ព័ត៌មានជាតិ
ព្រះមហាក្សត្រ និង សម្តេចម៉ែ ផ្តល់ព្រះរាជអំណោយដល់ប្រជារាស្ត្ររងគ្រោះ ១ពាន់១៥៣គ្រួសារ
លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាននាំយកព្រះរាជអំណោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល មកចែកជូនដល់ប្រជារាស្ត្ររងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ១ពាន់១៥៣គ្រួសារ នៅចុងសប្តាហ៍ព្រឹកថ្ងៃអាទិត្យទី២៥ ខែតុលា ឆ្នាំ២០២០។

បន្ទាប់ពីលោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក ធ្វើសេចក្តីរាយការណ៍ ពីរងផលប៉ះពាល់ដោយជំនន់ទឹក ភ្លៀងក្នុងស្រុកពួករួចមក លោក ពិន ប្រាកដ មានប្រសាសន៍លើកឡើងថា ខេត្តសៀមរាបនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនមេ បានបង្កឲ្យមានជំនន់ទឹកភ្លៀង មានការប្រឈមមុខទៅនឹងការខ្វះខាត ស្បៀងអាហារ ទីជម្រក បញ្ហាសុខភាព ការខូចខាតនូវភោគផលដំណាំ ទ្រព្យសម្បត្តិផ្សេងៗ និងការបំផ្លិចបំផ្លាញដល់ ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ។ ទន្ទឹមនឹងនោះលោកក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នព្រះបរមរាជវាំង កាកបាទក្រហមកម្ពុជា និងស្ថាប័នដទៃទៀត ព្រមទាំងសប្បុរសជននានា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ក្នុងខេត្តសៀមរាប ។

លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ទូទៅអមក្រសួងព្រះបរមរាជវាំង បានជម្រាបជូនពីព្រះរាជបណ្តាំមានខ្លឹមដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដោយសព្វថ្ងៃព្រះអង្គកំពុងគង់សម្រាកពិនិត្យព្យាបាលព្រះរាជសុខភាពនៅ រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គមានព្រះរាជហឫទ័យនឹករឭក និង សាកសួរសុខទុក្ខ ក្នុងព្រះរាជហឫទ័យអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គ ដែលទទួលរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅខេត្តសៀមរាប ហើយកំពុងជួបប្រទះនូវការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ ហេតុនេះហើយ ទើបព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទានឲ្យរូបឯកឧត្តម នាំមកនូវព្រះរាជអំណោយដ៏ថ្លៃថ្លា មកចែកជូនដល់ប្រជានុរាស្ត្រទាំង ១ពាន់១៥៣គ្រួសារនេះ មកពីឃុំយាង ចំនួន៥៨៨គ្រួសារ ឃុំសសរស្ដម្ភ ចំនួន ៥៦៥គ្រួសារ នៅក្នុងស្រុកពួក ខេត្តសៀមរាប ដើម្បីជួយសម្រាលការលំបាករបស់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ។

លោក គុយ សុផល បានកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ដែលបានខិតខំចុះជួយប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់បានទាន់ពេលវេលា ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ ប្រជារាស្ត្រដែលទទួលបានព្រះរាជអំណោយទាំងអស់ បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះរាជអំណោយដ៏ថ្លៃថ្លានេះ និង សូមថ្វាយព្រះរាជសព្ទសាធុការពរដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី សូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជសុខភាពល្អ បរិបូណ៌ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជំដល់កូន ចៅ ចៅទួតរបស់ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជាជាដរាបតរៀងទៅ។

ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលចែកជូនប្រជានុរាស្ត្រ ចំនួន ១ពាន់១៥៣គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ៥០គក្រ , ឃីត ១កញ្ចប់ ( សារុង១ , ភួយ១ , មុង១ , ក្រមា១ ) , មី ១កេស , ត្រីខ ១០កំប៉ុង ,តង់កៅស៊ូ ១ផ្ទាំង, អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និង ថវិកាចំនួន ៤០ម៉ឺនរៀល៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី