ព័ត៌មានជាតិ
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងធ្វើឡើងរយៈពេល២ថ្ងៃ នាសប្តាហ៍ក្រោយនេះ
គណៈកម្មកាអន្តរក្រសួង ដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ រាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះ នឹងដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការពារជាតិ។
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងស្តាប់របាយការណ៍ស្ដីពីការអភិវឌ្ឍថ្មីៗនៅក្នុងអាស៊ាន និងរបាយការណ៍សង្ខេប នៃលទ្ធផលរបស់កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន ក៏ដូចជាអនុម័តលើគំនិតផ្តួចផ្តើមថ្មីៗ និងសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន រួមមាន៖
ទី១, ឯកសារទស្សនទាន ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្ដាប្រទេសអាស៊ាន ក្នុងការទប់ស្កាត់ជំងឺរាតត្បាតឆ្លងដែន។
ទី២, ឯកសារទស្សនទាន ស្តីពីការលើកកម្ពស់យន្តការគាំទ្រសម្រាប់ស្រ្តីរក្សាសន្តិភាពអាស៊ាន។
ទី៣, ឯកសារទស្សនទាន ស្តីពីការបង្កើតកិច្ចសហការរវាងស្ថាប័នអប់រំយោធាអាស៊ាន។
ទី៤, លក្ខខណ្ឌប្រតិបត្តិរបស់មជ្ឈមណ្ឌលឧត្តមភាពព័ត៌មានសន្តិសុខព័ត៌មានវិទ្យាក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។
ទី៥, ចក្ខុវិស័យភ្នំពេញ ស្តីពីតួនាទីស្ថាប័នការពារជាតិក្នុងការគាំទ្រការស្ដារឡើងវិញ ក្រោយកូវីដ១៩។
៦, សេចក្តីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ស្ដីពីកិច្ចសហប្រតិបត្តិការការពារ ជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយសុខដុមនីយកម្ម។
រដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏នឹងកត់សម្គាល់ឯកសារពិភាក្សាចំនួន២ រួមមាន៖ ទី១, ឯកសារពិភាក្សា ស្តីពីការលើកកម្ពស់ការចែករំលែកព័ត៌មាន រវាងគំនិតផ្តួចផ្តើមការអនុវត្តច្បាប់លម្ហសមុទ្រអាស៊ីអាគ្នេយ៍ ជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងវិស័យសន្តិសុខលម្ហសមុទ្រ និង២, ឯកសារពិភាក្សា ស្តីពីការឆ្លុះបញ្ចាំងប្រវត្តិសាស្ត្រយោធា ដើម្បីលើកកម្ពស់សន្តិភាពជានិរន្តរ៍។
កិច្ចប្រជុំ ក៏នឹងពិនិត្យសម្រេចលើសំណើរបស់ឥណ្ឌា សុំរៀបចំលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌ និងសម្រេចលើការរៀបចំកិច្ចប្រជុំក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន ជាមួយប្រទេសបូក មួយចំនួននៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។ ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំ ប្រធានប្រតិភូ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ក្នុងអំឡុងនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏នឹងមានការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុនជារូបវន្ត និងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ក្នុងទម្រង់ប្រព័ន្ធវីដេអូផងដែរ។
ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ២០២២ កម្ពុជាមានការប្ដេជ្ញាចិត្តជំរុញសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខតំបន់ក្នុងពេលបច្ចុប្បន្ន និងបញ្ហាប្រឈមកំពុងលេចឡើងថ្មីៗ តាមមូលបទ “សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម”៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក