ព័ត៌មានជាតិ
ខេត្តព្រះសីហនុគ្រោងរៀបចំភ្លើងបំភ្លឺ និងសោភ័ណភាពបន្ថែម សម្រាប់បុណ្យសមុទ្រចុងឆ្នាំ
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបាន ឱ្យដឹងថា រដ្ឋបាលខេត្តគ្រោងរៀបចំបំពាក់ភ្លើងបំភ្លឺ និងរៀបចំសោភ័ណភាពក្រុងបន្ថែមឱ្យកាន់តែស្រស់ស្អាតទៀត សម្រាប់ពិធីបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ឆ្នាំ២០២២ ដែលនឹងប្រារព្ធធ្វើនៅចុងឆ្នាំនេះ។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះថា ទីតាំងដែលត្រូវរៀបចំបំពាក់ភ្លើងបំភ្លឺបន្ថែមរួមមាន នៅទីតាំងប្រារព្វពិធី នៅទីលានតេជោ សួនច្បារវិមានឯករាជ្យ សួនច្បារកូនសោរ និងរូបសំណាកបដិមាករ ខ្មែរធ្វើបាន ដើមឈើ និងតាមបណ្តោយឆ្នេរ។
លោក ឃាង ភារម្យ ដែលបានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួងតាមរយៈហ្សូម កាលពីម្សិលមិញក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំបុណ្យសមុទ្រ បានបន្តទៀតថា ភារកិច្ចចាំបាច់ចំពោះមុខគឺការងារការពារសន្តិសុខ-សុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្តរជាតិ ដែលត្រូវអញ្ជើញចូលរួមក្នុងពិធី និងពេលអញ្ជើញត្រឡប់ទៅវិញ និងបានដាក់ចេញនូវផែនការសម្អាតអនាម័យ និងរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ ទាំងក្នុងទីប្រជុំ រមណីយដ្ឋាន ជាពិសេសតំបន់ឆ្នេរសមុទ្ររបស់យើង ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង និងបង្ហាញពីសមិទ្ធផលដែលកើតមាននៅលើទឹកដី នៃខេត្តព្រះសីហនុ។

លោក ឃាង ភារម្យ បានបន្ថែមថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងចាប់ផ្តើមនៅ ថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងខេត្តកោះកុង។
លោកបានបញ្ជាក់ថា ពិធីបើកបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នឹងធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅទីលានតេជោ (ពយតាមូង) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
លោកបានឱ្យដឹងទៀតថា ទន្ទឹមនឹងការរៀបចំពិធីបុណ្យសមុទ្រ ក៏មានសកម្មភាពកីឡាលើទឹកមានដូចជា (ទូកក្តោង) កីឡាលើឆ្នេរខ្សាច់ (បាល់ទះ និងបាល់ទាត់) ហើយក៏មានទស្សនីយភាពសិល្បៈ ក្នុងនោះក៏មានរៀបចំតាំងពិព័រណ៍មានដូចជា ពិពណ៌ម្ហូបអាហារ និងពិព័រណ៍ផលិតផលក្នុងស្រុកផងដែរ។

បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំបុណ្យសមុទ្រ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នាចុងឆ្នាំនេះ ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈឋិតនៅក្នុងដំណាក់កាលក្រោយកូវីដ-១៩ និន្នាការនៃការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ មិនមានច្រើនដូចមុនការរាតត្បាតជាសកលដោយជំងឺនេះ ដោយកត្តាជីវភាពទាំងភ្ញៀវក្នុងស្រុក និងក្រៅស្រុក។
លោករដ្ឋមន្ត្រី បានអំពាវនាវដល់ផ្នែកឯកជនទាំងអស់ រៀបចំតម្លៃកញ្ចប់ទស្សនកិច្ចឱ្យបានសមរម្យ និងសមស្របសម្រាប់ភ្ញៀវទេសចរអាចទទួលយកបាន ដើម្បីជាការប្រកួតប្រជែងសម្រាប់តម្លៃទីផ្សារសម្រាប់ទាក់ទាញទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។

លោករដ្ឋមន្ត្រីបានបន្តថា បើសិនជាវិស័យឯកជនរៀបចំតម្លៃទស្សនកិច្ចបានថោកសមរម្យ ព្រមជាមួយនឹងការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិ ចូលមកក្នុងប្រទេសកម្ពុជា កាន់តែមានភាពងាយស្រួលផងនោះ វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា នឹងអាចទទួលបានភ្ញៀវទេសចរ កាន់តែច្រើនឡើងបន្ថែមទៀត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ