ព័ត៌មានជាតិ
ពិព័រណ៍ការងារ ២ថ្ងៃ ចាប់ពីថ្ងៃនេះ នឹងផ្តល់ឱកាសការងារជាង ៣ ពាន់កន្លែង
ពិព័រណ៍ការងារដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និង ចូលរួមគាំទ្រដោយអង្គការអន្ដរជាតិខាងការងារ (ILO) រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣ ដល់ ទី២៤ ខែមិថុនា ឆ្នាំ២០២២ បានចាប់ផ្តើមហើយក្នុងទីតាំងមជ្ឈមណ្ឌល ម៉ានី និងអគារ KAMPUS ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។

ពិព័រណ៍រយៈពេលពីរថ្ងៃនេះ មានក្រុមហ៊ុន សហគ្រាសធំៗចំនួន ២២ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង ៣ ០០០ កន្លែង និងរំពឹងថានឹងមានយុវជនរាប់ពាន់នាក់ចូលរួមទស្សនា និងដាក់ពាក្យស្វែងរកការងារធ្វើ។
ថ្លែងក្នុងពិធីបើកពិព័រណ៍ការងារនាព្រឹកថ្ងៃទី២៣ ខែមិថុនា នេះ លោក ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា៖ “ពិព័រណ៍ការងារថ្ងៃនេះ ត្រូវបានប្រារព្ធឡើងចំពេលវេលា ប្រកបដោយភាពបត់បែន ប្រទាក់ក្រឡា និងស្ថិតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាអន្តរការី នៃសេវាការងារ សំដៅជួយជំរុញដំណើរការ និងសម្របសម្រួលដល់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុង ទីផ្សារការងារឱ្យទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមា ពីការផ្តល់សេវាការងារសាធារណៈ របស់ រាជរដ្ឋាភិបាល។”

លោក ហៃ ហ៊ុនឡេង មានប្រសាសន៍បន្តថា គោលបំណងសំខាន់បំផុតនៃពិព័រណ៍ការងារ គឺការបង្កើតជាវេទិកា ប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការងារ, ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារ ជូនដល់សាធារណជនដើម្បី កាន់តែងាយស្វែងរក, ងាយចូលរួម, ឆ្លើយតបឆាប់រហ័ស។ ព្រឹត្តិការណ៍នេះបានខិតខំរិះរកវិធីកាន់តែមានប្រសិទ្ធភាពស្របតាមតម្រូវការ របស់និយោជក និងអ្នកស្វែងរកការងារ ដើម្បីបង្កើតនូវបរិយាកាសប្រកបដោយ ភាពសកម្ម និងភាពឆ្លើយតបទាន់ពេលវេលា សំដៅពង្រីកវិសាលភាពការងារ និងការស្រូបយកកម្លាំងពលកម្មដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរគ្រប់វិស័យ។

លោកបណ្ឌិត តាន់ មុនីវណ្ណ តំណាង លោក សាយ សំអាល ប្រធានសហភាពសហព័ន្ធរាជធានីភ្នំពេញមានប្រសាសន៍ថា ពិព័រណ៌ការងារឆ្នាំ២០២២ នេះបានក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំព័ត៌មានទីផ្សារការងារ និងឱកាសទទួលបានការងារកាន់តែទូលំទូលាយ ព្រមទាំងជាវេទិកាដ៏មានសារៈសំខាន់សម្រាប់បង្ហាញផ្លូវដល់យុវជន សិស្ស និស្សិតឱ្យទទួលបានចំណេះដឹង ចំណេះជំនាញថ្មីៗពីអ្នកជំនាញ និងអ្នកស្រាវជ្រាវសម្រាប់រៀបចំខ្លួន និងប្រែក្លាយគោលដៅជីវិត ឱ្យបានសមស្របជាមួយសភាពការប្រែប្រួលក្នុងទីផ្សារក្នុងប្រទេស និងក្នុងតំបន់។

ដូច្នេះ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យស្វែងរកការងារជាមួយបណ្តាក្រុមហ៊ុនធំៗដែលចូលរួមក្នុងពិព័រណ៍ការងាររយៈពេល ២ថ្ងៃ នេះ។ លើសពីនេះ ប្អូនៗក៏អាចចូលរួមដោយ មិនគិតថ្លៃនៅក្នុងវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី៖ “ការត្រៀមខ្លួនចូលការងារ និងសហគ្រិនភាព” ដើម្បីនឹងទទួលបានចំណេះដឹងពីវាគ្មិនល្អៗដែលមានបទពិសោធន៍ក្នុងទីផ្សារការងារ។

គួរបញ្ជាក់ថា កន្លងមក ដោយសារតែការរីករាលដាលជំងឺកូវីដ-១៩ ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលជាមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ ត្រូវបានរៀបចំរយៈពេលពីរឆ្នាំតាមប្រព័ន្ធអនឡាញ។ ដោយឡែកសម្រាប់ចុងឆ្នាំ២០២២ នៅថ្ងៃទី ២៨-២៩ ខែតុលា ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំពិព័ណ៌ការងារ និងផលិតភាពជាតិថ្នាក់ជាតិ តាមរយៈការជួបគ្នាផ្ទាល់ឡើងវិញនៅឯមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ឱ្យកាន់តែមានវិសាលភាព និងការចូលរួមកាន់តែទូលំទូលាយថែមទៀត៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ