ព័ត៌មានជាតិ
ក្រសួងអប់រំ យុវជន និងកីឡា ផ្តោតលើការលើកកម្ពស់គុណវុឌ្ឍិ និងជីវភាពរបស់គ្រូបង្រៀន
មន្ត្រីជាន់ខ្ពស់ នៃក្រសួងអប់រំ យុវជន និងកីឡា អះអាងថា ក្រសួង បាន និងកំពុងផ្តោតលើការលើកកម្ពស់គុណវុឌ្ឍិ និងជីវភាពរបស់គ្រូបង្រៀន ឱ្យកាន់តែប្រសើរឡើងជាលំដាប់។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ប្រាប់ “កម្ពុជាថ្មី” ថា ជារៀងរាល់ឆ្នាំ ក្រសួង ជ្រើសរើស និងបែងចែកគ្រូតាមតម្រូវការ និងលទ្ធភាពជាក់ស្តែង ដោយមានការលើកទឹកចិត្ត ជូនគ្រូបង្រៀននៅតាមតំបន់ជួបការលំបាក និងដាច់ស្រយាល។ ទន្ទឹមនឹងនេះ គ្រូបង្រៀនដែលមាន ទីតាំងភូមិសាស្រ្តផ្ទះក្នុងខេត្តគោលដៅ ហើយមានជំនាញដែលត្រូវចំតម្រូវការ នឹងទទួលបានការលើកទឹកចិត្ត។
លោក រស់ សុវាចា មានប្រសាសន៍បន្តថា៖ “គ្រូបង្រៀនទទួលបានការបណ្តុះបណ្តាលដោយ ប្រើវិធីសាស្រ្តបង្រៀនថ្មីៗ និងការប្រើបច្ចេកវិទ្យាព័ត៌មាន ក្នុងដំណើរការបង្រៀន និងរៀន។ គ្រូបង្រៀនក៏ទទួលបានវិធីសាស្រ្តបង្រៀនថ្មីៗ រួមមាន ការរៀនសូត្រសកម្ម ការរៀនបែបស្ថាបនា ការរៀនតាមបែបដោះស្រាយបញ្ហា ការរៀនតាមបែបស្រាវជ្រាវ និងការរៀនតាមបែបរិះរក រួមទាំងបច្ចេកទេសគ្រប់គ្រងថ្នាក់រៀន”។

មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ខាងលើលើកឡើងថា ការជ្រើសរើសគ្រូបង្រៀន ត្រូវឈរលើគោលការណ៍យុត្តិធ៌ម តម្លាភាព និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរៀន និងបង្រៀនក្នុងសតវត្សទី២១។ គ្រូបង្រៀនទាំងអស់ ដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា។ គ្រូបង្រៀន ជាបុគ្គលតំណាងក្រសួង ក្នុងការផ្តល់សេវាអប់រំផ្ទាល់ជូនដល់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់។ ការជ្រើសរើស និងការបណ្តុះបណ្តាលគ្រូបង្រៀនដ៏មានប្រសិទ្ធភាព គឺជា គន្លឹះ នៃកំណែទម្រង់ ប្រព័ន្ធបណ្ដុះបណ្ដាលគ្រូ និងជាយន្តការធានា ថា ឋានៈ និង តួនាទី របស់គ្រូបង្រៀនក្នុងសង្គម ត្រូវបានឱ្យតម្លៃ និងលើកកម្ពស់។
លោក រស់ សុវាចា មានបញ្ជាក់ថា ដើម្បីរួមចំណែកអនុវត្តន៍ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា បានកសាងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ២០១៩-២០២៣ ក្នុងគោលបំណងអភិវឌ្ឍន៍មូលធនមនុស្ស សម្រាប់ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

លោក រស់ សុវាចា មានប្រសាសន៍ថា៖ “ដើម្បីឆ្លើយតបនឹងចក្ខុវិស័យខាងលើ គ្រូបង្រៀន ដែលមានសមត្ថភាពខ្ពស់ គឺជាគន្លឹះក្នុងការជួយសិស្សឱ្យសម្រេចបានលទ្ធផលល្អប្រសើរក្នុងការសិក្សា។ វិធានការអាទិភាពមួយចំនួន នឹងត្រូវអនុវត្តដើម្បីសម្រេចជោគជ័យ ក្នុងកំណែទម្រង់គ្រូបង្រៀន ដូចជា ការត្រៀមរៀបចំឯកសារក្របខណ្ឌគតិយុត្ត ការជ្រើសរើសការបណ្តុះបណ្តាល ការបែងចែក ការគាំទ្រគ្រប់ផ្នែក និងការវាយតម្លៃ។ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយគ្រប់ភាគីពាក់ព័ន្ធ បាន និងបន្តយកចិត្តទុកដាក់ក្នុងការបង្កើតយន្តការទាក់ទាញ អ្នកមានសមត្ថភាព និងមានចំណូលចិត្តឱ្យចូលធ្វើការក្នុង វិជ្ជាជីវៈគ្រូបង្រៀន”។
យោងតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ បានបង្ហាញថា វិស័យអប់រំ យុវជន និងកីឡា បានសម្រេចសមិទ្ធផលជារួមធំៗចំនួន ៤ ដូចជា៖ ១. ការសម្រេចបានសូចនាករស្នូលនៃផែនការយុទ្ធសាស្ត្រអប់រំ។ ២. ការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ក្នុងក្របខ័ណ្ឌសសរស្តម្ភទាំង៥៖ ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន ការពិនិត្យឡើងវិញកម្មវិធីសិក្សា សៀវភៅសិក្សាគោល និងការកែលម្អបរិស្ថានសិក្សា ការដាក់អនុវត្តប្រព័ន្ធអធិការកិច្ច ការពង្រឹងរង្វាយតម្លៃសិក្សាមានរូបភាពផ្សេងៗ ដូចជាការប្រឡងការធ្វើតេស្តរង្វាយតម្លៃថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ និងការកែទម្រង់ឧត្តមសិក្សា។ ៣. ការអនុវត្តគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការ និង ៤. ការគ្រប់គ្រង និងអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត