ព័ត៌មានជាតិ
ក្រុមយុវជន សាទរចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងដាក់ជំនួសដោយកន្រ្ដកបរិស្ថាន
ក្រុមយុវជន ដែលតែងតែធ្វើកិច្ចការងារពាក់ព័ន្ធនឹងបរិស្ថាន បានបង្ហាញការពេញចិត្តចំពោះយុទ្ធនាការ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន។ ការគាំទ្រនេះ គឺធ្វើឡើងស្របពេលដែលក្រសួងបរិស្ថាន បានរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្ដកបរិស្ថាន នៅខេត្តកំពត នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២នេះ ដែលមានអ្នកចូលរួមប្រមាណ ២៦០នាក់។

សកម្មជនបរិស្ថានកញ្ញា ភួន កែវរស្មី បានឲ្យដឹងថា វាជារឿងល្អបំផុតដែលក្រសួងបរិស្ថាន មានគោលដៅចង់បញ្ឈប់នូវការផ្ដល់ថង់ប្លាស់ស្ទិក ពីអាជីវករទៅអ្នកទិញដោយឥតគិតថ្លៃ នៅតាមផ្សារទូទៅក្នុងប្រទេសកម្ពុជា។ កញ្ញាបន្តថា បញ្ហាប្លាស្ទិកមានការជាប់ទាក់ទងទៅនឹងការទិញបន្លែផ្លែឈើ ម្ហូបអាហារ គ្រឿងទេស ដែលសុទ្ធសឹងតែជារបស់ត្រូវការចាំបាច់ ដែលទ្រង់ការរស់នៅរបស់មនុស្ស។ កញ្ញាសម្គាល់ថា ប្លាស្ទិកមានប្រភពភាគច្រើនចេញពីផ្សារតូចតាចធម្មតា ខណៈដែលផ្សារទំនើបជាទូទៅមិនសូវមានការលើកទឹកចិត្ត ឲ្យអតិថិជនប្រើប្រាស់ថង់ប្លាស្ទិកនោះទេ។

កញ្ញាបញ្ជាក់បន្ថែមថា ៖«ដើម្បីឲ្យយុទ្ធនាការនេះជោគជ័យ ទីមួយគាត់ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករនៅក្នុងផ្សារទូទាំងប្រទេស ទីពីរគាត់ត្រូវជម្រុញតាមដានអំពីការអនុវត្តថាតើមានដល់កម្រិតណា ទីបីខ្ញុំថាគួរតែមានការពិន័យ ឬណែនាំចំពោះការដែលមិនមានការអនុវត្តខ្ជាប់ខ្ជួនក្នុងការផ្ដល់ថង់ប្លាស្ទិកទៅដល់អតិថិជនរបស់ខ្លួន»។

លោក សាន ដារ៉ាវីត ដែលគេស្គាល់ជាទូទៅថា ជាយុវជនសំរាម ក៏បានសាទរចំពោះយុទ្ធនាការក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលរៀបចំដោយក្រសួងបរិស្ថាននេះដែរ។ លោកថា ចំណេះដឹងអំពីការប្រើប្រាស់ប្លាស្ទិក របស់ពលរដ្ឋខ្មែរនៅមានកម្រិត ទាំងអ្នកនៅក្នុងក្រុង និងអ្នកនៅតាមជនបទ។ លោកបន្ថែមថា នៅតាមហាងកាហ្វេ ឬភោជនីយដ្ឋានមួយចំនួន នៅតែមានការប្រើប្រាស់ប្លាស្ទិក និងកែវជ័រច្រើន បើទោះបីជានៅតាមផ្សារទំនើបខ្លះបានកម្រិតចំនួនថង់ប្លាស្ទិក ក៏ប៉ុន្តែការកំណត់នេះនៅមានចំនួនតិចតួចនៅឡើយ។

លោកបញ្ជាក់ថា អ្នកប្រើប្រាស់ភាគច្រើន មិនបានដឹងពីផល់ប៉ះពាល់ ក៏ដូចជាកំណើននៃសំរាមដែលចំនួននេះ នៅតែមានការកើនឡើង។ ទោះជាយ៉ាងនេះក្ដីលោកសង្ឃឹមថា ក្រសួងនិងអ្នកពាក់ព័ន្ធ ពិសេសក្រុមយុវជន នឹងមានយុទ្ធនាការផ្ទាល់ខ្លួន អំពីការកាត់បន្ថយប្លាស្ទិក និងសំរាមដែលមិនងាយរលាយ ឬក៏មានការទុកដាក់សំរាម ឲ្យបានត្រឹមត្រូវដើម្បីងាយស្រួលកែច្នៃ។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួនបីគឺ៖ ទីមួយ ផ្សព្វផ្សាយជាផ្លូវការ នូវចលនាទូលំទូលាយរួមគ្នា កាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្ត ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពី ការគ្រប់គ្រងថង់ប្លាស្ទិក។ ទីពីរ គឺជំរុញនិងលើកទឹកចិត្តដល់អាជីវករ ឲ្យបញ្ឈប់ជាអចិន្រ្តៃយ៍នូវការផ្តល់ថង់ប្លាស្ទិក ដោយមិនគិតថ្លៃដល់អតិថិជន។

ចំណែកទីបី គឺចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមសហគមន៍ តាមរយៈការផលិតកន្រ្តក ដែលធ្វើពីចចូតជាផលិតផលក្នុងស្រុក។ តាមរយៈយុទ្ធនាការនេះ គណៈអធិបតី បានប្រគល់នូវកន្រ្ដកបរិស្ថាន ជូនអ្នកចូលរួមក្នុងអង្គពិធី ពិសេសបានចុះចែកជូនដល់ប្រជាពលរដ្ឋ អាជីវករក្នុងផ្សារសាមគ្គី ដើម្បីរួមចំណែកកាត់បន្ថយថង់ប្លាស្ទិក ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។

ទោះជាយ៉ាងនេះក្ដី ទាំងលោក សាន ដារ៉ាវីត និងកញ្ញា ភួន កែវរស្មី យល់ស្របគ្នាថា យុទ្ធនាការនេះគួរតែធ្វើការផ្សព្វ ផ្សាយបន្ថែម តាមរយៈការអប់រំ ដល់ប្រជាពលរដ្ឋ សិស្សនិស្សិតនៅតាមសាលារៀន និងចាត់បញ្ចូលទៅក្នុងកម្មវីធីសិក្សារបស់សិស្ស ដោយមានការអប់រំជាប្រចាំសប្ដាហ៍ ឬប្រចាំខែ ខណៈដែលវត្តមានសំរាម នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន គឺមានការកើនឡើងខ្លាំង៕
អត្ថបទ៖ លន់ សេនី


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ