ព័ត៌មានជាតិ
លោក គួច ចំរើន ស្រុកកំណើតជាអ្នកខេត្តសៀមរាប ឪពុកបាត់ខ្លួនក្នុងជំនាន់ប៉ុលពត
លោកគួច ចំរើន បានចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ជំនួសលោកយន្ត មីន អតីតអភិបាលខេត្ត។
លោកគួច ចំរើន ត្រូវបានគេមើលឃើញថាជាមន្រ្តីមានសមត្ថភាព និងមានបទពិសោធន៍លើការគ្រប់គ្រងរដ្ឋបាល។ ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ធ្លាប់អះអាងថា ខេត្តព្រះសីហនុត្រូវតែមានអភិបាលខេត្តដែលខ្លាំងដូចលោកគួច ចំរើន ជាអ្នកគ្រប់គ្រង។

កម្ពុជាថ្មីនឹងបង្ហាញប្រវត្តិខ្លះៗពីលោកគួច ចំរើន។
កុមារភាព
លោកគួច ចំរើន កើតនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ១៩៧២ នៅភូមិតាព័រលើ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ លោកជាកូនទី៤ ក្នុងចំណោមបងប្អូន ៥ នាក់ មានឪពុកបង្កើតឈ្មោះ គួច ណាំហេង បានទទួលមរណកាលក្នុងរបបប៉ុល ពត និងម្តាយឈ្មោះសុខ ឈាង កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៤៤ នៅភូមិត្នោត ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោកមានបងប្អូនប្រុសស្រីបង្កើត ៥ នាក់ ដោយបងស្រីទី១ឈ្មោះគួច ខាណៃ បងប្រុសទី២ឈ្មោះ គួច ប៊ុនប៉ោ បងប្រុសទី៣ ឈ្មោះគួច ចំណាន ប្អូនស្រីពៅទី ៥ ឈ្មោះ គួច សូរិយា ហើយលោកជាកូនទី៤ នៃបងប្អូនទាំង ៥ នាក់។
ជីវិតក្នុងរបប ប៉ុល ពត
ក្នុងរបបប៉ុលពត លោក គួច ចំរើន ស្ថិតក្នុងវ័យកុមារភាពនៅឡើយ ដោយរស់នៅភូមិតាពរ័លើ ឃុំពង្រក្រោម ដែលជាទីកំណើតរបស់លោក។ ឪពុករបស់លោកបានបាត់ដំណឹងសូន្យរហូតដល់សព្វថ្ងៃ ចាប់តាំងពីក្រោយពេលអង្គការហៅឲ្យទៅរៀនសូត្រក្នុងសមយ័នោះ។
ប្រវត្តិសិក្សា
ក្រោយថ្ងៃរំដោះថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ លោក គួច ចំរើន ដែលស្ថិតនៅក្នុងវ័យកុមារនៅឡើយ បានចូលរៀនថ្នាក់ដំបូងក្រោមផ្ទះមួយនៅក្នុងភូមិត្រាចថ្មី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ចូលដល់ថ្នាក់ទី២ បានទៅរៀននៅសាលាគំរូកំពង់ក្តី បន្ទាប់មកបានបន្តការសិក្សារហូតដល់ចប់ចំណេះដឹងទូទៅនៅសាលា១០មករា ខេត្តសៀមរាបនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ១៩៨៩។
នៅឆ្នាំ១៩៩០ លោកបានចូលរៀននៅមហាវិទ្យាលយ័បច្ចេកទេសកងទ័ពប្រទេសវៀតណាម ក្រោយមកនៅថ្ងៃ ២៨ ខែមីនាឆ្នាំ១៩៩៣ បានសិក្សាបន្តនៅមហាវិទ្យាល័យនិតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបញ្ចប់នៅថ្ងៃទី២២ខែកក្កដាឆ្នាំ១៩៩៧ ដោយទទួលបានបរិញ្ញាបត្រ័វិទ្យាសាស្ត្រសេដ្ឋកិច្ច។ នៅថ្ងៃទី០១ខែតុលាឆ្នាំ២០០៤ បានចូលសិក្សានៅសាកលវិទ្យាលយ័និតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទទួលបានបរិញ្ញាបត្រ័ជាន់ខ្ពស់រដ្ឋបាលសាធារណៈនៅថ្ងៃទី០១ខែសីហាឆ្នាំ២០០៧។

លោកគួច ចំរើន អាចប្រើប្រាស់បានទាំងភាសាអង់គ្លេសនិងវៀតណាម។ ក្រៅពីការសិក្សានៅតាមមហាវិទ្យាល័យ និង សាកលវិទ្យាល័យ លោកក៏បានទទួលការបណ្តុះបណ្តាលនិងវគ្គសិក្សាខ្លីៗ កម្រិតវិញ្ញាបនបត្រ័ ពីអង្គការ JICA លើការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាននៅប្រទេសជប៉ុនឆ្នាំ២០០០,ពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់លើផ្នែកច្បាប់ភូមិបាល, ពីវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព លើផ្នែកហ្វឹកហ្វឺនទំនាក់ទំនងអន្តរជាតិ , ពីវិទ្យាស្ថានកម្ពុជាដើម្បីសិទ្ធិមនុស្ស លើការងាររដ្ឋបាលសម្រាប់មន្ត្រីខេត្ត-ក្រុង, ពី UNIVERSITY OF SANFRANCISCO លើច្បាប់បោះឆ្នោត, ពីវិទ្យាស្ថានកម្ពុជាដើម្បីសិទ្ធិមនុស្សលើផ្នែកអភិបាលកិច្ចល្អ និងទទួលបានវិញ្ញាបនបត្រ័ពីសាលាក្រុងភ្នំពេញលើការងាររដ្ឋបាល។
ប្រវត្តិការងារ
-ពីឆ្នាំ១៩៩៨ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៩៩ លោកគួច ចំរើន ជាបុគ្គលិកចាត់តាំងនៅសាលាខណ្ឌចំការមន។
-ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៩៩ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៤ ជាអភិបាលរងខណ្ឌចំការមន។
-ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ជាអភិបាលខណ្ឌមានជ័យ។
-ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ជាអភិបាលខណ្ឌដូនពេញ។
-ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ជាអគ្គនាយករងនៃអគ្គនាយករដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
-ចាប់ពីខែមិថុនា ឆ្នាំ២០១៧ ដល់មិថុនា ឆ្នាំ២០១៩ ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
-ចាប់ពីខែមិថុនា ឆ្នាំ២០១៩ ដល់បច្ចុប្បន្ន ជាអភិបាលខេត្តព្រះសីហនុ។
អាពាហ៍ពិពាហ៍
លោកគួច ចំរើន បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ អ៊ូ ធីតាពៅ មានមុខរបរជាមេធាវី និងមានកូនប្រុសបីនាក់ ឈ្មោះគួច ចំរើនរដ្ឋ , គួច ចំរើនជាតិ និង គួច ចំរើនភព៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី