ព័ត៌មានជាតិ
កម្ពុជា ត្រៀមចរចាឱ្យថៃប្រគល់វត្ថុសិល្បៈដែលបានយកពីប្រាសាទព្រះវិហារ ជាង ៦០ឆ្នាំមុន
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២ នេះ គឺជាខួបទី៦០ ដែលតុលាការយុត្តិធម៌អន្ដរជាតិ ទីក្រុងឡាអេ បានសម្រេចឱ្យកម្ពុជាឈ្នះក្ដីលើភាគីថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ប៉ុន្តែមកដល់ពេលនេះភាគីថៃ មិនទាន់ប្រគល់មកវិញនូវវត្ថុសិល្បៈបុរាណដែលខ្លួនបានរឹបអូស ខណៈថៃបានឈ្លានពានកាន់កាប់ប្រាសាទព្រះវិហារនោះទេ។ ថ្វីដ្បិតកម្ពុជាមិនទាន់មានឱកាស ប៉ុន្តែកម្ពុជាកំពុងពិនិត្យលទ្ធភាពក្នុងការចរចាយកវត្ថុបុរាណនោះមកវិញ។

លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី១៥ ខែមិថុនានេះថា សាលដីកាឆ្នាំ ១៩៦២ ជាចំណុចមួយដ៏រសើប ពាក់ព័ន្ធទំនាក់ទំនងប្រទេសទាំង២ រវាងកម្ពុជា និងថៃ។ ពាក់ព័ន្ធនឹងសាលដីកានោះ ចំណុចទី៣ គឺតម្រូវឱ្យភាគីថៃប្រគល់មកវិញនូវវត្ថុសិល្បៈដែលបានយកចេញពីប្រាសាទ នៅក្នុងអំឡុងពេលថៃកាន់កាប់ប្រសាទព្រះវិហារ ពីឆ្នាំ១៩៥៤ មកឱ្យកម្ពុជាវិញ។

លោក គង់ ពុទ្ធិការ មានប្រសាសន័ថា៖ “អ៊ីចឹង អ្វីដែលបាននិយាយហ្នឹង គឺតុលាការ (តុលាការយុត្តិធម៌អន្តរជាតិ) បានបញ្ជាក់ទៀតថា ដូចមាននៅក្នុងឧបសម្ព័ន្ធទី៥ នៃពាក្យបណ្ដឹងរបស់កម្ពុជា មានន័យថា ពាក្យបណ្ដឹងដែលដាក់នៅឆ្នាំ១៩៥៩ហ្នឹង គឺមានឧបសម្ព័ន្ធមួយ ស្ដីពី វត្ថុសិល្បៈដែលកម្ពុជាទាមទារឱ្យថៃប្រគល់មកឱ្យកម្ពុជាវិញ។ ក៏ប៉ុន្តែមកដល់ពេលនេះ យើងអត់ទាន់បានទាមទារត្រឡប់មកវិញទេ ដោយសារដូចយើងដឹងទាំងអស់គ្នាហើយ បន្ទាប់ពីតុលាការអន្តរជាតិ ចេញសាលដីកាឆ្នាំ១៩៦២ មកដល់ឆ្នាំ១៩៧០ រហូតមកដល់ឆ្នាំ១៩៩៨ហ្នឹង យើងមានបញ្ហាសង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃ ដែលមិនអាចឱ្យយើងធ្វើការហ្នឹងបាន”។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រូបនេះបញ្ជាក់បន្តថា បន្ទាប់ពីឆ្នាំ១៩៩៨មក កម្ពុជាក៏មិនទាន់រៀបចំពាក់ព័ន្ធការអនុវត្តសាលដីកានេះដែរ ព្រោះកម្ពុជានៅរក្សាសភាការណ៍រវាងប្រទេសទាំងពីរដើម្បីមានស្ថេរភាព ខណៈពេលនោះកម្ពុជាក៏មិនទាន់ភាពរឹងមាំក្នុងការគិតគូរពីបញ្ហានោះ ព្រោះអ្វីដែលកម្ពុជាគិតគូរចម្បង គឺការអភិរក្សប្រាសាទព្រះវិហារឱ្យបានគង់រង្សសិន និងការអភិវឌ្ឍតំបន់នោះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេង និងមកស្គាល់ប្រាសាទព្រះវិហាររបស់កម្ពុជា។

លោក គង់ ពុទ្ធិការ មានប្រសាសន័ថា៖ “ចំពោះការអនុវត្តសាលដីកាចំណុចទី៣នេះ ក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរជាតិព្រះវិហារ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសិក្សាបន្ថែមទៀតថាតើ ឧបសម្ព័ន្ធទី៥ ដែលបានដាក់ដោយរាជរដ្ឋាភិបាលកម្ពុជានៅពេលនោះ មានអ្វីខ្លះ ហើយយើងអាចធ្វើអីបាន? អ៊ីចឹងយើងបន្តធ្វើការងារនេះ ក្នុងកម្រិតបច្ចេកទេសសិន សិក្សាសិន ហើយយើងនឹងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលធ្វើការចរចាជាមួយភាគីថៃ នៅពេលបន្តបន្ទាប់ទៀត ដើម្បីពិនិត្យលទ្ធភាព ថាតើយើងអាចស្នើសុំអ្វីបានខ្លះ?”។
គួរបញ្ជាក់ថា ក្រោយពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ថៃបានចូលកាន់កាប់ប្រាសាទព្រះវិហារ នៅឆ្នាំ១៩៥៤។ ព្រះករុណាព្រះមហាវីរក្សក្សត្រ ព្រះបរមរតនកោដ្ឋ (នរោត្ដម សីហនុ) បានប្តឹងទៅតុលាការយុត្តិធម៌អន្តជាតិ ទីក្រុងឡាអេ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៥៩។ សាលក្រមតុលាការអន្តរជាតិ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បានកាត់សេចក្តីដោយសម្រេចប្រគល់ប្រាសាទព្រះវិហារ មកឱ្យកម្ពុជាវិញ ក្រោយពីថៃបានឈ្លានពានកាន់កាប់ប្រាសាទព្រះវិហារ។

តុលាការយុត្តិធម៌អន្តជាតិ ICJ បានចេញសាលដីកានេះ ដោយបានសម្រេចសេចក្តីថា៖
១. ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា។
២. ថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជា។
៣. ថៃត្រូវប្រគល់នូវរាល់វត្ថុបុរាណ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទ ចាប់តាំងពីឆ្នាំ១៩៥៤ មកឱ្យកម្ពុជាវិញ។

ប៉ុន្តែក្នុងចំណោមសេចក្ដីសម្រេចទាំង៣ ចំណុច របស់តុលាការយុត្តិធម៌អន្ដរជាតិ មានតែ១ចំណុចប៉ុណ្ណោះដែលត្រូវបានគោរព គឺចំណុចទី១។ ចំណែកចំណុចទី២ មិនត្រូវបានភាគីថៃអនុវត្តទេ។ សម្រាប់ថៃ អ្វីដែលតុលាការអន្ដរជាតិកាត់សេចក្ដីនោះគឺ តួប្រាសាទព្រះវិហារ។ ដោយឡែក បរិវេណជុំវិញប្រាសាទ ដែលមានទំហំ ៤,៦ គីឡូម៉ែត្រការ៉េនោះ គឺជាកម្មសិទ្ធិរបស់ថៃ ហើយថៃមានសិទ្ធិដាក់កងកម្លាំងរបស់ខ្លួននៅទីនោះ។ ព្រោះតែប្រកាន់ជំហបែបនេះ នៅខែកក្កដា ឆ្នាំ២០០៨ ថៃបានលើកទ័ពចូលលុកលុយ វត្តកែវសិក្ខាគិរីស្វារៈ ជាប់ប្រាសាទព្រះវិហារម្ដងទៀត។ ជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានផ្ទុះឡើងម្ដងទៀត ជំរុញកម្ពុជាប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ឱ្យបកស្រាយសាលដីកាក្រុងឡាអេ ឆ្នាំ១៩៦២ ឡើងវិញ។

នៅថ្ងៃទី១១ ខែខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្ដរជាតិ បានបកស្រាយសាលដីកាឆ្នាំ១៩៦២ឡើងវិញ និងបានសម្រេចថា កម្ពុជាមានអធិបតេយ្យភាពលើដែនដីទាំងមូលនៃតំបន់ប្រាសាទព្រះវិហារ និងសម្រេចឱ្យភាគីថៃ ដកកងកម្លាំងប្រដាប់អាវុធ និងឆ្មាំប្រាសាទទាំងអស់ចេញពីបរិវេណជុំវិញប្រាសាទ។ ប៉ុន្តែ សេចក្ដីសម្រេចលើកទី២នេះ នៅតែមិនអាចចាប់បង្ខំឱ្យថៃអនុវត្តតាមបានដដែល។
ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីជា សម្បិត្តបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត