ព័ត៌មានជាតិ
ផ្លូវជាតិ ៣ ខ្សែ រដ្ឋមន្រ្តីចុះទៅពិនិត្យផ្ទាល់ ដើម្បីធានាសាងសង់មានគុណភាព ជាប់រឹងមាំ
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំមន្រ្តីចុះពិនិត្យលើគម្រោងស្ថាបនាផ្លូវជាតិ ៣ ខ្សែនៅខេត្តភាគនិរតីជាប់សមុទ្រ។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គម ១៩ + ៧០០) និងបញ្ចប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គ.ម២១៥+៨០០) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។


គោលបំណងនៃការចុះពិនិត្យនេះ ធ្វើឡើងដើម្បីធានាឱ្យគុណភាពនៃសំណង់អនុលោមតាមបទដ្ឋានបច្ចេកទេស និងស្របតាមសៀវភៅបន្ទុក ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនម៉ៅការសាងសង់ សំដៅធ្វើឱ្យផ្លូវនេះមានគុណភាពរឹងមាំអាចប្រើប្រាស់ជាប់បានយូរអង្វែង។
ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាន ទាក់ទងនឹងគុណភាពនៃការស្ថាបនាពង្រីកកំណត់ផ្លូវជាតិលេខ ៤ នេះ លោករដ្ឋមន្ត្រីបង្ហាញជំនឿថា ការស្ថាបនាពង្រីកផ្លូវនេះនឹងមានគុណភាពល្អប្រសើរអាចទទួលយកបាន ដោយហេតុថាស្រទាប់គ្រឹះតួផ្លូវនៅចំកណ្ដាលមានគុណភាពល្អស្រាប់ ដោយគ្រាន់តែស្ថាបនាពង្រីកសងខាងផ្លូវ ហើយអ៊ុតបេតុកៅស៊ូ (AC) បន្ថែមតែប៉ុណ្ណោះ។
យ៉ាងណាមិញ បើតាមលោករដ្ឋមន្រ្តី ក្រសួងបានធ្វើតេស្តគុណភាពជាច្រើនកន្លែង មានមួយកន្លែងសាងសង់មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានស្នើឱ្យក្រុមហ៊ុនធ្វើការពិនិត្យកែតម្រូវឡើងវិញ។ ទន្ទឹមជាមួយគ្នានេះ ក្រសួងក៏ជំរុញឱ្យក្រុមហ៊ុនបង្កើនល្បឿននៃការស្ថាបនាពង្រីកផ្លូវនេះឱ្យចប់ផែនការដែលបានគ្រោងទុកផងដែរ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងនឹងបន្តចុះមកត្រួតពិនិត្យ និងតាមដានគុណភាពផ្លូវនេះថែមទៀត ដោយក្រសួងមានសម្ភារៈឧបករណ៍គ្រប់គ្រាន់ក្នុងការពិនិត្យតាមដានដោយការយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យផ្លូវនេះមានគុណភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង។
បន្តមកទៀត លោករដ្ឋមន្រ្តីបានដឹកនាំប្រតិភូចុះពិនិត្យគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្នុងពេលចុះពិនិត្យ ក្រុមបច្ចេកទេសដែលបានធ្វើតេស្តស្រទាប់គ្រឹះបានរកឃើញថាក្នុងចំនួនដប់កន្លែង មានមួយកន្លែងមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំឱ្យក្រុមហ៊ុនពិនិត្យកែតម្រូវឡើងវិញលើចំណុចខ្វះខាត ប៉ុន្តែជារួមការសាងសង់មានគុណភាពល្អអាចទទួលបានយកបាន។
គិតរហូតមកទល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ ៤៨ នេះសម្រេចវឌ្ឍនភាពការងារបានចំនួន៨%ហើយ។


ដោយឡែក ក្នុងឱកាសនោះដែរលោករដ្ឋមន្រ្តីក៏ចុះពិនិត្យផ្លូវជាតិលេខ ១០ ដែលកំពុងដំណើរការសាងសង់តភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរនៃខេត្តកោះកុង។ កំណាត់ផ្លូវមួយខ្សែនេះ ចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ហើយក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គ GMS (R10) ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ