ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ ការសម្រេចផ្ដន្ទាទោសកញ្ញា សេង ធារី និងសកម្មជនមួយចំនួនទៀត ជានីតិវិធីរបស់តុលាការកម្ពុជា
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានលើកឡើងថា ការសម្រេចរបស់តុលាការផ្ដន្ទាទោសកញ្ញា សេង ធារី និងសកម្មជនអតីតគណបក្សប្រឆាំងមួយចំនួនទៀតនោះ គឺជាការអនុវត្តនីតិវិធីច្បាប់របស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ ហើយអ្នកមិនសុខចិត្ត ឬចង់ជួយជនជាប់ចោទទាំងនោះ អាចចូលរួមដំណើរការនីតិវិធីរបស់តុលាការបាន។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/01-48.jpg)
ការលើកឡើងនេះ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ បានប្រកាស សាលក្រមផ្ដន្ទាទោស កញ្ញា សេង ធារី ដាក់ពន្ធនាគារ ៦ឆ្នាំ និងបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទយកទៅអនុវត្តទោសភ្លាមៗផងដែរ។ ក្នុងនោះ អតីតថ្នាក់ដឹកនាំ និងសកម្មជនមួយចំនួនទៀត នៃអតីតគណបក្សប្រឆាំង ក៏ត្រូវបានប្រកាស សាលក្រមផ្ដន្ទាទោសដូចគ្នាដែរ។ ការផ្ដន្ទាទោសពួកគេខាងលើនេះ ត្រូវបានធ្វើឡើងក្រោមការចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមរយៈផែនការ ៩ វិច្ឆិកា របស់លោក សម រង្ស៊ី ដែលជាទណ្ឌិតរត់គេចខ្លួននៅក្រៅប្រទេស។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/02-41-1024x768.jpg)
ភ្លាមៗ បន្ទាប់ពីមានការប្រកាសយ៉ាងដូច្នេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់គេថា «យើងមានការរំខានចិត្តជាខ្លាំង ចំពោះសាលក្រមដ៏អយុត្តិធម៌នាថ្ងៃនេះ ដែលត្រូវបានប្រកាសទៅលើកញ្ញា សេង ធារី និងអ្នកដទៃទៀត»។ ក្នុងនោះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជា ដោះលែងកញ្ញា សេង ធារី និងសកម្មជនដទៃទៀត។ ចំណែកឯអង្គការ Human Rights Watch ក៏បានចេញសេចក្ដីថ្លែងការណ៍ផងដែរថា ការផ្តន្ទាទោសលើអ្នកនយោបាយ នៃអតីតគណបក្សប្រឆាំង ក៏ដូចជាកញ្ញា សេង ធារី គឺជាសញ្ញានៃការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា តុលាការកម្ពុជា មានមូលដ្ឋានផ្លូវច្បាប់រឹងមាំ និងច្បាស់លាស់ក្នុងការចោទប្រកាន់ និងផ្ដន្ទាទោសពួកគេទាំងនោះ ពាក់ព័ន្ធនឹងការរួមគំនិតក្បត់ ដែលចូលរួមគាំទ្រ និងអនុវត្តផែនការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្នុងព្រឹត្តិការណ៍ ៩វិច្ឆិកា ក្រោមរូបភាពនៃការវិលត្រឡប់របស់លោក សម រង្ស៊ី ដែលជាទណ្ឌិតរត់គេចខ្លួននៅក្រៅប្រទេស។
លោក ជិន ម៉ាលីន បានលើកឡើងថា «អញ្ចឹងទេ! នេះជានីតិវិធីរបស់តុលាការកម្ពុជា ដែលជារដ្ឋអធិបតេយ្យ អញ្ចឹងគ្រប់ភាគីណាក៏ដោយ ដែលមិនសុខចិត្ត ហើយគាំទ្រដល់ជនជាប់ចោទទាំងអស់នេះ គឺថាអាចធ្វើការជួយដល់ជនជាប់ចោទទាំងអស់នេះបាន តាមរយៈការចូលរួមដំណើរការនីតិវិធីរបស់តុលាការ ក្នុងការផ្ដល់មេធាវីជូនគាត់ ឬមួយក៏ផ្ដល់នូវភស្ដុតាង សក្ខីកម្មឲ្យបានរឹងមាំ ក្នុងការដោះបន្ទុកតាមផ្លូវតុលាការ ដែលគាត់ធ្វើការប្ដឹងឧទ្ធរណ៍បន្តទៀតបាន តាមនីតិវិធីច្បាប់របស់កម្ពុជា ដែលមានជាធរមាន»។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ បានបញ្ជាក់បន្ថែមថា ការលើកឡើង ឬក៏ការបញ្ចេញប្រតិកម្មរបស់មជ្ឈដ្ឋានមួយចំនួន ចំពោះការផ្ដន្ទាទោសកញ្ញា សេង ធារី និងសកម្មជនអតីតគណបក្សប្រឆាំងមួយចំនួននោះ គឺជាសិទ្ធិសេរីភាពរបស់ពួកគេ។ ប៉ុន្តែប្រទេសកម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យត្រូវប្រកាន់ខ្ជាប់ នូវការអនុវត្តច្បាប់ជាតិរបស់កម្ពុជាឲ្យបានម៉ឺងម៉ាត់ ក្នុងគោលដៅការពារផលប្រយោជន៍ជាតិ និងអធិបតេយ្យភាពរបស់ជាតិ។
លោក ជិន ម៉ាលីន បានលើកឡើងទៀតថា «ក្នុងនាមកម្ពុជា បើគ្រាន់តែច្បាប់យើង យើងមិនអាចអនុវត្តបានផង តើយើងទៅធ្វើជារដ្ឋអធិបតេយ្យយ៉ាងម៉េចកើតទៅ? ហើយសំខាន់ភាគីណាក៏ដោយ ដែលយល់ ដែលមិនសុខចិត្តនូវការសម្រេចរបស់តុលាការ ដែលចង់ជួយដល់ជនជាប់ចោទ តាមច្បាប់របស់កម្ពុជា ចូលរួមដំណើរការនីតិវិធីរបស់តុលាការ ផ្ដល់ភស្ដុតាង សក្ខីកម្ម ផ្លូវច្បាប់ឲ្យបានរឹងមាំ ដោះបន្ទុកទៅនឹងបទចោទទៅ អ្វីដែលសមត្ថកិច្ចគេមានរឹងមាំ ហើយច្បាស់លាស់ហ្នឹង ឬមួយក៏ផ្ដល់មេធាវីការពារក្ដីតាមផ្លូវតុលាការ អាហ្នឹងជាអ្វីដែលភាគីពាក់ព័ន្ធគួរធ្វើ ទៅតាមបញ្ញាត្តិនីតិវិធីច្បាប់របស់កម្ពុជា»៕
អត្ថបទ៖ ឃួន សុភ័ក្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់