ព័ត៌មានជាតិ
សម្ដេចពិជ័យសេនា ទៀ បាញ់ ៖ វត្តមានរដ្ឋមន្ត្រីការពារជាតិជប៉ុន មានសារៈសំខាន់សម្រាប់ពង្រឹងវិស័យការពារជាតិ
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានអះអាងថាវត្តមានរដ្ឋមន្ត្រីការពារជាតិជប៉ុននៅប្រទេសកម្ពុជានាពេលនេះ ពិតជាមានសារសំខាន់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ សំដៅលើកកម្ពស់សមត្ថភាពលើវិស័យការពារជាតិ។

ការបញ្ជាក់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងខណៈដែលសម្ដេចបានជួបពិភាក្សាការងារជាមួយលោក គីស៊ី ហ្ស៉ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ត្រីការពារជាតិជប៉ុន ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅកម្ពុជា ខណៈដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធ នាឆ្នាំ២០២២នេះ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា រយៈពេលចុងក្រោយនេះ ទោះបីមានការរីករាលដាល នៃជំងឺកូវីដ១៩ក្តី ប៉ុន្តែកងទ័ពនៃប្រទេសទាំងពីរ នៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែជិតស្និទ្ធ តាមផែនការ ដែលបានឯកភាពគ្នាលើវិស័យកងទ័ព ដែលក្នុងនោះបានបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ច និងការចូលរួមវេទិកានានាផងដែរ ហើយចំពោះវិស័យការពារជើងទឹកជប៉ុន ក៏បានបញ្ជូននាវាចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រទេសកម្ពុជាផងដែរកាលពីថ្មីៗនេះ។

ជាមួយគ្នានោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសំដែងនូវជំនឿយ៉ាងមុតមាំថា តាមរយៈដំណើរបំពេញទស្សនកិច្ចរបស់លោក KISHI Nobuo នាពេលនេះ នឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងប្រទេសទាំងពីរកាន់តែរីកចម្រើនថែមទៀត។
គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២២នេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលក្នុងនោះមានការប្ដូរដំណើរទស្សនកិច្ចប្រតិភូទៅវិញទៅមក, ការហ្វឹកហ្វឺនវិស័យរក្សាសន្តិភាព, ការបណ្ដុះបណ្ដាលធនធានមនុស្ស, ការចូលចតរបស់នាវាស្វ័យការពារជប៉ុននៅកំពង់ផែព្រះសីហនុ, ការហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរលើវិស័យមនុស្សធម៌ សុខាភិបាល សង្គម និងប្រឆាំងភេវកម្មជាដើម៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ