Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែក​ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកសវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​របស់គណបក្ស LDP

បានផុស

នៅ

នៅព្រឹក​ថ្ងៃចន្ទ​ ទី២១ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបន្តសវនាការជំនុំជម្រះជាសា​ធារណៈ​លើ​បណ្តឹង​របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ពាក់ព័ន្ធនឹងបញ្ជីឈ្មោះបោះ​ឆ្នោត​ដំបូង នេះបើតាមការបញ្ជាក់ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ 

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា សវនា​ការ​ជំនុំជម្រះនេះ នឹងធ្វើឡើងនៅអគារស នៃវិមានរដ្ឋចំការមន ក្រោមអធិបតីភាព លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ហើយនៅថ្ងៃទី២៣ ខែធ្នូ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបន្តបើកសវនាការលើសំណុំរឿងមួយទៀត ជារបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដដែល។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា សវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ទាំង២ថ្ងៃខាងលើនេះ ពាក់ព័ន្ធបណ្ដឹងរបស់​គណៈ​របស់​ភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានប្ដឹងតវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈ​កម្មាធិ​ការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធទៅនឹងបញ្ជីបោះឆ្នោតដំបូង។ 

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចច្រានចោលនូវ​ពាក្យ​បណ្ដឹង របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យម្តងរួចហើយ និងបានបិទផ្លូវតវ៉ាផងដែរ ពាក់ព័ន្ធនឹង​ការ​ចុះឈ្មោះបោះឆ្នោតនៅឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោក ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានអះអាងថា ការលើកចោលនូវពាក្យ​បណ្ដឹង​នេះ ដោយសារអ្នកប្តឹងពុំមានគុណវុឌ្ឍិក្នុងការប្តឹងមកក្រុមប្រឹក្សាធម្មនុញ្ញ ស្របតាមច្បាប់ កំណត់។ ករណី​នេះ​ចាត់ទុកជាបណ្តឹងមានលក្ខណៈផ្ទុយច្បាប់ ពីព្រោះអ្នកប្តឹងពុំមែនជាអ្នករង​ឥទ្ធិពល​ផ្ទាល់​ពី​សេចក្តី​សម្រេច​របស់ គ.ជ.ប នោះ​ទេ។

បើតាមអ្នកនាំពាក្យរូបនេះ ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ យោងទៅតាមមាត្រា១៦៤ នៃច្បាប់ស្តីពី​ការបោះឆ្នោត និងផ្អែកលើមាត្រា ២៦.៦ថ្មី និងមាត្រា ២៨ថ្មី នៃច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅ​នៃក្រុម​ប្រឹក្សាធមន្មនុញ្ញ។

មាត្រា១៦៤ នៃច្បាប់ស្តីពីការបោះឆ្នោត បានគូសបញ្ជាក់ថា បុគ្គលដែលទទួលរងឥទ្ធិពលដោយផ្ទាល់​ពី​សេចក្តី​សម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចប្តឹងតវ៉ាជា​​លាយលក្ខណ៍អក្សរ​ទៅ​ក្រុម​ប្រឹក្សាធម្មនុញ្ញក្នុងអំឡុងពេល ៧២ម៉ោង បន្ទាប់ពី​កាលបរិច្ឆេទ​ទទួលបាន​សេចក្ដី​សម្រេច។

ដោយឡែកមាត្រា ២៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្ម មាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និង​មាត្រា​៣២ នៃច្បាប់ស្តីពីការរៀបចំ និង​ការប្រព្រឹត្ត​ទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ បានកំណត់ថា បណ្ដឹង​ដែល​មាន​លក្ខណ:ផ្ទុយច្បាប់ ដែលចំណុចខ្វះខាតមិនអាចកែតម្រូវបាន ក្រុមប្រឹក្សាធម្មនុញ្ញអាច​សម្រេចលើក​បណ្តឹងចោលដោយមិនចាំបាច់ឆ្លងកាត់ការទាញហេតុផល។

​សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក ម៉ក់ តាំងយូ តំណាងទទួលសិទ្ធិពីឈ្មោះ នៅ សំ​អាត ដែលជាតំណាងឱ្យអ្នកប្តឹងដំបូងឈ្មោះ យ៉ុន យឿម ជាភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រ​ជាធិបតេយ្យ បានប្តឹងទៅ គ.ជ.ប ឱ្យដាក់ពិន័យក្រុមចុះឈ្មោះបោះឆ្នោត និងលុបចោលការ​ផ្ទេរ​ចូលរបស់ប្រជាពលរដ្ឋ​មួយ​ចំនួននៅក្នុងឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បន្ទាប់ពីពួកគេអះអាងថា ការចុះឈ្មោះនោះធ្វើខុសនឹង​នីតិវិធី​នៃការចុះបញ្ជីឈ្មោះបោះឆ្នោត។

បន្ទាប់ពីបានទទួលបណ្តឹងនោះ គ.ជ.ប ក៏បានយកមកពិនិត្យ និងស្រាវជ្រាវលើបញ្ហាទាំងអស់នេះ ហើយឈានដល់សេចក្តីសម្រេចមួយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។ ក្រុមប្រឹក្សាជំនុំជម្រះ នៃគ.ជ.ប បានសម្រេចបដិសេធចោលបណ្តឹងនេះដោយខុសនឹងគតិច្បាប់។

ក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើក​ឡើង​ថា ប្រជាពលរដ្ឋទាំង១២នាក់ ដែលភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្តឹងនេះ មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ ដើម្បី​មានឈ្មោះក្នុងបញ្ជី បោះឆ្នោតនៃឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្របតាមមាត្រា៤៦ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ក៏ប៉ុន្តែសាមីខ្លួនពុំមានឯកសារយោងគ្រប់គ្រាន់​ដើម្បី​ចុះឈ្មោះបោះឆ្នោត ស្របតាមលក្ខខណ្ឌកំណត់ក្នុងមាត្រា៥១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំ​ណាងរាស្ត្រ និងក្រោមចំណុច៦.៤.៦ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះ​ឈ្មោះ បោះឆ្នោតប្រចាំឆ្នាំ។

ក្រុមប្រឹក្សាជំនុំជម្រះបន្ថែមថា ក្រុមចុះឈ្មោះបោះឆ្នោតនៃឃុំបួរ ពុំបានប្រព្រឹត្តដោយចេតនា​ទុច្ចរិត​ចុះ​ឈ្មោះ​បោះឆ្នោតដល់ប្រជាពលរដ្ឋ ដែលពុំបំពេញលក្ខខណ្ឌគ្រប់គ្រាន់អាចបោះឆ្នោតបាននោះទេ។ ក្រុមចុះឈ្មោះបោះឆ្នោតនៃឃុំបួរ ពុំបានប្រព្រឹត្តអំពើក្លែងបន្លំឯកសារបញ្ជាក់ អត្តសញ្ញាណជូនជនណាម្នាក់ ដើម្បីប្រើសម្រាប់ការ ចុះឈ្មោះបោះឆ្នោតនោះទេ។

ក្រុមប្រឹក្សាជំនុំជម្រះ ក៏បានរកឃើញថា ប្រធានក្រុមចុះឈ្មោះបោះឆ្នោតនៃឃុំបួរ អនុវត្តនីតិវិធី ចុះឈ្មោះ​បោះឆ្នោតជូនប្រជាពលរដ្ឋ មិនបានត្រឹមត្រូវស្របតាមគោលការណ៍កំណត់ក្នុងចំណុច ៦.៤.២៤ នៃបទ​បញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលគប្បីគណៈកម្មា​ធិការ​ជាតិរៀបចំការបោះឆ្នោត គួរធ្វើការក្រើនរំលឹកដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោតឱ្យដឹងពីកំហុសឆ្គង ជៀសវាងការប្រព្រឹត្តកំហុសឆ្គងនេះម្ដងទៀតនៅពេលក្រោយ។

ក្នុងសេចក្តីសម្រេច ក៏បានបញ្ជាក់ថា ការជំទាស់អំពីភាពមានសិទ្ធិមានឈ្មោះ​ក្នុងបញ្ជីបោះឆ្នោតនៃជន​ណា​ម្នាក់ ត្រូវធ្វើឡើងតាមរយៈពាក្យបណ្ដឹងជំទាស់នៅពេលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង តាម​លក្ខខណ្ឌ​ដូច​មានចែងក្នុងមាត្រា ៦១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ​។

ក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះរបស់ គ.ជ.ប បានគូសបញ្ជាក់ដែរថា បណ្ដឹង​របស់លោក ម៉ក តាំងយូ ពុំមាន​មូលដ្ឋាន​គតិយុត្តិ​ត្រឹមត្រូវ ដែលអាចឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់ពិន័យ​ក្រមចុះឈ្មោះបោះឆ្នោតនៃឃុំបួរ ស្របតាម​បញ្ញត្តិ​នៃមាត្រា ១៤១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើស​តាំងតំ​ណាងរាស្ត្រនោះឡើយ៕ 

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម