ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង ប្រជុំស្វែងរកទីផ្សារលក់ផលិតផលផ្លែឈើជូនកសិករនៅឃុំទួលគគីរ
កោះកុង ៖ បន្ទាប់ពីការត្អូញត្អែររបស់កសិករឃុំទួលគគីរអំពីកង្វះការបញ្ជាទិញទុរេ មង្ឃុត និងសាវម៉ាវពីក្រុមឈ្នួញកណ្តាល ខណៈឆ្នាំនេះទិន្នផលហុចផលច្រើន រដ្ឋបាលខេត្តកោះកុង បានកោះហៅមន្ទីរជំនាញមកប្រជុំស្វែងរកដំណោះស្រាយ។
ការប្រជុំពិភាក្សាជាលក្ខណចាំបាច់នេះ ធ្វើឡើងផ្តោតទៅលើការរកទីផ្សារលក់ផលិតផលកសិកម្មខេត្តកាន់តែទូលំទូលាយជូនដល់ប្រជាកសិករឃុំទួលគគីរ និងប្រជាកសិករទូទាំងខេត្តផងដែរ។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ទទួលស្គាល់ថា ឆ្នាំនេះទិន្នផលកសិកម្មផ្លែឈើហូបផ្លែកើនផលល្អច្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែអ្វីដែលលោកបារម្ភគឺកសិករមិនទាន់ចេះស្វែងដៃគូទីផ្សារមកទិញដល់ចម្ការ ឬកាត់យកទៅលក់ជូនអតិថិជន គ្រាបរិមាណទុរេខេត្តណាក៏មានអ្នកដាំដុះច្រើន។
លោកអភិបាលរងខេត្ត ក៏បានណែនាំដល់ប្រធានមន្ទីរពាណិជ្ជកម្ម កសិកម្ម និងសភាពាណិជ្ជកម្ម ត្រូវចាប់ដៃគ្នាចុះពិនិត្យស្រាវជ្រាវស្រង់ស្ថិតិអំពីទំហំផលិតផលដែលទទួលបាន និងចំនួនប្រជាពលរដ្ឋធ្វើកសិកម្មដាំដុះដំណាំទុរេ មង្ឃុត និងសាវម៉ាវ ថាតើមានប៉ុន្មានគ្រួសារ ដើម្បីអាចឱ្យខេត្តពិចារណាថានឹងរកដំណោះស្រាយបែបសម្រាប់លក់ទុរេអស់ពីចម្ការ និងផ្តល់ផលចំណេញជូនកសិករ។
លោក សុខ សុទ្ធី បន្ថែមថា ក្រៅបានស្ថិតិហើយ សូមមន្ត្រីជំនាញបង្ហាត់បង្រៀនដល់កសិករពីរបៀបបង្កើតជាបណ្តុំកសិកម្ម និងរបៀបផ្សព្វផ្សាយអំពីផលិតផលរបស់ខ្លួនដ៏គួរឱ្យទាក់ទាញអ្នកមកទិញ។ លោកក៏កោតសរសើរចំពោះកសិករដែលមានជំនាញបច្ចេកទេសដាំដុះកសិកម្មហើយទទួលបានផលល្អមិនចាញ់ប្រទេសជិតខាង។ ទោះជាប្រភេទដាំដុះលក្ខណៈគ្រួសារ ឬប្រភេទអាជីវកម្ម។
គួរជម្រាបថា ការប្រជុំរកទីផ្សារលក់ផលិតផលផ្លែឈើហូបផ្លែរបស់រដ្ឋបាលខេត្តកោះកុង ធ្វើឡើងមិនសំដៅតែកសិករឃុំទួលគគីរ ស្រុកមណ្ឌលសីមា មួយនោះទេ ពោលគឺផ្តោតទៅលើស្រុកដទៃទៀតក្នុងខេត្តកោះកុងដែលបង្កបង្កើនផលកសិកម្ម។
មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តកោះកុង លើកឡើងថា មន្ទីរតែជួយគាំទ្រផលិតផលដែលកសិករសម្រេចបាន ដើម្បីឱ្យពួកគាត់មានទឹកចិត្តបន្តធ្វើអាជីវកម្មថែមទៀត សម្រាប់ជីវភាព តាមរយៈការស្វែងរកដៃគូអាជីវកម្ម និងដាក់តាំងពិព័រណ៍ផ្លែឈើនៅតាមទីសាធារណៈ ឬកម្មវិធីសំខាន់ៗក្នុងខេត្ត។
មន្ត្រីអះអាងថា បរិមាណផលិតផលបំពេញតម្រូវការផ្គត់ផ្គង់កើនឡើងនៅលើទីផ្សារ ធ្វើឱ្យតម្លៃលក់ថយចុះគ្រាមានទីផ្សារសេរី។ តែទោះយ៉ាងណា មន្ទីរពុំព្រងើយកន្តើយនឹងផលលំបាករបស់កសិករនោះទេ មន្ទីរដំឡើងតង់ជូនកសិករដែលអាចលក់ដូរនៅមន្ទីរពាណិជ្ជកម្មតាមលទ្ធភាព។
ដោយឡែក លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង មានមតិយោបល់ថា តម្លៃលក់ចេញថយចុះ ពិតណាស់ធ្វើឱ្យប៉ះពាល់ដល់កសិករ និងជីវភាពដែលបានមកពីការដំណាំកសិកម្ម។ តាមលោកសង្កេតថាអត្រាហូបផ្លែទុរេទុំ មង្ឃុត និងសាវម៉ាវ ពុំសូវមានចំនួនច្រើនប៉ុន្មានទេ ព្រោះតែមកពីកត្តាសេដ្ឋកិច្ច គ្រាជីវភាពរងគ្រោះដល់កូវីដ១៩កន្លងទៅ។
លោក ម៉េងលាង យល់ថា ប្រសិនបើកម្ពុជាយើងអាចទប់ស្កាត់ការនាំចូល ឬដំឡើងពន្ធលើផលិតផលកសិកម្មពីប្រទេសជិតខាងបាន នោះលទ្ធភាពនៃការលក់ទុរេ មង្ឃុត និងសាវម៉ាវ អាចលក់បានតម្លៃ ខណៈផលិតផលដែលជាស្នាដៃកសិករនៅខេត្តកោះកុង និងខេត្តផ្សេងមានគុណភាពល្អមិនចាញ់បរទេស។ លោកស្នើសុំដល់កសិករបង្កើនគុណភាពផលិតផលឱ្យបានល្អប្រសើរ ដើម្បីប្រកួតប្រជែងនឹងផលិតផលក្រៅស្រុក។
៣ទៅ៥ឆ្នាំចុងក្រោយនេះ ខេត្តកោះកុង ត្រូវបានគេមើលឃើញថា សន្ទុះនៃការនាំគ្នាដាំដុះទុរេ សាវម៉ាវ និងមង្ឃុត កកើតច្រើននៅតាមបណ្តាស្រុកសំខាន់ៗនៅក្នុងខេត្ត។ នេះក៏ដោយសារតែកសិករម្នាក់ចំណេះដឹងច្រើនគួរសមទៅលើការបង្កបង្កើនផលកសិកម្មបែបអាជីវកម្ម។
លោកឧកញ៉ា ឯម សៀកឡន ជាអ្នកដាំទុរេលក្ខណៈអាជីវកម្ម តំណាងតំណាងកសិករ៥នាក់នៅឃុំទួលគគីរ ថ្លែងអរគុណចំពោះយន្តការដោះស្រាយស្វែងរកទីផ្សារលក់ផ្លែឈើ និងលើកកម្ពស់ផលិតផលកសិករនៅភូមិតាចាត ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្តកោះកុង។

លោកឧកញ៉ា សៀកឡន បន្ថែមថា ឆ្នាំនេះទិន្នផលទុរេកើនផលច្រើនមិននឹកស្មានដល់ ប៉ុន្តែកង្វះការបញ្ជាទិញពីទីផ្សារ ព្រោះតែទិន្នផលទុរេសំបូរពុំមែនមានតែកោះកុងមួយ បូកនឹងការនាំចូលពីប្រទេសជិតខាងផង។ គុណភាពទុរេនៅឃុំទួលគគីរ គឺមានរសជាតិឆ្ងាញ់មិនចាញ់ទុរេនាំចូលពីប្រទេសជិតទេ ប្រសិនណារកទីផ្សារលក់បានចំណេញ ជីវិតកសិករនឹងបន្តដំណើរទៅមុខ។
លោកស្រី គឹម សុខេម មេឃុំទួលគគីរ លើកឡើងដែរថា មូលដ្ឋានរបស់លោកស្រី មិនទាន់មានការចងក្រងជាបណ្តុំកសិកម្មលក់ផ្លែឈើនៅឡើយ ទើបធ្វើឱ្យលំបាកស្វែងរកទីផ្សារលក់ចេញនូវទុរេ មង្ឃុត និងសាវម៉ាវបានល្អ។

លោកស្រីមេឃុំ បន្ថែមទៀតថា ទុរេមិនអាចលក់ក្នុងតម្លៃទាបបានទេ ព្រោះទំហំនៃការដាំដុះថែទាំចំណាយច្រើន តែលក់ក្នុងតម្លៃសមរម្យអាចធ្វើឱ្យជីវភាពកសិករធូរធារគ្រាន់បើ។ ឃុំទួលគគីរមានប្រជាកសិករប្រមាណ៣០គ្រួសារប្រកបរបរកសិកម្ម ក្រៅពីនេះនេសាទ៕
អត្តបទ ៖ សិរីវឌ្ឍនៈ


-
សន្តិសុខសង្គម១៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង