ព័ត៌មានជាតិ
លោកជំទាវឧបនាយករដ្ឋមន្ត្រី ជំរុញមន្ទីរចំណុះខេត្តស្វាយរៀង ត្រូវសហការគ្នាឲ្យល្អ ក្នុងការជួយពលរដ្ឋ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជំរុញឲ្យមន្ទីរចំនួន៤ គឺមន្ទីរសាធារណការ និងដឹកជញ្ជូន , មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,មន្ទីរអភិវឌ្ឍន៍ជនបទ ,និងមន្ទីរធនធានទឹក និងឧតុនិយម ចំណុះខេត្តស្វាយរៀង ត្រូវសហការគ្នាឲ្យល្អក្នុងការជួយដល់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធពេលទឹកបានស្រកទៅវិញ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញសួរសុខទុក្ខ និងចែកអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ ១១អង្គភាព ដែលជាកម្លាំងអន្តរាគមន៍ជួយប្រជាពលរដ្ឋ។ ក្នុងនោះ ប្រជាពលរដ្ឋចំនួន៥២គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង នៅខេត្តស្វាយរៀង នារសៀល ថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី នូវក្តីនឹករលឹក និងការគិតគូរ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាធំ។ ជាពិសេស សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចុះជួបបន្ទាន់ និងចែកអំណោយដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខណៈទទួលរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ពុំបានទុកប្រជាពលរដ្ឋណាម្នាក់ចោលដោយអត់អាហារ និងពុំបានដោះស្រាយជូនពួកគាត់នោះទេ។ នៅក្នុងកាលៈទេសៈដែលតំបន់មួយចំនួន នៃប្រទេសកម្ពុជាកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងបានជួយដោះស្រាយប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ រួមជាមួយគោលនយោបាយគាំពារសង្គម ដើម្បីជួយដល់កម្មករ កម្មការិនី ជាដើម ។ល។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព និងសុវត្ថិភាព គឺ ៖
ទី១. សូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់ មើលថែទាំឲ្យបានល្អ និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះដែលអាចកើតឡើងជាយថាហេតុ។

ទី២. សូមប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទនាពេលទឹកឡើង និងពេលទឹកស្រកទៅវិញ ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត។
ទី៣. សូមគិតគូរពីសុខភាព និងការរក្សាអនាម័យ ការពារនូវជំងឺកូវីដ-១៩ ធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារ ត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឲ្យកើតមានជំងឺរាករូស ឬជំងឺរាតត្បាតនានា។
ទី៤. នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឲ្យបានស្អាត និងមានអនាម័យ ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានជំរុញឲ្យមន្ទីរជំនាញទាំង៤រួមមាន ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ,មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , មន្ទីរអភិវឌ្ឍន៍ជនបទ , មន្ទីរធនធានទឹក និងឧតុនិយម ត្រូវសហការគ្នាឲ្យល្អ ជំរុញ និងជួយដល់ប្រជាពលរដ្ឋ ក្នុងការផ្តល់គ្រាប់ពូជ និងហេដ្ឋារចនាសម្ព័ន្ធ នៅពេលដែលទឹកបានស្រកទៅវិញ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភជាមួយរាជរដ្ឋាភិបាល ដើម្បីសង្គ្រោះប្រជាពលរដ្ឋដោយទឹកជំនន់នាពេលនេះ។ បន្ថែមពីនេះ ក៏ដូចជាការចូលរួមចំណែក តាមរយៈ លោកជំទាវផ្ទាល់ និងថ្លែងអំណរគុណដល់អភិបាលខេត្តរាជធានីភ្នំពេញ កម្លាំងប្រដាប់អាវុធ ប្រជាការពារភូមិ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានរួមដៃគ្នាសស្រាក់សស្រាំក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។
អំណោយសម្រាប់៥២គ្រួសារ ដែលទទួលបាននាពេលនេះ រួមមាន មួយគ្រួសារ ទទួលបានអង្ករ ក្រណាត់កៅស៊ូតង់ ធុងទឹកជ័រ មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ កន្ទេលបត់ ឃីត និងថវិកា៥ម៉ឺនរៀល។ ចំណែកឯអង្គភាពទាំង១១ ទទួលបាន មី អង្ករ ទឹកដោះគោ និងទឹកសុទ្ធផងដែរ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី