ព័ត៌មានជាតិ
មេសហជីពមួយរំពឹងថា ប្រាក់ឈ្នួលកម្មករឆ្នាំ២០២៣ នឹងបន្តកើនឡើង ជាងឆ្នាំ២០២២
នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា រំពឹងថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ ខាងមុខនេះ នឹងបន្តកើនឡើងជាងឆ្នាំ២០២២នេះ ដែលមានចំនួន ១៩៤ ដុល្លារអាមេរិកក្នុង ១ខែ។

កម្ពុជាបានបន្តតំឡើងប្រាក់ឈ្នួលអប្បបរមាពីរឆ្នាំជាប់គ្នា នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ខណៈប្រទេសក្នុងតំបន់ និងប្រទេសប្រកួតប្រជែងជាមួយកម្ពុជា បានពន្យារពេល ឬមិនបានផ្តល់ឱកាសឱ្យមានការជជែកចរចាប្រាក់ឈ្នួលអប្បបរមានោះឡើយនៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតម្លើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ជាបន្តបន្ទាប់ដោយឆ្នាំ២០២១បានតម្លើងដល់ចំនួន ១៩២ ដុល្លារ និងសម្រាប់ឆ្នាំ២០២២ កើនឡើងដល់ចំនួន ១៩៤ ដុល្លារអាមេរិកក្នុង១ខែ ដោយមិនគិតពីអត្ថប្រយោជន៍ផ្សេងៗទៀតនៅឡើយ។
លោក អាត់ ធន់ បានបន្តថា ការណ៍ដែលប្រាក់ឈ្មួកម្មករត្រូវបានតម្លើងបន្ថែមទៀតនេះ ដោយសារតែវិស័យវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប មានការរីកចម្រើនយ៉ាងខ្លាំង ចាប់តាំងពីចុងឆ្នាំ២០២១ រហូតមកដល់ឆ្នាំ២០២២នេះ បន្ទាប់ពីរងផលប៉ះពាល់ដោយសារការរាតត្បាតជំងឺកូវីដ-១៩ រួចមក។

លោក អាត់ ធន់ លើកឡើងថា៖ “បច្ចុប្បន្ននេះ វិស័យនេះមានការរីកលូតលាស់ខ្លាំងណាស់ មានក្រុមហ៊ុនខ្លះបានបញ្ជាទិញច្រើនដោយបានចុះកុងត្រា១ទៅ២ឆ្នាំក៏មានដែរ ហើយចំណែកការនាំចេញទៅក្រៅប្រទេស ពិសេសអាមេរិកមានទំហំទឹកប្រាក់រហូតដល់ជិត ៨ ពាន់លានដុល្លារ ក្នុងនោះផ្នែកកាត់ដេរសម្លៀកបំពាក់មានប្រមាណជាង ៤ ពាន់លានដុល្លារនៅដើមឆ្នាំ២០២២នេះ”។
យ៉ាងណាក៏ដោយលោកក៏មិនដឹងថាឆ្នាំ២០២៣ ប្រាក់ឈ្មួលកម្មករនឹងត្រូវតម្លើងប៉ុន្មាននោះទេ ដោយបច្ចុប្បន្ននេះក្រុមការងារសហជីពកំពុងធ្វើការស្រាវជ្រាវអំពីតម្រូវការរស់នៅរបស់កម្មករនិយោជិតបន្ថែមទៀត ដើម្បីបានទិន្នន័យថ្មីៗសម្រាប់ដាក់សំណើប្រាក់ឈ្មួលថ្មី ខណៈក្រុមការងារសហជីពនឹងជួបប្រជុំគ្នាក្នុងពេលឆាប់ៗនេះដើម្បីពិភាក្សាគ្នាឱ្យបានលម្អិតជាមុនសិនមុន នឹងដាក់សំណើទៅរដ្ឋាភិបាល។
បើតាមលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចុះកាលពីយប់ថ្ងៃទី២៣ ខែមិថុនាថា ចំពោះកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៣ ខាងមុខនេះគឺ នៅខែកក្កដា ឆ្នាំ២០២២ ជាការចាប់ផ្តើមពិភាក្សា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ។ ខែសីហា ឆ្នាំ២០២២ ជាការចាប់ផ្តើមពិភាក្សា ជាលក្ខណៈទ្វេភាគី និងត្រីភាគី។ ខែកញ្ញា ឆ្នាំ២០២២ បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បបរមា។
លោករដ្ឋមន្ត្រីបានបានណែនាំឱ្យគ្រប់ភាគីទាំងអស់ ត្រូវប្រើប្រាស់ទិន្នន័យផ្លូវការស្របច្បាប់ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ដោយយោងលើលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ដូចមានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការពិភាក្សា សម្របសម្រួលផ្ទៃក្នុង និងទទួលបានគោលជំហររួមមួយ៕
អត្ថបទ៖ សំអឿន

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល