ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ កម្ពុជាកំពុងពិនិត្យមើលក្រមគោលចំនួន ៤ ដើម្បីធានាភាពយុត្តិធម៌ជូនពលរដ្ឋ
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា កម្ពុជាកំពុងពិនិត្យមើលក្រមច្បាប់ចំនួន ៤ ដើម្បីធានាភាពយុត្តិធម៌ជូនពលរដ្ឋ។ លោកថ្លែងដូច្នេះនៅក្នុងវេទិការពិភាក្សា ស្ដីពី វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុត្តិធម៌នៅកម្ពុជា ដែលមានការចូលរួមពីសំណាក់តួអង្គអ្នកសារព័ត៌មាន និងតួអង្គសង្គមស៊ីវិល ដែលធ្វើការងារទាក់ទងនឹងវិស័យសិទ្ធិមនុស្ស និងវិស័យយុត្តិធម៌។

លោក ជិន ម៉ាលីន បញ្ជាក់ថា ក្រមទាំង ៤ ដែលជាច្បាប់គោល និងជាសរសរគ្រឹះនៃប្រព័ន្ធយុត្តិធម៌របស់កម្ពុជា រួមមាន៖ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី កំពុងត្រូវបានពិនិត្យមើលឡើងវិញ។ លោកថា នៅក្នុងក្រមទាំង ៤ នេះ មានបទបញ្ញត្តិខ្លះ មិនអាចយកមកអនុវត្តនៅក្នុងសង្គមកម្ពុជាបានទេ ខណៈដែលការប្រើប្រាស់ពាក្យពេចន៍ និងភាសាមួយចំនួននោះទៀតសោត ក៏មិនត្រូវនឹងសង្គមកម្ពុជាដែរ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកសិក្សាខ្លះស្ដាប់បានតែមិនអាចយល់បាន និងបង្កឲ្យមានការបកស្រាយផ្ទុយគ្នា។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ទៀតថា ក្រសួងយុត្តិធម៌ កំពុងត្រួតពិនិត្យមើលបញ្ហានេះ តាមរយៈការបង្កើតគណៈកម្មាការចម្រុះ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងវាយតម្លៃទៅលើក្រមទាំង ៤ ដោយចាប់ផ្ដើមពីការវាយតម្លៃ ថាតើច្បាប់គោលនេះមានបញ្ហាអ្វី ហើយហេតុអ្វីបញ្ញត្តិខ្លះមិនទាន់អាចអនុវត្តបាន និងថាតើយើងត្រូវធ្វើរបៀបណាដើម្បីឲ្យក្រមទាំង ៤នេះ អាចអនុវត្តបាន និងឆ្លើយតបទៅនឹងសេចក្ដីត្រូវការ ក្នុងបរិបទរបស់កម្ពុជាពិតប្រាកដ។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌រូបនេះ ឲ្យដឹងទៀតថា ក្រៅតែពីការពិនិត្យឡើងវិញនូវច្បាប់ដែលជាសរសរគ្រឹះទាំង ៤ របស់កម្ពុជា ក្រសួងយុត្តធម៌ ក៏នឹងកំពុងរៀបចំ និងសម្រេចឲ្យបាននូវច្បាប់លក្ខន្តិកៈ ពាក់ព័ន្ធនឹងវិជ្ជាជីវៈចំនួន ៣ រួមមាន៖ ច្បាប់ស្ដីពីលក្ខន្តិកៈក្រឡាបញ្ជី ច្បាប់ស្ដីពីលក្ខន្តិកៈអាជ្ញាសាលា និងច្បាប់ស្ដីពីលក្ខន្តិកៈសារការី ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២២ខាងមុខនេះ។
ទន្ទឹមនឹងនេះ ក្រសួងយុត្តិធម៌ក៏នឹងរៀបចំគោលនយោបាយស្ដីពីវិជ្ជាជីវៈសន្ទានការី ឬអ្នកសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីកំណត់ពីគុណសម្បត្តិ និងការឧបត្ថម្ភគាំទ្រ ការត្រួតពិនិត្យ និងការវាយតម្លៃគុណភាពនៃការងារសន្ទានកម្មផងដែរ។
សូមបញ្ជាក់ថា កម្ពុជាបានចំណាយពេល ១០ឆ្នាំ ក្នុងការកសាងក្រម ឬច្បាប់គោល សម្រាប់អនុវត្តនៅក្នុងវិស័យតុលា ការកម្ពុជា ដោយក្នុងនោះក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌទទួលបានការជួយជ្រោមជ្រែង និងផ្ដល់បច្ចេកទេសពីសំណាក់ក្រុមអ្នកជំនាញ របស់ប្រទេសបារាំង។ ចំណែកឯក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមរដ្ឋប្បវេណី ទទួលបានការជ្រោមជ្រែង និងផ្ដល់ជាបច្ចេកទេសពីសំណាក់ក្រុមអ្នកជំនាញ របស់ប្រទេសជប៉ុន៕
អត្ថបទ៖ លន់ សេនី

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?