ព័ត៌មានជាតិ
និស្សិតខ្មែរ ២ នាក់ បង្ហើបតិកនិកប្រឡងជាប់ទៅក្រៅប្រទេស និងរៀនរស់នៅឯករាជ្យ
និស្សិតខ្មែរ ពីររូបដែលបានជាប់អាហារូបករណ៍ ថ្នាក់បណ្ឌិតនៅប្រទេសជប៉ុន និងអនុបណ្ឌិតនៅកូរ៉េខាងត្បូងបានចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនមកដល់កម្ពុជាថ្មី ចាប់តាំងពីដំណាក់កាលនៃការដាក់ពាក្យ និងប្រឡងជាប់អាហារូបករណ៍ រួមជាមួយការរៀនសម្របខ្លួនរស់នៅ និងសិក្សាផ្ទាល់នៅទីនោះ ដើម្បីជាជំនួយមួយផ្នែកដល់និស្សិតខ្មែរដទៃទៀតដែលមានបំណងទៅសិក្សានៅក្រៅប្រទេស។
កញ្ញា ហាន ស្រីនេត ដែលសព្វថ្ងៃកំពុងសិក្សានៅសាលាយ៉ាម៉ាណុនិហុនហ្គុ (Yamano Japanese Language School) នៅទីក្រុងតូក្យូ តាមរយៈអាហារូបករណ៍ តាកាយ៉ាម៉ាហ្សៃដាន់បាននិយាយថា កាលដំបូងខ្លួនបានដាក់ពាក្យទៅលើការសិក្សាមុខជំនាញប្រព័ន្ធអប់រំថ្នាក់បណ្ឌិត ប៉ុន្តែសម្រាប់ជនបរទេសទៅបន្តការសិក្សានៅប្រទេសជប៉ុន តម្រូវឱ្យរៀនភាសាជប៉ុនឱ្យបានស្ទាត់ជំនាញសិន។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/IMG_6260.jpg)
និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រភាសាជប៉ុននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបន្តថា អាហារូបករណ៍តាកាយ៉ាម៉ាហ្សៃដាន់នេះ ផ្តល់អាទិភាពខ្ពស់សម្រាប់សិស្សនៅសាលាភូមិន្ទភ្នំពេញដែលចេះប្រើប្រាស់ភាសាជប៉ុនបានល្អ រួមជាមួយពិន្ទុ GPA ចាប់ពី ៣.២ ឡើងទៅ ដែលសុទ្ធតែជាលក្ខខណ្ឌសមស្របអាចឱ្យកញ្ញាមានសង្ឃឹមខ្ពស់សម្រាប់ឱកាសមួយនេះ។
កញ្ញាបន្តថា ការធ្វើតេស្តវិញគឺមានវិញ្ញាសារប្រឡងសរសេរជាភាសាជប៉ុន ដោយពេលនោះខ្លួនបានប្រឡងតាមរយៈប្រព័ន្ធអនឡាញ បន្ទាប់មកបើសិនជាជាប់តេស្តសរសេរនេះ នឹងត្រូវសម្ភាសផ្ទាល់មាត់ដោយមានគណៈកម្មការចំនួន ១០ រូប ក្នុងរយៈពេល ៣០ នាទី ធ្វើឡើងដោយភាសាជប៉ុនសុទ្ធសាធ។
បន្ទាប់ពីប្រឡងជាប់អាហារូបករណ៍មកបន្តការសិក្សាបានជោគជ័យ បើតាមស្រីនេត ប្រពន្ធអប់រំសាលារៀននិងគ្រូបង្រៀននៅប្រទេសជប៉ុនដែលខ្លួនកំពុងសិក្សានេះគឺ ផ្តោតលើគុណភាព និងតម្លៃសីលធម៌ ដោយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសិស្ស។ ជាក់ស្តែង បើទៅរៀនគឺត្រូវតែផ្តោតលើការរៀន មិនចុចទូរស័ព្ទ មិនធ្វើអ្វីផ្សេងដែលរំខានដល់ការផ្តោតលើការសិក្សាឡើយ ព្រមទាំងមានម៉ោងពិភាក្សាជាមួយគ្រូបង្រៀនដើម្បីជួយដោះស្រាយបញ្ហាដែលសិស្សកំពុងជួបប្រទះ។
សម្រាប់រយៈពេល ៣ ខែ ដែលបានផ្លាស់ប្តូរទឹកដីមកសិក្សានៅទីក្រុងតូក្យូនេះ កញ្ញាបានឆ្លងកាត់បទពិសោធន៍ថ្មីហើយប្លែកជាច្រើន រួមជាមួយការសម្របខ្លួនទៅនឹងបរិបទសង្គមរបស់ជប៉ុន ដោយបានពោលថា បរិបទនៃការរស់នៅទីនេះ គឺវាខុសគ្នាខ្លាំងមែនទែនពីការនៅរស់នៅស្រុកខ្មែរ ដោយសារវាជាប្រទេសជឿនលឿន។ អ្វីៗប្រៀបបានដូចជាកំពុងរស់នៅពេលអនាគត ហើយងាកទៅទីណាក៏សម្បូរទៅដោយមនុស្សរវល់បំពេញការងាររៀងៗខ្លួនដែលបង្កឱ្យមានអារម្មណ៍ស្រ្តេសខ្លះៗដែរ។
“នៅស្រុកខ្មែរចង់ចេញទៅណា ពេលណាក៏បាន ប៉ុន្តែមកដល់ទីនេះសូម្បីតែចង់ចេញទៅកាត់សក់ ក៏ត្រូវរៀបចំកាលវិភាគមុនមួយអាទិត្យ ឬមុនថ្ងៃដើម្បីឱ្យត្រូវគ្នាជាមួយជើងរថភ្លើងដែរ។ ជាពិសេស នៅទីនេះមិនអាចបោះចោលសំរាមផ្តេសផ្តាសបានទេ វាមានថ្ងៃនិងទីកន្លែងត្រឹមត្រូវសម្រាប់បោះចោល។ យើងត្រូវរៀបចំកាលវិភាគជាក់លាក់មុននឹងធ្វើអ្វីមួយ អ្វីៗត្រូវតែមានការរៀបចំទុកជាមុន”។ ស្រីនេត និយាយដូច្នេះ។
ទន្ទឹមនឹងអារម្មណ៍ឯកា និងបញ្ហាស្រ្តេស កញ្ញាបានសិក្សាស្វែងយល់ពីអារម្មណ៍ទាំងនេះ ហើយប្រែក្លាយជាមនុស្សមានឯករាជភាព មានទម្លាប់ល្អ និងទំនួលខុសត្រូវខ្លាំងជាងមុន។
ដោយឡែក កញ្ញា វង្ស ចិន្តា ដែលកំពុងបន្តថ្នាក់អាហារូបករណ៍អនុបណ្ឌិតផ្នែករូបវិទ្យា នៅសាកលវិទ្យាល័យ Sogang University នៅប្រទេសកូរ៉េខាងត្បូងបានចែករំលែកថា កញ្ញាបានដំណឹងអាហារូបករណ៍មួយនេះតាមរយៈ ការិយាល័យទំនាក់ទំនងរបស់សាលាភូមិន្ទភ្នំពេញ IRO (International Relations Office) និងការសាកសួរពីសិស្សច្បងដែលធ្លាប់បានដាក់ពាក្យកន្លងទៅ។
កញ្ញាបញ្ជាក់ថា ការដាក់ពាក្យអាហារូបករណ៍តម្រូវឱ្យភ្ជាប់ប្រវត្តិរូប សៀវភៅគ្រួសារ ប្រវត្តិសិក្សា (GPA ចាប់ពី ៣.០) កម្រិតភាសាអង់គ្លេសយ៉ាងតិច ៥.៥ សញ្ញាបត្របាក់ឌុប ការបញ្ជាក់ពីប្រវត្តិសិក្សា និងអត្តចរិករបស់បេក្ខជនពីគ្រូបង្រៀន ឬស្ថាប័ន និងសំណេរ២ច្បាប់ជាភាសាអង់គ្លេសដែលទាក់ទងនឹង ចំណាប់អារម្មណ៍របស់សិស្សចំពោះអាហារូបករណ៍ និងការប្តេជ្ញាចិត្តពេលរៀនចប់។ ហើយបន្ទាប់មក ដំណាក់កាលសម្ភាសធ្វើឡើងដោយសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យ Sogang Unitersity និង Rupp ផ្ទាល់ រួមជាមួយប្រធានតំណាងនៅអង្គការ Jesuit Service Cambodia។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/IMG_6259-768x1024.jpg)
បើតាមចិន្តា ពេលមកដល់កូរ៉េថ្មីៗកញ្ញាត្រូវរៀនបន្សាំខ្លួនទៅនឹងអាកាសធាតុ ផ្លាស់ប្តូររបៀបស្លៀកពាក់ មធ្យោបាយធ្វើដំណើរ ពេលវេលា និងរបៀបសិក្សាដោយសារវាខុសគ្នានឹងបរិបទស្រុកខ្មែរ។ ជាពិសេស ការសិក្សារៀនសូត្រកាន់តែជ្រៅ និងលំបាកថែមមួយកម្រិតទៀត ដែលទាមទារឱ្យកញ្ញាខិតខំប្រឹងប្រែងកាន់ខ្លាំងជាងមុន។
កញ្ញាបន្តថា៖ “ចំពោះនិស្សិតដែលមានបំណងមកសិក្សានៅក្រៅប្រទេស ខ្ញុំមានសំណូមពរឱ្យពួកគាត់មានទឹកចិត្តតស៊ូ និងក្លាហានក្នុងការសម្រេចចិត្តដាក់អាហារូបករណ៍ ព្រោះខ្ញុំសង្កេតឃើញនិស្សិតមួយចំនួនតែងគ្មានទំនុកចិត្ត មិនជឿជាក់លើសមត្ថភាពខ្លួនឯង មិនក្លាហានក្នុងការសាកល្បង។ យើងត្រូវហ៊ានសាកល្បង បើសិនជាបរាជ័យចាត់ទុកថាវាជាបទពិសោធន៍សម្រាប់យើងបំពេញចំណុចខ្វះខាតបន្ថែម”។
មិនខុសពីចិន្តាដែរ ស្រីនេតបានបន្ថែមថា៖ “យើងត្រូវស្វែងរកខ្លួនឯងឱ្យឃើញយ៉ាងហោចណាស់នៅក្នុងឆ្នាំទី៣ ថាខ្លួនចង់ទៅណាបន្តទៀត ហើយធ្វើអ្វី។ ស្គាល់ខ្លួនឯង ត្រៀមខ្លួន និងសម្រួចខ្លួនទុកជាមុនចំពោះគោលដៅរបស់ខ្លួនឯង ដោយបង្កើតបណ្តាញសួរយោបល់ពីសិស្សច្បងនៅក្នុងគោលដៅ ឬកម្មវិធីដែលយើងចង់ដាក់ទៅ និងកុំឱ្យពាក្យបណ្តុះបង្អាប់អ្នកដទៃមកបង្អាក់គោលដៅរបស់ខ្លួនឯង ប្រាប់គេថាយើងជាយើង និងអ្វីដែលយើងចង់ធ្វើ”៕
អត្ថបទ៖ វង្ស លីលី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ