ព័ត៌មានជាតិ
អង្គការបារាំង ពិនិត្យសុខភាព និងផ្ដល់ឧបករណ៍ជំនួយការស្ដាប់ ជូនកុមារគថ្លង់ឡើងវិញ
អង្គការ ESC មកពីប្រទេសបារាំង បានចាប់ផ្ដើមបេសកកម្មការងារ ជួយថែទាំពិនិត្យសុខភាព និងផ្ដល់ឧបករណ៍ជំនួយការស្ដាប់ ដល់កុមារគថ្លង់នៅកម្ពុជាជាថ្មីឡើងវិញ ក្រោយពីបានខកខានរយៈពេលពីរឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។

អង្គការ ESC ដែលមានលោក ហ្សង់ប៉ូល (Jean Paul) ជាស្ថាបនិក បានដឹកនាំក្រុមការងារ មកពិនិត្យសុខភាពត្រចៀក ក៏ដូចជាផ្ដល់ឧបករណ៍ជំនួយការស្ដាប់ ជូនកុមារគថ្លង់ នៅសាលាអប់រំពិសេសទាំង ៥នៅកម្ពុជា។ ជាក់ស្ដែងនៅថ្ងៃទី ៧ ខែមិថុនា ក្រុមការងារនៃអង្គការ ESC ដែលមកពីប្រទេសបារាំងនេះ កំពុងបំពេញបេសកកម្មការងាររបស់ខ្លួន ជូនសិស្សជាង ១០០នាក់ នៅទីតាំងវិទ្យាល័យ អប់រំពិសេស ច្បារអំពៅ ទៅតាមតម្រូវការជាក់ស្ដែង។

លោក ហ្សង់ប៉ូល បានមានប្រសាសន៍ថា លោកបានចាប់ផ្ដើមការងារជួយកុមារគថ្លង់នៅកម្ពុជា តាំងពីឆ្នាំ ២០០១ មកម្ល៉េះ ហើយក៏បានជួយដល់កុមារកម្ពុជាជាច្រើនផងដែរ។ លោកបន្តថា ក្រៅការផ្ដល់ជូននូវឧបករណ៍ជំនួយការស្ដាប់នេះ បេសកកម្មរបស់អង្គការក៏ផ្ដោតលើការបណ្ដុះបណ្ដាលគ្រូបង្រៀននៅសាលាអប់រំពិសេសផងដែរ។

លោក ម៉ែន សុវណ្ណ ជានាយកវិទ្យាល័យ អប់រំពិសេស ច្បារអំពៅ បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្នវិទ្យាល័យ អប់រំពិសេស ច្បារអំពៅ មានសិស្សជាកុមារគថ្លង់ចំនួន ១២១នាក់ កំពុងសិក្សា និងមានមួយចំនួន គឺស្នាក់នៅក្នុងទីតាំងសាលាផ្ទាល់។ កុមារទាំងអស់ សុទ្ធតែទទួលបានការត្រួតពិនិត្យ ក៏ដូចជានឹងអាចទទួលបានឧបករណ៍ជំនួយការស្ដាប់ទៅតាមស្ថានភាពជាក់ស្ដែង ដោយកុមារខ្លះត្រូវប្រើប្រាស់ឧបករណ៍ជំនួយការស្ដាប់ទាំងសងខាង រីឯកុមារខ្លះត្រូវការតែម្ខាង ឬក៏ពុំត្រូវការ។

លោកបានថ្លែងអំណរគុណចំពោះសកម្មភាពរបស់អង្គការ ESC ដែលបានជួយពិនិត្យសុខភាព និងផ្តល់ឧបករណ៍ជំនួយការស្តាប់ដល់សិស្សវិទ្យាល័យ អប់រំពិសេស ច្បារអំពៅ ព្រោះជំនួយទាំងនេះ ពិតជាមានសារៈសំខាន់សម្រាប់កុមារគថ្លង់ ខណៈដែលសាលាពុំទាន់មានលទ្ធភាពគ្រប់គ្រាន់នៅឡើយ។

លោក ម៉ែន សុវណ្ណ បានបញ្ជាក់ថា បច្ចុប្បន្ននេះវិទ្យាល័យ អប់រំពិសេស ច្បារអំពៅ ក្រៅពីការផ្ដល់ការសិក្សាពិសេសជូនកុមារគថ្លង់ តាមរយៈភាសាកាយវិការ សាលាក៏ផ្ដល់ជូនការស្នាក់នៅ អាហារជូនកុមារដោយពុំគិតថ្លៃផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ