ព្រះមហាក្សត្រ និង សម្តេចម៉ែ ផ្តល់​ព្រះរាជ​អំណោយ​​ដល់​ប្រជារាស្ត្រ​រងគ្រោះ​ ១​ពាន់​១៥៣​គ្រួសារ ​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ និង សម្តេចម៉ែ ផ្តល់​ព្រះរាជ​អំណោយ​​ដល់​ប្រជារាស្ត្រ​រងគ្រោះ​ ១​ពាន់​១៥៣​គ្រួសារ ​

Published

on

​​លោក គុយ សុផល ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​នាំយក​ព្រះ​រាជអំណោយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល មក​ចែកជូន​ដល់​ប្រជារាស្ត្រ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ចំនួន ១​ពាន់​១៥៣​គ្រួសារ នៅ​ចុង​សប្តាហ៍​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២០។

​បន្ទាប់ពី​លោក ស៊ិន ចាន់ថុល អភិបាលស្រុក​ពួក ធ្វើ​សេចក្តីរាយការណ៍ ពី​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹក ភ្លៀង​ក្នុងស្រុក​ពួក​រួចមក លោក ពិន ប្រាកដ មានប្រសាសន៍​លើកឡើងថា ខេត្តសៀមរាប​នេះ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជាច្រើន​មេ បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង មានការ​ប្រឈមមុខ​ទៅនឹង​ការខ្វះខាត ស្បៀងអាហារ ទីជម្រក បញ្ហា​សុខភាព ការខូចខាត​នូវ​ភោគផល​ដំណាំ ទ្រព្យសម្បត្តិ​ផ្សេងៗ និង​ការ​បំផ្លិចបំផ្លាញ​ដល់ ហេដ្ឋារចនាសម្ព័ន្ធ​សង្គមជាតិ។ ទន្ទឹម​នឹង​នោះ​លោក​ក៏បាន​ថ្លែងអំណរគុណ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ស្ថាប័ន​ព្រះបរមរាជវាំង កាកបាទក្រហមកម្ពុជា និង​ស្ថាប័ន​ដទៃទៀត ព្រមទាំង​សប្បុរសជន​នានា បាន​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុង​ខេត្តសៀមរាប ។

​លោក គុយ សុផល ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ ទូទៅ​អម​ក្រសួងព្រះបរមរាជវាំង បាន​ជម្រាប​ជូន​ពី​ព្រះរាជ​បណ្តាំ​មាន​ខ្លឹម​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ដោយ​សព្វថ្ងៃ​ព្រះអង្គ​កំពុង​គង់​សម្រាក​ពិនិត្យ​ព្យាបាល​ព្រះ​រាជ​សុខភាព​នៅ រដ្ឋធានី​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រះអង្គ​មាន​ព្រះរាជហឫទ័យ​នឹក​រឭក និង សាកសួរ​សុខទុក្ខ ក្នុង​ព្រះរាជហឫទ័យ​អាណិត​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​កូនចៅ ចៅទួត​របស់​ព្រះអង្គ ដែល​ទទួលរង​គ្រោះ ដោយ​ជំនន់​ទឹកភ្លៀង នៅ​ខេត្តសៀមរាប ហើយ​កំពុង​ជួបប្រទះ​នូវ​ការ​លំបាក​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។ ហេតុនេះហើយ ​ទើប​ព្រះអង្គ​ទាំង​ទ្វេ​បាន​ប្រោស​ព្រះរាជទាន​ឲ្យ​រូប​ឯកឧត្តម នាំមក​នូវ​ព្រះ​រាជអំណោយ​ដ៏​ថ្លៃថ្លា មក​ចែក​ជូន​ដល់​ប្រជានុរាស្ត្រ​ទាំង ១​ពាន់​១៥៣​គ្រួសារ​នេះ មកពី​ឃុំ​យាង ចំនួន​៥៨៨​គ្រួសារ ឃុំ​សសរស្ដម្ភ ចំនួន ៥៦៥​គ្រួសារ នៅ​ក្នុង​ស្រុក​ពួក ខេត្ត​សៀមរាប ដើម្បី​ជួយ​សម្រាល​ការលំបាក​របស់​ប្រជារាស្ត្រ ជា​កូនចៅ ចៅទួត​របស់​ព្រះអង្គ។

លោក គុយ សុផល បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​សៀមរាប ដែល​បាន​ខិតខំ​ចុះជួយ​ប្រជាពលរដ្ឋ​ដោយ​មិន​ខ្លាច​នឿយហត់​បាន​ទាន់ពេលវេលា ទោះបី​ស្ថិតនៅក្នុង​ស្ថានភាព​លំបាក​យ៉ាងណាក៏ដោយ។ ប្រជារាស្ត្រ​ដែល​ទទួល​បាន​ព្រះរាជ​អំណោយ​ទាំងអស់ បាន​ថ្លែង​អំណរ​ព្រះរាជ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​នេះ និង សូម​ថ្វាយ​ព្រះរាជ​សព្ទសាធុការពរ​ដ៏​បវរ​មហា​ប្រសើរ​ថ្វាយ​ព្រះករុណា​ជា​អ​ម្ចាស់​ជីវិត​លើត្បូង ព្រះមហាក្សត្រ និង​សម្ដេចព្រះ​មហាក្សត្រី សូម​ព្រះអង្គ​បាន​ប្រកប​តែ​នឹង​ព្រះ​បរមសុខ​គ្រប់ប្រការ ព្រះមហាក្សត្រ និង​សម្តេចម៉ែ ព្រះរាជសុខភាព​ល្អ បរិបូណ៌ ព្រះ​កាយពល​មាំមួន និង​មាន​ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់​ប្រថាប់​នៅ​ជា​ម្លប់​ដ៏​ត្រជាក់ត្រជំ​ដល់​កូន ចៅ ចៅទួត​របស់​ព្រះអង្គ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ដរាប​តរៀង​ទៅ​។​

​ព្រះ​រាជ​អំណោយ​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ដែល​ចែកជូន​ប្រជានុរាស្ត្រ ចំនួន ១​ពាន់​១៥៣​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន អង្ករ ៥០​គ​ក្រ , ឃី​ត ១​កញ្ចប់ ( សារុង​១ , ភួយ​១ , មុង​១ , ក្រមា​១ ) , មី ១​កេស , ត្រីខ ១០​កំប៉ុង ,​តង់​កៅស៊ូ ១​ផ្ទាំង​, អាវយឺត​មាន​ស្លាក​ព្រះរាជ​អំណោយ ព្រះករុណា ព្រះបាទ​ស​មេ្ត​ច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​១ និង ថវិកា​ចំនួន ៤០​ម៉ឺន​រៀល​៕

អត្ថបទ៖ គឿន​វេត​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម