ព័ត៌មានជាតិ
តើភាសាបាលី និងភាសាសំស្រ្កឹតជាភាសាតែមួយ ឬយ៉ាងណា?
ជាទូទៅនៅក្នុងប្រទេសកម្ពុជារបស់យើង នៅពេលដែលគេនិយាយពីភាសាសំស្រ្កឹតឬ ភាសាបាលី គេតែងតែនិយាយភាសាទាំងពីរនេះបញ្ជូលគ្នាតែម្តងទៅជាភាសាបាលី-សំស្រ្កឹត។ តើភាសាទាំងពីរនេះ ជាភាសាតែមួយ ឬយ៉ាងណា?

ភាសាសំស្រ្កឹត និង ភាសាបាលី ជាភាសាពីរផ្សេងគ្នា ដោយមានប្រភពមកពីប្រទេសឥណ្ឌា ប៉ុន្តែលំហូរចូលនៃភាសាទាំងពីរមកដល់កម្ពុជា គឺមិនបានហូរចូលមកក្នុងពេលតែមួយជាមួយគ្នានោះទេ។ ដោយឡែក ក៏មានប្រជាជនមួយចំនួនបាន យល់ថា ភាសាទាំងពីរនេះ ត្រូវបានប្រើប្រាស់ក្នុងភាសាតែមួយដោយមិនមានបែងចែកអ្វីឡើយ។
នៅក្នុងដើមសតវត្សទី១ នៃគ្រិស្តសករាជ ខ្មែរបានទទួលឥទ្ធិពលពីឥណ្ឌា ឬហៅថា ឥណ្ឌាភាវូបនីយកម្ម (ការទទួលយកនៃអរិយធម៌របស់ឥណ្ឌារបស់ប្រជាជនខ្មែរ)។ ធាតុសំខាន់ដែលខ្មែរបានទទួលពីឥណ្ឌា គឺ សាសនា និងភាសា។ ចំណែក ក្នុងសតវត្សទី១ ខ្មែរបានទទួលនូវឥទ្ធិពលរបស់ព្រហ្មញ្ញសាសនា ដែលគេប្រើភាសាសំស្រ្កឹត ដោយពេលនោះមិនទាន់មានការប្រើបាស់បានទូលំទូលាយនៅឡើយទេ គឺប្រើបានតែនៅក្នុងវាំង ឬ សម្រាប់ព្រះមហាក្សត្រតែប៉ុណ្ណោះ។ ចំពោះអ្នកមានឋានៈខ្ពង់ខ្ពស់ ឬ មន្ត្រីរាជការនៅក្នុងវាំង គឺចេះភាសាសំស្រ្កឹតច្រើនជាងគេ ព្រមទាំងប្រើសំស្រ្កឹតសម្រាប់ទាក់ទងគ្នា។ រីឯ ប្រជាជនធម្មតាវិញ គឺប្រើភាសាខ្មែរធម្មតា។ ចំពោះអ្នកនៅឥណ្ឌាដែលចេះភាសាសំស្រ្កឹត ត្រូវបានគេចាត់ ទុកថាជាបណ្ឌិត។

កំឡុងពេលនោះ ភាសាសំស្រ្កឹត ក៏ក្លាយជាភាសាផ្លូវការក្នុងសម័យនគរភ្នំ។ គេបានប្រើសម្រាប់និយាយ ប្រើទាំងក្នុងសាសនា ព្រមទាំងប្រើសម្រាប់កត់ត្រាឯកសារផ្សេងៗ កត់ត្រានូវពាក្យពេចន៍ទូន្មានប្រៀនប្រដៅផងដែរ។ ភាសាសំស្រ្កឹត ត្រូវបានប្រើ និងចាក់គ្រឹះក្នុងសង្គមខ្មែរ តាំងពីពេលនោះមក ។ ប៉ុន្តែមកដល់សតវត្ស ទី១១ក៏មានការផ្លាស់ប្តូរសាសនា ពីព្រហ្មញ្ញសាសនា មកព្រះពុទ្ធសាសនា [ពុទ្ធសាសនាចែកជាពីរ គឺ ពុទ្ធសាសនាមហាយានប(ប្រើលាយភាសាសំស្រ្កឹត) និង ពុទ្ធសាសនាហិនយាន(ប្រើភាសាបាលី)] ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧។
ទាក់ទិននឹងបញ្ហានេះ ព្រះភក្ខុឧត្តមវិរិយោ ហ៊ុំ សុទ្ធា សាស្រា្តចារ្យសំស្រ្កឹត នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ បានមានសង្ឃដីកាថា ភាសាបាលី និង ភាសាសំស្រ្កឹតមិនមែនជាភាសារបស់ខ្មែរនោះទេ គ្រាន់តែខ្មែរបានទទួលឥទ្ធិពលរបស់ឥណ្ឌា រួចបានខ្ចីភាសាសំស្រ្កឹត និង ភាសាបាលីមកប្រើប្រាស់។ ខ្មែរបានបង្កើតអក្សរដោយខ្លួនឯងពីសំណាក់អ្នកប្រាជ្ញខ្មែរ និងមានកម្ចីពាក្យខ្លះពី សំស្រ្កឹតផង នឹងបាលីផង ព្រោះខ្មែរមានពាក្យមិនទាន់គ្រប់សម្រាប់យកមកប្រើប្រាស់នៅឡើយ។

ព្រះភក្ខុឧត្តមវិរិយោ ហ៊ុំ សុទ្ធា មានសង្ឃដីការបន្តថា៖ “ទោះបីជាក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មានភាសាបាលីក៏ដោយ ក៏នៅតែប្រើលាយនឹងភាសាសំស្រ្កឹតដដែល រហូតដល់នៃពុទ្ធសាសនា ថេរវាទ នៅប្រទេសខ្មែរជាក់លាក់តាមរយៈ រាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលទ្រង់បញ្ជូនឱ្យទៅសិក្សានៅ ប្រទេសស្រីលង្កាអស់រយៈពេល១០ឆ្នាំ។ ទើបខ្មែរមានការប្រើនូវភាសាបាលីច្រើន។”
លោក អៀវ កើស អ្នកស្រាវជ្រាវភាសាខ្មែរបានសរសេរថា “ភាសាខ្មែរមានពាក្យសំស្រ្កឹតនិងបាលីលាយបញ្ចូលផងជាច្រើនក្រៃលែង ប៉ុន្តែភាសាយើងមិនមែននៅក្នុងអម្បូរ ឥណ្ឌូ-អឺរ៉ុប ទេ ព្រោះរបស់ដែលយើងមានដូចខ្លះនឹងភាសាក្នុងត្រកូលនេះ គ្រាន់តែជានីឃណ្តសាស្រ្ត (Sémantique) គឺខាងសេចក្ដីរបស់ពាក្យ (Vocabulaire) តែខុសគ្នាខាងសូរសាស្រ្ត (Phonétique) គឺខាងការបញ្ចូលសំឡេង វិធីអានហើយខុសគ្នាខាងរូបសាស្រ្ត (morphologie) គឺវិធីប្រើពាក្យ សម្រេចរូបពាក្យ គឺខាងវេយ្យាករណ៍ (Grammaire)”។
ពាក្យខ្មែរជាច្រើនជាពាក្យមួយម៉ាត់ ឬ មួយសូរតែវាបានកំណត់ន័យតាមអ្នកប្រើឯពាក្យបាលី-សំស្ក្រឹតជាច្រើន ជាពាក្យច្រើនម៉ាត់ ឬច្រើនសូរវាមាន ន័យផ្សេងៗ ។ ខ្មែរបានខ្ចីបាលី-សំស្ក្រឹតមកប្រើមែនតែខ្មែរ បានអនុវត្តតាម វិធីកម្លាយ វិធីសន្ធិ វិធីសមាស ខ្មែរនីយកម្ម ។ ភាសាបាលី-សំស្ក្រឹតជាភាសាមួយសម្បូរវេយ្យាករណសាស្ត្រ ដោយច្បាស់លាស់ មិនមែនចេះតែថាដោយគ្មានគោលសូត្រនោះទេ។ គឺមានសូត្រឬក្បួននៃស័ព្ទទំាងនោះត្រឹមត្រូវណាស់។

ពាក្យបាលី-សំស្ក្រឹត អាចបង្កើតឡើងដោយវិធីកម្លាយនិងវិធីបន្សំដែរ ។ លក្ខណៈនៃការសម្គាល់នូវពាក្យ បាលី-សំស្រ្កឹត មានដូចជា មិនប្រើបន្តក់ (កល ផល កុហក មង្គល…) មិនប្រើសញ្ញាលេខទោ [ ៗ ] (នានា) មានប្រើសញ្ញាទណ្ឌឃាត (ឧទាហរណ៍ ទេសចរណ៍ ទូរទស្សន៍ ប្រសាសន៍…) ប្រើសំយោគសញ្ញា (ព័ត៌មាន ការិយាល័យ វិទ្យាល័យ…) ប្រើរបាទ (ពណ៌ ធម៌ សួគ៌…) ប្រើព្យញ្ជនៈប្រកប គ ជ ទ ព ភ (មុជ បរិភោគ ប្រមាទ លាភ ប្រភព…)។
គួរបញ្ជាក់ថា ភាសាខ្មែរត្រូវបានអ្នកប្រាជ្ញមួយចំនួនធំនៅកម្ពុជាបានយល់ឃើញថា មានការបង្កើតឡើងដោយបុព្វបុរសខ្មែរ ដោយមិនបានយកអក្សរឥណ្ឌាមកប្រើប្រាស់នោះឡើយ គ្រាន់តែខ្មែរបានខ្ចីពាក្យពី ភាសាបាលីនិងសំស្រ្កឹតមានប្រភពមកពីឥណ្ឌាមកប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន ព្រោះពាក្យខ្មែរមានមិនទាន់គ្រប់សម្រាប់ក្នុងការប្រើប្រាស់៕
អត្ថបទ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ