គន់​ប្រើប្រាស់​គ្រប់គ្រាន់ មាន​បង្រៀន​កុំព្យូទ័រ បង្រៀន​ភាសា​អង់គ្លេស​និង​ជប៉ុន និង​ផ្ទះសំណាក់​គ្រូ​បរទេស​ស្អាត​មួយ​អគារ​។​

​លោក ខាន់ កុសល ដែលជា​ប្រធាន​សមាគម​អតីត​សិស្ស​អនុ និង​វិទ្យាល័យ​មិត្តភាព​ខ្មែរ ជប៉ុន បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា លោក​អ៊ុ គង់ វន ជា​ជនជាតិ​ខ្មែរ​ម្នាក់​មួយ​រូប​ដែល​មាន​ដំណើរ​ជីវិត​ប្រកបដោយ​ការ​តស៊ូ​ព្យាយាម អោយ​តម្លៃ​លើ​ការសិក្សា និង​មាន​លះបង់​ខ្ពស់​ដើម្បី​ចូលរួម​ជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ ពិសេស​ក្នុង​វិស័យ​អប់រំ​។ ទោះបី​គាត់​បាន​ទៅ​រស់នៅ​ប្រទេស​ជប៉ុន​ក្តី តែ​គាត់​មាន​ឆន្ទៈ​មិន​ភ្លេច​ដើមកំណើត ជា​ជនជាតិខ្មែរ និង​ស្រ​ម៉ៃ​ចង់​ឃើញ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​ជឿនលឿន​ដូច​អរិយ​ប្រទេស​លើ​ពិភពលោក​ពិសេស​ប្រទេស​ជប៉ុន ជា​កន្លែង​ដែល​លោក​បាន​ធ្វើការ និង​រស់នៅ​ជិត​២០​ឆ្នាំ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២៤ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

លោក លៀក លីដា ចាត់ទុកការរិះគន់របស់ Allan ជារឿងដែលល្ងង់

Sokha Hotels

ព័ត៌មានពេញនិយម