ព័ត៌មានជាតិ
រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា
ភ្នំពេញ ៖ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។
កម្មវិធីនេះត្រូវបានបែងចែកជា 2 ផ្នែក ពេលព្រឹកជាកម្មវិធីបើកបរសាកល្បង ដែលអតិថិជនទាំងអស់អាចអញ្ជើញចូលរួមបើកបរសាកល្បងជាមួយរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ជាច្រើនគ្រឿងទាំងប្រភេទ Ford Ranger XLT និង Ford Ranger Wildtrak ជាមួយនឹងអ្នកជំនាញបច្ចេកទេស Ford និងទទួលបានការរៀនពីវគ្គបណ្តុះបណ្តាលស្តីពីការបើកបរដែលធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៏បើកបរដ៏ថ្មីស្រឡាងជាមួយនឹងបច្ចេកវិទ្យាយ៉ាងច្រើនលើសពីការរំពឹងទុក។
សម្រាប់កម្មវិធីពេលល្ងាចគឺជាពិធីសម្ពោធជាផ្លូវការនៃរថយន្តនេះដែលបានអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន Ford ផងដែរ។
កម្មវិធីនេះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម លោក Benjamin V. Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company លោកស្រី Yukontorn Wisadkosin អគ្គនាយិកាគ្រប់គ្រងទីផ្សារអាស៊ាននៃក្រុមហ៊ុន Ford Motor Company លោក Kevin Whitcraft អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (គ្រុប) លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) គណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងក្រុមហ៊ុន Ford Motor Company និងបណ្តាមិត្តអ្នកសារព័ត៌មានជាច្រើន។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានថ្លែងសុន្ទរកថានៅក្នុងអង្គពិធីនេះដែរ ដែលលោកបានមានប្រសាសន៍ថា៖ “រថយន្ត Ford មានភាពល្បីល្បាញទូទាំងប្រទេសកម្ពុជា នឹងត្រូវបានប្រជាជនខ្មែរទទួលស្គាល់ដោយសារគុណភាព សុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗនៃរថយន្ត Ford។ អាស្រ័យហេតុនេះហើយទើបរថយន្ត Ford បានទទួលចំណាត់ថ្នាក់លេខ 1 ក្នុងចំណែកទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ ហើយមួយផ្នែកធំនៃសមិទ្ធិផលនេះបានមកពីការលក់រថយន្ត Ford Ranger ហើយសម្រាប់ថ្ងៃនេះក្រុមហ៊ុននឹងនាំយកអ្វីដែលថ្មីមកជូនដល់អតិថិជនទាំងអស់គ្នា ដែលក្រុមហ៊ុននឹងធ្វើពិធីសម្ពោធជាផ្លូវការខ្នាតធំពុំធ្លាប់មាននៅប្រទេសកម្ពុជាសម្រាប់រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ដែលត្រូវបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង។”
លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company ក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះនឹងបានមានប្រសាសន៍ថា៖ “ រថយន្ត Ford Ranger គឺជាដៃគូដ៏ជឿជាក់មួយរបស់ម្ចាស់អាជីវកម្មខ្នាតតូច កសិករ គ្រួសារ អ្នកផ្សងព្រេង និងអាជីវកម្មនានានៅតាមទីផ្សារបណ្តាប្រទេសជាង 180 នៅជុំវិញពិភពលោក។ ទីផ្សារមួយក្នុងចំណោមនោះគឺព្រះរាជាណាចក្រកម្ពុជាដែលមានចំណែកទីផ្សារខ្ពស់គួរឲ្យកត់សម្គាល់។ ពួកយើងពិតជាមានមោទនភាពចំពោះលទ្ធផលនេះ ហើយសម្រាប់រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 នេះពួកយើងរំពឹងថានឹងមានកំណើនខ្ពស់ជាងមុននៅក្នុងចំណែកទីផ្សារដោយសារតែនេះរថយន្ត Pickup ខ្នាតកណ្តាលនេះបានបំពាក់ដោយប្រព័ន្ធជើងក្រោមហាប់ណែន ធន់រឹងមាំ ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗជំនាន់ចុងក្រោយលើសដៃគូប្រកួតប្រជែង។”
លោក Benjamin V. Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានសម្តែងនូវការកោតសរសើរមកកាន់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ផងដែរ ដែលលោកបានមានប្រសាសន៍ថា “ក្នុងនាមជាមន្ត្រីការទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំពិតជាសេចក្តីសោមនស្សរីករាយនៅពេលបានឃើញការគាំទ្រយ៉ាងពេញទំហឹងនៃផលិតផលអាមេរិក ជាក់ស្តែងគឺរថយន្ត Ford តែម្តង។ គួរបញ្ជាក់ផងដែរថាទំនាក់ទំនងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកមាន ភាពរឹងមាំ ដោយសារកត្តាជាច្រើនដូចជា៖ ទំនាក់ទំនងការទូត ការវិនិយោគ និងការគាំទ្រទៅលើផលិតផលអាមេរិក។ ពួកយើងពិតជាសង្ឃឹមថានឹងអាចឃើញម៉ាកយីហោផលិតផលអាមេរិក និងផលិតផលអាមេរិកបន្ថែមទៀតក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជារថយន្ត Ford ដែលត្រូវបានបើកបរពាសពេញផ្ទៃប្រទេស។ ”
ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ “យើងសង្ឃឹមថាការដាក់សម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 នេះគឺផ្តល់នូវសារៈសំខាន់ មិនត្រឹមតែជាប្រយោជន៍ដល់ក្រុមហ៊ុនប៉ុណ្ណោះទេ តែក៏ផ្តល់ប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ផ្នែកពាណិជ្ជកម្ម ហើយក៏ដូចជាបណ្តាប្រទេសជាច្រើនដែលពាក់ព័ន្ធដែលបានមកវិនិយោគនៅកម្ពុជាយើងនេះផងដែរ។”
គួរបញ្ជាក់ផងដែរថានេះជាកម្មវិធីសម្ពោធរថយន្តដែលធំជាងគេពុំធ្លាប់នៅឯប្រទេសកម្ពុជា ដែលត្រូវបានប្រារព្ធឡើងរហូតដល់ទៅ 7 អគារ និងមានអតិថិជនចូលរួមយ៉ាងច្រើនកុះកររហូតដល់ជាង 6,000 នាក់។ គេជឿជាក់ថារថយន្តនេះនឹងមកបន្តតំណែងពីរថយន្ត Ford Ranger ស៊េរីមុនដែលឈរជើងជារថយន្ត Pickup ថ្មីដែលលក់ដាច់ជាងគេក្នុងទីផ្សារប្រទេសកម្ពុជា ដោយសារតែរថយន្តនេះមាននូវភាពឆ្លាតវៃ ធន់រឹងមាំ និងទំនើបអស្ចារ្យលើសគេ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ