ព័ត៌មានជាតិ
តោះ! មកស្គាល់ពីកម្រិតវប្បធម៌របស់អភិបាលរាជធានី-ខេត្តរបស់កម្ពុជា
ក្នុងមុខងារជាអ្នកដឹកនាំ គ្រប់គ្រង និងអនុវត្តដោយផ្ទាល់រាល់កិច្ចការទាំងឡាយរបស់រដ្ឋបាលរាជធានី-ខេត្ត គឺអភិបាលជារូបវន្តបុគ្គលមួយរូបដែលទាមទារឲ្យមានកម្រិតវប្បធម៌-សមត្ថភាពខ្ពស់ និងមានចក្ខុវិស័យវែងឆ្ងាយ ។ ជាក់ស្ដែង អភិបាលរាជធានី-ខេត្ត ដែលកំពុងកាន់តំណែងនាពេលបច្ចុប្បន្ននេះ បើនិយាយអំពីការសិក្សាសុទ្ធតែមានកម្រិតវប្បធម៌ខ្ពស់ខ្ពង់ ក្នុងនោះ អភិបាលរាជធានី-ខេត្តខ្លះទទួលការសិក្សាពីក្រៅប្រទេសថែមទៀតផង។ នៅថ្ងៃនេះ «កម្ពុជាថ្មី» សូមបង្ហាញនូវអភិបាលរាជធានី-ខេត្តចំនួន១០រូបដែលមានកម្រិតវប្បធម៌មិនធម្មតាឡើយ៖
១/ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យ សន្ធរម៉ុក នៅឆ្នាំ១៩៨៧។ នៅឆ្នាំ១៩៨៨-១៩៩២ លោកបានបញ្ចប់បរិញ្ញាបត្រវិស្វកម្មនៅអតីតសហភាពសូវៀត។ នៅឆ្នាំ១៩៩២-១៩៩៧ លោកបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សានៅមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លុះនៅឆ្នាំ២០០២-២០០៤ អភិបាលរាជធានីរូបនេះ បានបញ្ចប់ការសិក្សាសញ្ញាបត្រអនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ហើយនៅឆ្នាំ២០០៧ លោកទទួលបានសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយ។
២/ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។ លោកបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ១៩៩០។ នៅឆ្នាំ១៩៩៥ លោក គង់ សោភ័ណ្ឌ បញ្ចប់ការសិក្សាបរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែករូបវិទ្យា។ នៅឆ្នាំ១៩៩៨ លោកបានបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាលក្របខណ្ឌមន្ត្រីជាន់ខ្ពស់ ជំនាញមន្ត្រីរដ្ឋបាលសាធារណៈ។ នៅចន្លោះឆ្នាំ២០០៤ និង២០០៦ លោក គង់ សោភ័ណ្ឌ បន្តយកបរិញ្ញាបត្រជាន់ខ្ពស់ចំនួនពីរទៀត គឺបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា និងបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងនៃសាកលវិទ្យាល័យបៀលប្រាយ។ រហូតដល់ឆ្នាំ ២០០៨ លោកបានបន្តសិក្សាថ្នាក់បណ្ឌិតច្បាប់នៅរាជបណ្ឌិត្យសភាកម្ពុជា។ ស្ថិតក្នុងតួនាទីជាមន្ត្រីរាជការ លោកក៏បានចូលសិក្សាវគ្គបណ្ដុះបណ្ដាលនៅក្រសួងមហាផ្ទៃ ដោយទទួលវិញ្ញាបនបត្រការកសាងផែនការអភិវឌ្ឍន៍ឃុំ ផងដែរ។
៣/ លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ លោកជាអតីតនិស្សិតបរិញ្ញាបត្រនៅសាកលវិទ្យាល័យសេដ្ឋកិច្ច ទីក្រុងភ្នំពេញ ហើយលោក ទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម នៅខេត្តបន្ទាយមានជ័យ ដែលជាមូលដ្ឋានគ្រប់គ្រងរបស់លោក។
៤/ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ លោក គឺជាអភិបាលខេត្តមួយរូបដែលមានកេរ្តិ៍ឈ្មោះ ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំកំពូល និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ចំពោះការសិក្សាវិញ លោក គួច ចំរើន បានចូលរៀននៅមហាវិទ្យាល័យបច្ចេកទេសកងទ័ព នៅប្រទេសវៀតណាម។ ក្រោយមកនៅឆ្នាំ១៩៩៣ លោកបានសិក្សាបន្តនៅមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកក៏ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈនៅឆ្នាំ២០១៧ នៃសកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចផងដែរ។
៥/ លោក ទៀ សីហា អភិបាលខេត្តសៀមរាប។ លោក គឺជាមន្ត្រីវ័យក្មេងមួយរូបដែលកាន់តំណែងជាអភិបាលខេត្ត ហើយគេក៏បានស្គាល់ច្បាស់ថា លោក គឺជាកូនប្រុសបង្កើតរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ តែយ៉ាងណា បើនិយាយអំពីការសិក្សាវិញ លោក ទៀ សីហា បានសិក្សាកម្រិតមធ្យមសិក្សានៅសាលា Lycée Passy Saint-Honoré ប្រទេសបារាំង រហូតប្រឡងចូលមហាវិទ្យាល័យនៅទីនោះ។ ក្នុងរយៈពេល ១០ឆ្នាំ នៃការស្នាក់នៅ ដើម្បីបន្តការសិក្សានៅក្នុងប្រទេសបារាំង លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពីមហាវិទ្យាល័យ Passy Saint-Honoré ទីក្រុងប៉ារីស ប្រទេសបារាំង នៅឆ្នាំ២០០១។ អំឡុងពេលនៅក្នុងប្រទេសបារាំងនេះ លោក ទៀ សីហា ក៏បានឆ្លៀតចូលសិក្សារយៈពេលពេញមួយឆ្នាំនៅសាលាទាហាន ឈ្មោះ École Spéciale Militaire de Saint-Cyr ដែលជារាជបណ្ឌិតសភាយោធារបស់ប្រទេសបារាំង។
៦/ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ លោកបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តគីមី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នៅឆ្នាំ២០០០ លោកបានបញ្ចប់ការសិក្សាគ្រូមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាស្ថានជាតិអប់រំ ។ នៅឆ្នាំ២០០៦ បន្តបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញពាណិជ្ជសាស្រ្ត នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ បន្ថែមពីនេះ លោក អ៊ុន ចាន់ដា ក៏ជាកម្មសិក្សាការីជាន់ខ្ពស់នៅសាលាភូមិន្ទរដ្ឋបាល ដោយទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាលើប្រធានបទ ជំរុញកំណែទម្រង់អភិបាលកិច្ចល្អសម្រាប់មន្ត្រីរាជការ។
៧/ លោក សុខ លូ អភិបាលខេត្តបាត់ដំបង។ លោក គឺជាបញ្ញាវន្តមួយរូបបានបញ្ចប់ថ្នាក់វេជ្ជបណ្ឌិត នៅមហាវិទ្យាល័យវេជ្ជសាស្រ្ត និងឱសថសាស្ត្រ ក្នុងឆ្នាំ១៩៩០-១៩៩៧។ ជាមួយនឹងការបញ្ចប់ថ្នាក់វេជ្ជបណ្ឌិត លោក សុខ លូ ក៏បានបញ្ចប់មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្នែកនីតិសាស្ត្រ នៅឆ្នាំ១៩៩៩។ នៅឆ្នាំ២០០១ លោកទទួលបានសញ្ញាបត្រមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល។
៨/ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។ លោកស្រី គឺជាស្ត្រីទី១កាន់តំណែងជាអភិបាលខេត្ត ហើយក៏ជាចៅស្រីរបស់លោក សាយ ភូថង អ្នកនយោបាយជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាដែរ។ លោកស្រី មិថុនា ភូថង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងបញ្ចាប់ថ្នាក់អនុបណ្ឌិតផ្នែកនីតិសាស្ត្រ។
៩/ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។ លោកស្រី ជាស្ត្រីទី២ ដែលត្រូវបានព្រះមហាក្សត្រកម្ពុជា តែងតាំងមុខតំណែងជាអភិបាលខេត្តក្នុងឆ្នាំ២០២០។ មុននឹងក្លាយជាអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ជាតំណាងរាស្រ្តមណ្ឌលប៉ៃលិននៃគណបក្សប្រជាជនកម្ពុជា។ សម្រាប់កម្រិតវប្បធម៌វិញ គឺលោកស្រី បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា។
១០/ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដោយទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង និងសញ្ញាបត្រថ្នាក់បណ្ឌិត ផ្នែកសេដ្ឋកិច្ច ។ ទន្ទឹមនឹងនេះ លោក ស៊ុន សុវណ្ណារិទ្ធិ ក៏ទទួលបានសញ្ញាបត្រមន្ត្រីមធ្យមសិក្សានៅសាលាភូមិន្ទរដ្ឋបាល ជំនាញរដ្ឋបាលទូទៅ និងសញ្ញាបត្រមន្ត្រីជាន់ខ្ពស់នៅសាលាភូមិន្ទរដ្ឋបាល ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
សន្តិសុខសង្គម២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់