ព័ត៌មានជាតិ
ព្រឹកស្អែក ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកសវនាការជំនុំជម្រះលើបណ្ដឹងរបស់គណបក្ស LDP
នៅព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបន្តសវនាការជំនុំជម្រះជាសាធារណៈលើបណ្តឹងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ពាក់ព័ន្ធនឹងបញ្ជីឈ្មោះបោះឆ្នោតដំបូង នេះបើតាមការបញ្ជាក់ពីក្រុមប្រឹក្សាធម្មនុញ្ញ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា សវនាការជំនុំជម្រះនេះ នឹងធ្វើឡើងនៅអគារស នៃវិមានរដ្ឋចំការមន ក្រោមអធិបតីភាព លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ហើយនៅថ្ងៃទី២៣ ខែធ្នូ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបន្តបើកសវនាការលើសំណុំរឿងមួយទៀត ជារបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដដែល។
សូមបញ្ជាក់ថា សវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ទាំង២ថ្ងៃខាងលើនេះ ពាក់ព័ន្ធបណ្ដឹងរបស់គណៈរបស់ភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានប្ដឹងតវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធទៅនឹងបញ្ជីបោះឆ្នោតដំបូង។
គួររំលឹកថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចច្រានចោលនូវពាក្យបណ្ដឹង របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យម្តងរួចហើយ និងបានបិទផ្លូវតវ៉ាផងដែរ ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោតនៅឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោក ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានអះអាងថា ការលើកចោលនូវពាក្យបណ្ដឹងនេះ ដោយសារអ្នកប្តឹងពុំមានគុណវុឌ្ឍិក្នុងការប្តឹងមកក្រុមប្រឹក្សាធម្មនុញ្ញ ស្របតាមច្បាប់ កំណត់។ ករណីនេះចាត់ទុកជាបណ្តឹងមានលក្ខណៈផ្ទុយច្បាប់ ពីព្រោះអ្នកប្តឹងពុំមែនជាអ្នករងឥទ្ធិពលផ្ទាល់ពីសេចក្តីសម្រេចរបស់ គ.ជ.ប នោះទេ។
បើតាមអ្នកនាំពាក្យរូបនេះ ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ យោងទៅតាមមាត្រា១៦៤ នៃច្បាប់ស្តីពីការបោះឆ្នោត និងផ្អែកលើមាត្រា ២៦.៦ថ្មី និងមាត្រា ២៨ថ្មី នៃច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធមន្មនុញ្ញ។
មាត្រា១៦៤ នៃច្បាប់ស្តីពីការបោះឆ្នោត បានគូសបញ្ជាក់ថា បុគ្គលដែលទទួលរងឥទ្ធិពលដោយផ្ទាល់ពីសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងអំឡុងពេល ៧២ម៉ោង បន្ទាប់ពីកាលបរិច្ឆេទទទួលបានសេចក្ដីសម្រេច។
ដោយឡែកមាត្រា ២៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្ម មាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ បានកំណត់ថា បណ្ដឹងដែលមានលក្ខណ:ផ្ទុយច្បាប់ ដែលចំណុចខ្វះខាតមិនអាចកែតម្រូវបាន ក្រុមប្រឹក្សាធម្មនុញ្ញអាចសម្រេចលើកបណ្តឹងចោលដោយមិនចាំបាច់ឆ្លងកាត់ការទាញហេតុផល។
សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក ម៉ក់ តាំងយូ តំណាងទទួលសិទ្ធិពីឈ្មោះ នៅ សំអាត ដែលជាតំណាងឱ្យអ្នកប្តឹងដំបូងឈ្មោះ យ៉ុន យឿម ជាភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្តឹងទៅ គ.ជ.ប ឱ្យដាក់ពិន័យក្រុមចុះឈ្មោះបោះឆ្នោត និងលុបចោលការផ្ទេរចូលរបស់ប្រជាពលរដ្ឋមួយចំនួននៅក្នុងឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បន្ទាប់ពីពួកគេអះអាងថា ការចុះឈ្មោះនោះធ្វើខុសនឹងនីតិវិធីនៃការចុះបញ្ជីឈ្មោះបោះឆ្នោត។
បន្ទាប់ពីបានទទួលបណ្តឹងនោះ គ.ជ.ប ក៏បានយកមកពិនិត្យ និងស្រាវជ្រាវលើបញ្ហាទាំងអស់នេះ ហើយឈានដល់សេចក្តីសម្រេចមួយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។ ក្រុមប្រឹក្សាជំនុំជម្រះ នៃគ.ជ.ប បានសម្រេចបដិសេធចោលបណ្តឹងនេះដោយខុសនឹងគតិច្បាប់។
ក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា ប្រជាពលរដ្ឋទាំង១២នាក់ ដែលភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្តឹងនេះ មានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីមានឈ្មោះក្នុងបញ្ជី បោះឆ្នោតនៃឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្របតាមមាត្រា៤៦ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ក៏ប៉ុន្តែសាមីខ្លួនពុំមានឯកសារយោងគ្រប់គ្រាន់ដើម្បីចុះឈ្មោះបោះឆ្នោត ស្របតាមលក្ខខណ្ឌកំណត់ក្នុងមាត្រា៥១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងក្រោមចំណុច៦.៤.៦ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតប្រចាំឆ្នាំ។
ក្រុមប្រឹក្សាជំនុំជម្រះបន្ថែមថា ក្រុមចុះឈ្មោះបោះឆ្នោតនៃឃុំបួរ ពុំបានប្រព្រឹត្តដោយចេតនាទុច្ចរិតចុះឈ្មោះបោះឆ្នោតដល់ប្រជាពលរដ្ឋ ដែលពុំបំពេញលក្ខខណ្ឌគ្រប់គ្រាន់អាចបោះឆ្នោតបាននោះទេ។ ក្រុមចុះឈ្មោះបោះឆ្នោតនៃឃុំបួរ ពុំបានប្រព្រឹត្តអំពើក្លែងបន្លំឯកសារបញ្ជាក់ អត្តសញ្ញាណជូនជនណាម្នាក់ ដើម្បីប្រើសម្រាប់ការ ចុះឈ្មោះបោះឆ្នោតនោះទេ។
ក្រុមប្រឹក្សាជំនុំជម្រះ ក៏បានរកឃើញថា ប្រធានក្រុមចុះឈ្មោះបោះឆ្នោតនៃឃុំបួរ អនុវត្តនីតិវិធី ចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋ មិនបានត្រឹមត្រូវស្របតាមគោលការណ៍កំណត់ក្នុងចំណុច ៦.៤.២៤ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលគប្បីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គួរធ្វើការក្រើនរំលឹកដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោតឱ្យដឹងពីកំហុសឆ្គង ជៀសវាងការប្រព្រឹត្តកំហុសឆ្គងនេះម្ដងទៀតនៅពេលក្រោយ។
ក្នុងសេចក្តីសម្រេច ក៏បានបញ្ជាក់ថា ការជំទាស់អំពីភាពមានសិទ្ធិមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃជនណាម្នាក់ ត្រូវធ្វើឡើងតាមរយៈពាក្យបណ្ដឹងជំទាស់នៅពេលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង តាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ៦១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះរបស់ គ.ជ.ប បានគូសបញ្ជាក់ដែរថា បណ្ដឹងរបស់លោក ម៉ក តាំងយូ ពុំមានមូលដ្ឋានគតិយុត្តិត្រឹមត្រូវ ដែលអាចឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់ពិន័យក្រមចុះឈ្មោះបោះឆ្នោតនៃឃុំបួរ ស្របតាមបញ្ញត្តិនៃមាត្រា ១៤១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះឡើយ៕
អត្ថបទ ៖ កោះកែវ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ