ព័ត៌មានជាតិ
សិស្សពូកែ មានអាទិភាពជាប់ស្វ័យប្រវត្តិ បាក់ឌុប ចូលរៀនសាកលវិទ្យាល័យ ឬប៉ុស្ដិ៍ការងារ ឬទេ?
ក្រសួងអប់រំ យុវជន និងកីឡា ទើបបញ្ចប់ដោយជោគជ័យ នូវកិច្ចការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២២ កម្រិតថ្នាក់ទី៩ និងថ្នាក់ទី១២។ ចំពោះសិស្សពូកែថ្នាក់ទី១២ តើពួកគេអាចមានអាទិភាពជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខ ដោយស្វ័យប្រវត្តិ ឬអាចទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យសាធារណៈ ឬមានប៉ុស្ដិ៍ការងារក្របខណ្ឌ ក្រោយពួកគេក្រោយបញ្ចប់បរិញ្ញាបត្រ ឬទេ?

ទាក់ទងនឹងចម្ងល់នេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យ “កម្ពុជាថ្មី” ដឹងថា អត់មានគោលការណ៍អនុញ្ញាតិឱ្យបេក្ខជនជ័យលាភីសិស្សពូកែថ្នាក់ទី១២ ទូទាំងប្រទេសជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬទទួលបានអាហារូបករណ៍សាកលវិទ្យាល័យសាធារណៈ ឬមានប៉ុស្ដិ៍ការងារក្រោយពួកគេបញ្ចប់បរិញ្ញាបត្រ ដោយស្វ័យប្រវត្តិទេ។
ប៉ុន្តែលោក រស់ សុវាចា បានឱ្យដឹងបន្ថែមថា សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានផ្តល់អាហារូបករណ៍រៀនថ្នាក់បរិញ្ញាបត្រចំនួនបួនឆ្នាំដោយមិនត្រូវបង់ថវិកាសម្រាប់ជ័យលាភីថ្នាក់ទី១២ ទាំងបីមុខវិជ្ជា អក្សរសាស្ត្រខ្មែរ គណិតវិទ្យា និង រូបវិទ្យា ក្នុងករណីបេក្ខជនជ័យលាភីប្រឡងជាប់បាក់ឌុបនាពេលខាងមុខ។

មន្ត្រីជាន់ខ្ពស់ នៃក្រសួងអប់រំ យុវជន និងកីឡា រូបនេះ បានបញ្ជាក់ថា លទ្ធផលប្រឡងសិស្សពូកែទូទាំងប្រទេស ជាចំណុចចាប់ផ្ដើមថ្មីមួយសម្រាប់បេក្ខជនប្រឡងគ្រប់រូប។ លទ្ធផលប្រឡងសិស្សពូកែទូទាំងប្រទេស មិនគួរជាទីបញ្ចប់នៃការសិក្សាទេ។ ការសិក្សាជាដំណើរប្រព្រឹត្តទៅពេញមួយជីវិត។ អ្នកសិក្សាគ្រប់រូប ត្រូវបន្តមានក្តីសង្ឃឹមដើម្បីសម្រេចគោលបំណងជីវិត។
លោក រស់ សុវាចា មានប្រសាសន៍បន្តថា៖ “ខ្ញុំសូមលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យយល់ថា នៅក្នុងជីវិតរបស់យើងតែងជួបជោគជ័យ និងបទពិសោធន៍ផ្សេងៗ។ យើងត្រូវយកបទពិសោធន៍ទាំងឡាយ ជាមេរៀនជីវិតដើម្បីកសាងអនាគត។ យើងមិនអាចកែប្រែអតីតកាលបានទេ។ អ្វីដែលសំខាន់ គឺយើងត្រូវប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ហើយហ៊ានទទួលយកលទ្ធផលក្រោយការព្យាយាមអស់ពីចិត្ត ដើម្បីរៀបចំអនាគតឱ្យរឹតតែប្រសើរ”។

លោក រស់ សុវាចា លើកឡើងបន្ថែមថា ការសម្រេចចិត្តរបស់មនុស្ស ត្រូវឈរលើគោលបំណងជីវិតបុគ្គល។ យើងត្រូវដឹងថា យើងចង់បានអ្វីនៅក្នុងជីវិតរបស់យើង។ បេក្ខជនប្រឡងសិស្សពូកែគ្រប់រូប ត្រូវបន្តរៀនសូត្រដើម្បីសម្រេចគោលបំណងជីវិត។
លោក រស់ សុវាចា មានប្រសាសន៍បន្តថា៖ “ជារួម ខ្ញុំសូមផ្ដាំទៅប្អូនៗថា យើងត្រូវដឹងពីតម្រូវការ និងអាទិភាពជីវិតរបស់យើងឱ្យច្បាស់។ យើងត្រូវដឹងថា យើងចង់បានអ្វីនៅក្នុងជីវិត រួចខំប្រឹងរក្សាការតាំងចិត្តធ្វើដំណើរឆ្ពោះទៅសម្រេចគោលបំណងជីវិត”។
គួរបញ្ជាក់ថា ការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំ២០២២ មាន ជ័យលាភីមួយមុខវិជ្ជាៗចំនួន ១០ រូប សរុប ៦០ រូប។ សិស្សពូកែទទួលបានរង្វាន់ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល៖ ប្រកាសស្តីពីការទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ដោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មួយច្បាប់ មេដាយមួយគ្រឿងសម្រាប់បេក្ខជនជ័យលាភីចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ និង វិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេស មួយច្បាប់។

ប្រាក់រង្វាន់តាមចំណាត់ថ្នាក់៖ លេខ១ ទទួលបាន ៣ ៥០០ ០០០ រៀល, លេខ២ ៣ ២០០ ០០០ រៀល, លេខ៣ ២ ៩០០ ០០០ រៀល, លេខ៤ ២ ៦០០ ០០០ រៀល, លេខ៥ ២ ៣០០ ០០០រៀល, លេខ៦ ២ ០០០ ០០០ រៀល, លេខ៧ ១ ៧០០ ០០០ រៀល, លេខ៨ ១ ៤០០ ០០០ រៀល, លេខ៩ ១ ១០០ ០០០ រៀល និងលេខ១០ ទទួលបាន ៨០០ ០០០រៀល ព្រមទាំងប្រាក់រង្វាន់ ឬវត្ថុផ្សេងៗពីសប្បុរសជន៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី