ព័ត៌មានជាតិ
ផែឈើខ្នាតតូចចំនួន ៣ សង់ឡើងតាមបំណងរបស់ពលរដ្ឋ នៅឃុំអណ្តូងទឹក
ផែឈើខ្នាតតូចចំនួន ៣ កំពុងសាងសង់ឡើងតាមសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋក្នុងសហគមន៍ឃុំអណ្តូងទឹក ដើម្បីផ្តល់ភាពងាយស្រួលដឹកជញ្ចូន ភោគផលនេសាទ និងវិស័យទេសចរណ៍។ ក្រោមជំនួយសប្បុរសជន ផែសង់ពីឈើចំនួន ៣កន្លែង នៅក្បែរស្ពានអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការគាំទ្រយ៉ាងខ្លាំងពីតំណាងប្រជាពលរដ្ឋ ដែលប្រកបមុខរបរនេសាទសមុទ្រ និងដឹកជញ្ចូនភ្ញៀវទេសចរ ទៅលេងកម្សាន្តតាមរមណីយដ្ឋាន អេកូទេសចរធម្មជាតិជីផាត់។

តំណាងប្រជាសហគមន៍នេសាទឃុំអណ្តូងទឹក លោក សាត សាខន បានឲ្យដឹងកាលពីរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២២ថា តម្រូវការចង់បានយូរឆ្នាំមកហើយ ផែលើកដាក់ទិន្នផលនេសាទ ចតទូក និងផែទេសចរណ៍ ទើបតែមានពេលនេះ ពួកគាត់បានដូចក្តីបំណងហើយ។ លោក សាត សាខន រំពឹងថា ផែឈើកំពុងធ្វើនេះ នឹងផ្តល់ផលប្រយោជន៍ជាសាធារណៈរួមគ្នា សម្រាប់ការដឹកជញ្ចូនក្តាម បង្គារ ត្រី មឹក យកទៅលក់នៅទីផ្សារបានកាន់តែឆាប់រហ័ស ពុំជាការលំបាកដូចពេលមុនឡើយ។

លោក ណូ រីយ៉ា តំណាងខ្មែរឥស្លាមឃុំអណ្តូងទឹក លើកឡើងថា ពួកគាត់សូមអរគុណចំពោះអាជ្ញាធរមូលដ្ឋាន និងសប្បុរសជន ដែលគិតគូរពីភាពលំបាករបស់ពួកគាត់ ក្នុងនាមជាអ្នកនេសាទ។ ផែនេះនឹងផ្តល់ប្រយោជន៍ ដល់បងប្អូនខ្មែរឥស្លាមប្រមាណ ១០០គ្រួសារ ដែលប្រកបរបរនេសាទសមុទ្រ។ បើគ្មានផែឈើថ្មីទេ ពួកគាត់ ក៏ដូចជាអ្នកនេសាទដ៏ទៃ នៅតែជួបការលំបាកលុយភក់បន្តហើយ។

ដោយឡែកអ្នកស្រី ឆៃ ហួន តំណាងសហគមន៍ទេសចរណ៍ឃុំអណ្តូងទឹក ថ្លែងថា យូរឆ្នាំហើយដែរ ដែលពួកគាត់ធ្លាប់ស្នើសុំធ្វើផែ និងស្ពានខ្នាតតូច ដើម្បីអាចឲ្យអ្នកទេសចរចុះឡើងទៅកម្សាន្ត នៅតំបន់អេកូទេសចរធម្មជាតិជីផាត់ តែអាជ្ញាធរពន្យល់ថា ឃុំពុំទាន់មានថវិកាសាងសង់នោះទេ។ ទើបតែខែមេសាកន្លងទៅ សប្បុរសជនយល់ពីការលំបាករបស់ពលរដ្ឋ ក៏សហការជាមួយអាជ្ញាធរឃុំ ចាប់ផ្តើមធ្វើផែឈើខ្នាតតូចនេះតែម្តង។

ដូច្នេះអ្នកស្រី ឆៃ ហួន និងប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ថ្លែងអំណអរគុណចំពោះសប្បុរសជនគ្រប់រូបដែលបានផ្តល់ ផែឈើ ៣កន្លែង ទុកជាប្រយោជន៍មូលដ្ឋាន ហើយពួកគាត់នឹងរួមគ្នាថែរក្សាឲ្យគង់វង្សយូរអង្វែងទៅអនាគត។ សម្រាប់លោក ឃៀង យិង មេឃុំអណ្តូងទឹក ក៏រីករាយជំនួសពលរដ្ឋ ដែលទទួលបានផែឈើថ្មី សម្រាប់ដឹកជញ្ចូនផលនេសា ទៅលក់ទៅទីផ្សារបានល្អជាមុន។ លោកជឿជាក់ថាជីវភាពរស់នៅពលរដ្ឋ ក្នុងសហគមន៍អភិវឌ្ឍន៍រីកចម្រើន។ ភ្ញៀវទេសចរ ក៏អាចមកលេងកម្សាន្តឡើងវិញផងដែរ។

លោកមេឃុំអណ្តូងទឹក គូសបញ្ជាក់ថា ថ្មីៗនេះ មានមហាជនចោទប្រកាន់ថា ធ្វើផែឈើទាំង ៣ខាងលើ គឺបម្រើដល់ប្រយោជន៍ឯកជនតែមួយមុខគត់។ បញ្ហានេះមិនពិតនោះទេ ផែដែលកំពុងធ្វើនឹងប្រយោជន៍ជាសាធារណៈទាំងអស់។ លោក ឃៀង យិង ក៏ស្នើសុំដល់មហាជន កុំមានការភ័ន្តច្រឡំបន្តទៀត។ ចំណែកឯពលរដ្ឋ ត្រូវនាំគ្នាបន្តថែរក្សាផែឈើ ៣កន្លែងនេះ ឲ្យបានគង់វង្សយូរឆ្នាំទៅមុខទៀត៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ