ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន៖ ស្ថានភាពឆ្លងរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជាធូរស្បើយ ប៉ុន្ដែលើសកលលោកនៅមិនទាន់
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ មានប្រសាសន៍ថា ថ្វីដ្បិតតែ ស្ថានភាពនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជាមានភាពធូរស្បើយល្អប្រសើរក៏ពិតមែន ប៉ុន្ដែយើងទាំងអស់គ្នាមិនត្រូវភ្លេចខ្លួន ដោយសារនៅលើសកលលោកនេះ ស្ថានភាពឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅមានសភាពមិនទាន់ ធូរស្បើយនៅឡើយ។

ប្រសាសន៍នេះ បានលើកឡើងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងសារជាសំឡេងក្រើនរំលឹក ស្តីពី យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដល់មន្រ្តីជួរមុខ និងក្រុមគោលដៅអាទិភាព ចាប់ពី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ការទទួលយកនូវវ៉ាក់សាំងកូវីដ-១៩ ដូសទី៥នេះ គឺជាការជួយបង្កើននូវភាពស៊ាំនៅក្នុងសរីរាង្គរបស់បុគ្គលផង និង រក្សានូវភាពរឹងមាំនៃភាពស៊ាំសហគមន៍របស់យើង ដើម្បីឆ្ពោះទៅរកការរស់នៅធម្មតានៅក្នុងប្រក្រតីភាពថ្មីរបស់យើងនេះ នៅក្នុងការចូលរួមបន្តទប់ស្កាត់ នូវការវ៉ៃលុកពីវីរុសកូវីដ-១៩ ជាពិសេសគឺពពួកបំប្លែងថ្មីៗ និង កាត់បន្ថយបានជាអតិបរមានូវអត្រាមរណភាពដោយសារជំងឺកូវីដ-១៩។ ថ្វីត្បិតតែស្ថានភាពនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្បើយល្អប្រសើរក៏ពិតមែន ប៉ុន្ដែយើងទាំងអស់គ្នាមិនត្រូវភ្លេចខ្លួន ដោយសារនៅលើសកលលោកនេះ ស្ថានភាពឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅមានសភាពមិនទាន់ ធូរស្បើយនៅឡើយ ហើយយើងក៏ត្រូវតែបន្តការប្រុងប្រយ័ត្នរបស់យើងធ្វើយ៉ាងណាដើម្បីកុំឱ្យមានការផ្ទុះឡើងវិញនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដែលយើងទាំងអស់គ្នាធ្លាប់ឆ្លងកាត់នៅក្នុងរយៈពេលកន្លងរួចមកហើយ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍បន្តថា៖ “ខ្ញុំសុំធ្វើការអំពាវនាវហើយអំពាវនាវទៀត សូមបងប្អូនយើងទាំងអស់យកចិត្តទុកដាក់លើការទទួលយកនូវការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ នេះឱ្យបានគ្រប់គ្រប់គ្នា ទៅតាមក្រុមគោលដៅ ដែល គ.វ.ក-១៩ បានចេញផ្សាយនូវសេចក្ដីជូនព័ត៌មាន តាំងពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះរួចហើយ។ ទន្ទឹមនឹងនោះខ្ញុំសូមធ្វើការអំពាវនាវដ៏ទទូចទៅដល់បងប្អូនយើងទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមបន្តមកទទួលយកនូវវ៉ាក់សាំងកូវីដ-១៩ ទាំងដូសទី១ ទាំងដូសទី២ ទាំងដូសទី៣ និងដូសទី៤ ឱ្យបានគ្រប់គ្រប់គ្នា ដើម្បីការពារសរីរាង្គរបស់បុគ្គល ដើម្បីចូលរួមចំណែកធ្វើយ៉ាងណាឱ្យការរស់នៅរបស់បងប្អូនមានភាពរឹងពឹង មានភាពរឹងមាំទប់ស្កាត់ពីការវ៉ៃលុកខ្លាំងក្លានៃវីរុសកូវីដ-១៩ ដែលអាចនឹងកើតមានឡើងជាយថាហេតុ។ នេះគឺជាចំណុចសំខាន់ដែលខ្ញុំសូមអំពាវនាវហើយអំពាវនាវទៀត សូមឱ្យបងប្អូនយកចិត្តទុកដាក់ខ្ពស់លើការចាក់វ៉ាក់សាំងកូវីដ-១៩ នេះឱ្យបានគ្រប់គ្រប់គ្នា”។

គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមិថុនានេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង ៣១,៨ លាននាក់ ក្នុងនោះអាស៊ានមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ សរុបជាង ៣៥ ម៉ឺននាក់។
បើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ-១៩ លើពិភពលោក WORLDOMETER បានបង្ហាញថា បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៧ ពាន់នាក់។ វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លងច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែមិថុនា ម្សិលមិញនេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា កម្ពុជាមិនមានអ្នកឆ្លងកូវីដ-១៩ រយៈពេល២៩ថ្ងៃជាប់ៗគ្នា។ គិតត្រឹមថ្ងៃដដែលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦ ២៦២ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៣ ២០៥ នាក់ ស្លាប់សរុបចំនួន ៣ ០៥៦ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ