ព័ត៌មានជាតិ
តើមានសមិទ្ធផលសំខាន់ៗអ្វីខ្លះ បានកើតឡើងក្នុងរយៈពេល៥៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ?
មានប្រសាសន៍នៅក្នុងបទសម្ភាសន៍ ស្តីពីទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងវៀតណាម ក្នុងឱកាសខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិអន្តរជាតិកម្ពុជាបានលើកឡើងថា ក្នុងរយៈពេល៥៥ ឆ្នាំ នៃទំនាក់ទំនងកាទូត មានសមិទ្ធផលលេចធ្លោច្រើនណាស់ បានកើតឡើង។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងរយៈពេលនេះ វិស័យសេដ្ឋកិច្ច ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើងគួរឱ្យកត់សំគាល់។ ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ១៩៩៥ មានត្រឹមតែ ៨៥ លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ ក្នុងឆ្នាំ២០១៩ យើងសម្រេចបានតាមគោលដៅ ដែលបានកំណត់ដោយរដ្ឋាភិបាល នៃប្រទេសទាំងពីរក្នុងទំហំប្រមាណ៥,២ ប៊ីលានដុល្លារអាមេរិក។ ក្នុងគ្រាដែលពិភពលោកជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ យើងសម្រេចបានជាង៥,៣ ប៊ីលានដុល្លារអាម៉េរិក ហើយបានបន្តកើនឡើងជាង៩,៥ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១។
ដោយឡែកត្រឹមរយៈពេល៥ខែ ឆ្នាំ២០២២នេះ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានប្រមាណ៥,៤៥ ប៊ីលានដុល្លារអាម៉េរិក។ ដោយឡែក វិនិយោគផ្ទាល់ (FDI) ពីប្រទេសវៀតណាម មានការរីកចម្រើនជាបន្តបន្ទាប់។ គិតត្រឹមចុងឆ្នាំ២០២១ ទុនវិនិយោគផ្ទាល់បរទេសរបស់វៀតណាម នៅកម្ពុជាឈរលំដាប់ទី៤ ក្នុងទឹកប្រាក់សរុបប្រមាណ២,៥ ប៊ីលានដុល្លារអាមេរិក។
វិស័យអប់រំ ប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូរនិស្សិតអាហារូបករណ៍ទៅវិញទៅមកជាទៀងទាត់ ចាប់តាំងពីឆ្នាំ១៩៨១ ដោយក្នុងមួយឆ្នាំវៀតណាមបានផ្តល់ឱ្យយើង ១២០កន្លែង ហើយយើងក៏បានផ្តល់ជូនវៀតណាមវិញ៣៥ កន្លែង។ កម្ពុជាបានបញ្ជូននិស្សិតអាហារូបករណ៍ ទៅសិក្សានៅវៀតណាម ចាប់ពីថ្នាក់មធ្យមសិក្សាបច្ចេកទេស ដល់ថ្នាក់បណ្ឌិត ចំនួន ៣.៩៦៧ នាក់ ក្នុងចន្លោះឆ្នាំ ១៩៨១-២០២១ ហើយនិស្សិត និងមន្ត្រីវៀតណាមចំនួន៤៧៧នាក់ បានមកសិក្សានៅកម្ពុជាចាប់ពីឆ្នាំ ២០០០-២០២១។
វិស័យសន្តិសុខ និងការពារជាតិ កងកម្លាំងនៃប្រទេសពីរ ទាំងប៉ូលីស និងយោធា បាននិងកំពុងបន្តសហការគ្នាចាត់វិធានការយ៉ាងម៉ឺងមាត់ និងដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់រាល់សកម្មភាពនៃបទល្មើសគ្រប់ប្រភេទនៅតាមបណ្តោយព្រំដែន ដូចជា ភេរវកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធទំនិញ ការកាប់ព្រៃឈើខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងដែននានាជាដើម។
ចំណែកកិច្ចការព្រំដែន កម្ពុជាបាននិងកំពុងកសាងព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិឌ្ឍ ជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយពាក់ព័ន្ធនឹងការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែនជាមួយវៀតណាម សម្រេចបាននូវវឌ្ឍនភាពការងារទៅដល់៨៤ ភាគរយ ហើយកំពុងតែខិតខំចរចារ ដើម្បីជម្រុញការងារនេះបញ្ចប់ឱ្យបានឆាប់។ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការបើកច្រកព្រំដែន និងការគ្រប់គ្រងព្រំដែន កំពុងបន្តដំណើរការទៅមុខយ៉ាងរលូន។
បច្ចុប្បន្ននេះ កម្ពុជាមានច្រកទ្វារព្រំដែនជាមួយវៀតណាមសរុបចំនួន៤៣ ក្នុងនោះមានច្រកទ្វារកំពង់ផែសមុទ្រចំនួន៤ ច្រកទ្វារព្រំដែនអន្តរជាតិចំនួន១៤ ច្រកទ្វារព្រំដែនទ្វេភាគីចំនួន១៣ និងច្រកទ្វារតំបន់ចំនួន១២។ ថ្មីៗ នេះ ក្នុងពិធីសម្ភោធហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 សម្តេចតេជោយករដ្ឋមន្ត្រីបានប្រកាសថា ច្រកទ្វារអន្តរជាតិកម្ពុជា វៀតណាមថ្មីមួយទៀត នឹងត្រូវបានបង្កើតឡើងនៅតំបន់នេះ។
ក្នុងឆ្នាំកន្លងទៅនេះ ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងខេត្តព្រៃវែង ទល់នឹងច្រកព្រំដែនអន្តរជាតិតឹនណាម ខេត្តតៃនិញ ប្រទេសវៀតណាម ត្រូវបានរដ្ឋាភិបាលទាំងពីរសម្រេចឱ្យដំណើរការក្នុងកម្រិតថ្នាក់ខេត្ត កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដើម្បីសម្រួលដល់ការឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរ មុននឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក្នុងពេលវេលាសមស្របនាពេលឆាប់ៗខាងមុខ។
ការបង្កើតផ្សារគំរូព្រំដែនកម្ពុជា វៀតណាម “ផ្សារដា” ក្នុងខេត្តត្បូងឃ្មុំ មិនត្រឹមតែចូលរួមចំណែកដល់កិច្ចជម្រុញពាណិជ្ជកម្មទ្វេភាគីតាមបណ្តោយព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជម្រុញអនុវត្តចក្ខុវិស័យរបស់សម្តេចតេជាក្នុងការអភិវឌ្ឍ និងប្រែក្លាយតំបន់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ដើម្បីលើកកំពស់ជីវភាព សុខមាលភាព និងភាពសុខសាន្តរបស់ប្រជាជនរស់នៅតំបន់ព្រំដែនផងដែរ។
វិស័យសុខាភិបាល នៅចំពោះមុខបញ្ហាប្រឈមនៃការរីករាលដាលជំងឺកូវីដ-១៩ ប្រទេសទាំងពីរបានជ្រោមជ្រែង និថគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទាំងផ្នែកហិរញ្ញវត្ថុ សម្ភារៈ វេជ្ជសាស្ត្រ និងស្មារតីសាមគ្គីភាព បន្ថែមលើកិច្ចសហប្រតិបត្តិការគ្រប់គ្រងជំងឺឆ្លង និងជំងឺផ្សេងៗ តាមរយៈការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងឧត្តមានុវត្តន៍ ជាពិសេសរវាងបណ្តាខេត្តជាប់ព្រំដែន។
ក្រៅពីកិច្ចសហប្រតិបត្តិទ្វេភាគី យើងក៏មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅក្នុងតំបន់ និងអន្តរជាតិផងដែរ ដូចជាក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) កិច្ចសហប្រតិបត្តិការក្របខ័ណ្ឌកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) ក្របខ័ណ្ឌយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) ជាដើម៕
ដោយ ៖ កោះកែវ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃចូលឆ្នាំថ្មី ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់