ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន៖ មិនមានករណីឈឺ ស្លាប់ដោយសារកូវីដ-១៩ ជាចំណុចខ្លាំងរបស់កម្ពុជា
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា មិនមានរកឃើញករណីឈឺ ដែលបញ្ជាក់ដោយម៉ាស៊ីនធំ CPR ហើយមិនមានករណីស្លាប់ រយៈពេលជាង១ខែជាប់គ្នានេះ គឺជាចំណុចខ្លាំងល្អប្រសើររបស់កម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា របាយការណ៍ក្រសួងសុខាភិបាល មិនមានរកឃើញករណីឈឺជំងឺកូវីដ១៩ ដែលបញ្ជាក់ដោយម៉ាស៊ីនធំ CPR ហើយមិនមានករណីស្លាប់ជាង១ខែជាប់គ្នានេះ គឺជាចំណុចខ្លាំងល្អប្រសើររបស់កម្ពុជា ហើយជាចំណុចខ្លាំងបង្ហាញអំពីសមត្ថភាពនៃការគប់គ្រងពិតប្រាកដ និងភាពវៃឆ្លាតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនោះការចូលរួមទទួលយកនូវវ៉ាក់សាំងកូវីដ-១៩ និងការអនុវត្តនូវវិធានការការពាររបស់ប្រជាពលរដ្ឋ ក៏ជាកត្តាសំខាន់នៃការសម្រេចបាននូវលទ្ធផលមិនមានករណីឈឺ និងមិនមានករណីស្លាប់នេះ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បញ្ជាក់ថា៖ “ខ្ញុំយល់ឃើញថា ការគ្រប់គ្រង និងការឆ្លើយតបជំងឺកូវីដ-១៩ នៅកម្ពុជា មានស្ថានភាពល្អប្រសើរ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង។ អ្វីដែលជាការងារសំខាន់គឺការសម្រេចចិត្តដ៏ត្រឹមត្រូវ បំផុតប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោ លើការស្រោចស្រពវ៉ាក់សាំងកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស មិនថាប្រជាជនកម្ពុជា មិនថាជនបរទេស គឺទទួលបាននូវវ៉ាក់សាំងកូវីដ-១៩ ដោយមិនមានការបង់ថ្លៃអីទេ”។

លោកស្រី មានប្រសាសន៍បន្ថែមថា៖ “នេះជាចំណុចដ៏ល្អប្រសើរ ការគិតគូរ ទឹកចិត្តស្រឡាញ់ប្រជាជនកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខ និងសុខុមាលភាពប្រជាពលរដ្ឋទូទៅ។ ការស្រោចស្រពវ៉ាក់សាំងកូវីដ-១៩ ទាន់ពេលវេលា បានអនុញ្ញាតយើងមានការបើកដំណើរការប្រទេស ប្រកបរបរទទួលទានចិញ្ចឹមជីវិត របស់ក្រុមគ្រួសារ ក៏ដូចជា ការជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ ដែលកំពុងតែដំណើរការនាពេលបច្ចុប្បន្ននេះ”។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា វ៉ាក់សាំង ជាឧបករណ៍ដ៏សំខាន់ដែលជួយសង្គ្រោះអាយុជីវិតមនុស្ស ហេតុដូច្នេះហើយបាន សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចចិត្តឲ្យបន្តដល់ការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជាបន្តបន្ទាប់។ ហើយនៅថ្ងៃខាងមុខ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ កម្ពុជានឹងមានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដល់ក្រុមជួរមុខ និងក្រុមគោលដៅផ្សេងផ្សេងទៀត។ ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមអញ្ជើញបន្តទទួលយកនូវវ៉ាក់សាំងកូវីដ-១៩ ទាំងដូសទី១ ដូសទី២ ដូសទី៤ ដែលក្រុមគ្រូពេទ្យនៅទូទាំងប្រទេស។

លោកស្រីវេជ្ជបណ្ឌិត មានប្រសាសន៍ថា៖ “សូមបងប្អូនកុំភ្លេចខ្លួនឱ្យសោះថា ក្នុងបរិបទដែលកម្ពុជាមិនមានរកឃើញករណីឆ្លងកូវីដ-១៩ ក៏ដូចជាមិនមានករណីស្លាប់ តែយើងក៏មិនត្រូវធ្វេសប្រហែស បន្តវិធានការបង្ការ ចាក់វ៉ាក់សាំង បន្តធ្វើយ៉ាងណាដើម្បីរក្សានូវភាពស៊ាំនៅក្នុងសរីរាង្គរបស់បុគ្គល ក៏ដូចជាភាពស៊ាំរបស់សហគមន៍ឱ្យមានភាពរឹងមាំជាប់ជានិច្ច ដើម្បីធានាបាននូវនិរន្តរភាពនៃការ រស់នៅជាធម្មតាក្នុងប្រក្រតីភាពថ្មី និងចូលរួមបន្តទប់ស្កាត់កុំឱ្យមានការស្ទុះឡើងវិញដោយការរាតត្បាតនៃជំងឺកូវីដ-១៩ ដូចដែលយើងទាំងអស់គ្នាធ្លាប់បានឆ្លងកាត់កន្លងមក”។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ-១៩នោះទេ រយៈពេល ៣១ថ្ងៃជាប់ៗគ្នា ខណៈអ្នកជំងឺជាសះស្បើយ ១នាក់ និងអ្នកស្លាប់ គ្មាន។ គិតត្រឹមថ្ងៃដដែលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦ ២៦២ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៣ ២០៦ នាក់ ស្លាប់សរុបចំនួន ៣ ០៥៦នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ