ព័ត៌មានជាតិ
កម្ពុជាប្ដេជ្ញាលុបបំបាត់ជំងឺរលាកថ្លើម ប្រភេទបេ និង សេ នៅឆ្នាំ ២០៣០ ខាងមុខ
កម្ពុជាបានប្តេជ្ញាចិត្តថា នឹងធ្វើការលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេ នៅឆ្នាំ ២០៣០ ខាងមុខស្របទៅតាមផែនការរបស់អង្គការសុខភាពពិភពលោក។

ថ្លែងបិទសិក្ខាសាលា ស្តីពីការពិនិត្យការវិវត្តន៍នៃសកម្មភាពលុបបំបាត់ជំងឺរលាកថ្លើមដោយសារវីរុសប្រភេទបេ និងសេក្នុងប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ នៅសណ្ឋាគារទន្លេបាសាក់ ២ លោកវេជ្ជបណ្ឌិត លីសូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល និងជាប្រធានក្រុមបច្ចេកទេសសម្រាប់ជំងឺថ្លើម បានមានប្រសាសន៍ថា ការប្តេជ្ញាលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេ នៅឆ្នាំ ២០៣០ ខាងមុខនេះ ក្រសួងសុខាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួន ក្នុងនោះរួមមានការអប់រំផ្សព្វផ្សាយអំពីការបង្ការ និងរបៀបឆ្លងជំងឺរលាកថ្លើមប្រភេទបេ និងសេ ដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹង និងលើកទឹកចិត្តឱ្យពួកគាត់មកប្រើប្រាស់សេវាព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកនិងមន្ទីរពេទ្យជាតិ។

ក្រៅពីនេះ យើងមានសម្ភារមន្ទីរពិសោធន៍ ដើម្បីធ្វើតេស្តអ្នកជំងឺរកជំងឺថ្លើមប្រភេទបេ និងសេដោយធ្វើតេស្តរហ័ស និងការធ្វើតេស្តរាប់មេរោគ ដែលធ្វើតាមម៉ាស៊ីនជីនអ៊ិចស្ពើត និងតាមដានការវិវត្តនៃជំងឺនិងការផ្គត់ផ្គង់ឱសថសម្រាប់ព្យាបាលជំងឺ។

លោកវេជ្ជបណ្ឌិត បានបន្តថា « ជំងឺថ្លើមប្រភេទបេនិងសេនេះប្រសិនបើអ្នកជំងឺមិនស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរទេ គឺយើងអាចព្យាបាលជាសះស្បើយបានរហូតជិតដល់ ៩៨ ភាគរយសម្រាប់ជំងឺថ្លើមរលាកសេ ហើយបច្ចុប្បន្នតម្លៃនៃការព្យាបាលមានត្រឹមខ្ទង់រយប៉ុណ្ណោះ ខណៈពីមុនត្រូវចំណាយប្រមាណ ៥ ពាន់ទៅ ១ ម៉ឺនដុល្លារចំពោះរលាកថ្លើមប្រភេទសេ តែបើរលាកថ្លើមប្រភេទបេថ្លៃខ្ពស់ជាងនេះ»។
លោក វេជ្ជបណ្ឌិត បានបន្តទៀតថា « យើងខ្ញុំរីករាយមែនទែននិងអរគុណដល់ក្រសួងសុខាភិបាលដែលបានគាំទ្រកម្មវិធីនេះ យើងខ្ញុំជាអ្នកអនុវត្តនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីបង្ការទប់ស្កាត់និងចូលរួមជាមួយប្រជាពលរដ្ឋ។ ព្រោះថាកម្មវិធីនេះ អាចឈានទៅសម្រេចជោគជ័យបានលុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធដែរទើបយើងអាចលប់បំបាត់ជំងឺថ្លើមប្រភេទសេនិងបេនៅឆ្នាំ២០៣០» ។
ពាក់ព័ន្ធនឹងជំងឺថ្លើមនេះដែរ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានពន្យល់ថាជំងឺថ្លើមប្រភេទសេនិងបេនេះភាគច្រើនឆ្លងតាមឈាមនិងការរួមភេទ តាមរយៈការចាក់ថ្នាំ ឬបញ្ចូលឈាមដោយមិនមានសុវត្ថិភាព។ ប៉ុន្តែមានការសិក្សាខ្លះដែរថា មានការឆ្លងតាមចំណីអាហារតែមិនមានភស្តុតាងណាមួយបញ្ជាក់ឱ្យបានច្បាស់លាស់នោះទេ។ យ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិត លី សូវ៉ាន់បានណែនាំថា ដើម្បីសុវត្តិភាពសូមប្រជាពលរដ្ឋរក្សាអនាម័យហើយពេលបរិភោគអាហារគួរតែកុំប្រើការដូសសម្លរួមគ្នាត្រូវដាក់វែកដូសដាក់រៀងៗខ្លួន ដើម្បីការពារជំងឺផ្សេងៗទៀតដែលឆ្លងតាមចំណីអាហារក្រៅពីជំងឺថ្លើមប្រភេទសេ និងបេ ដើម្បីការពារសុខភាពយើងទាំងអស់គ្នា។

លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ក្រសួងបានតាំងចិត្តជួយដល់កម្មវិធីនេះ ដើម្បីធ្វើមិចឱ្យផែនការគ្របដណ្តប់សកម្មភាពក្នុងការលុបបំបាត់ជំងឺថ្លើមប្រភេទសេ និងបេនេះចូលទៅក្នុងសកម្មភាពប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាលនៃកម្មវិធីប្រយុទ្ធនឹងជំងឺឆ្លងនិងមិនឆ្លង។ លោកស្រីវេជ្ជបណ្ឌិតបានបន្តថា« អីចឹងពេលយើងដាក់ចូលទៅក្នុងកម្មវិធីនេះហើយ យើងមានអនុកម្មវិធីយើងមានកម្មវិធីចុះទៅអប់រំប្រជាពលរដ្ឋ និងផ្សព្វផ្សាយជួនដល់ប្រជាពលរដ្ឋបានយល់ដឹង»។

ជាមួយគ្នានេះដែរ លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួងសុខាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងរួមមានការបង្កើតឲ្យមានក្រុមការងារបច្ចេកទេសសម្រាប់ជាមួយថ្លើមអនុម័តផែនការយុទ្ធសាស្ត្រជាតិសម្រាប់ឆ្លើយតបទៅនឹងមេរោគថ្លើមបេ និងសេ និងបានធ្វើបច្ចុប្បន្នភាពការណែនាំអំពីការព្យាបាលជំងឺរលាកថ្លើម ទន្ទឹមនឹងនេះឱសថព្យាបាលជំងឺរលាកថ្លើមដោយវាស់ប្រភេទបេ និងសរសេរក៏ត្រូវបានដាក់ចូលក្នុងបញ្ជីឱសថសាវ័ន្តឆ្នាំ២០១៨ផងដែរ។
លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមថា ជំងឺរលាកថ្លើមនៅតែជាបញ្ហាសុខភាពនៅលើសកលលោកទាំងមូលក៏ដូចជានៅតាមតំបន់នៅតាមប្រទេសនីមួយផងដែរ។ ដោយឡែកតាមការប៉ាន់ស្មាននៅឆ្នាំ ២០១៧ របស់អង្គការសុខភាពពិភពលោកនៅប្រទេសកម្ពុជា ចំនួនអ្នកដែលមានជំងឺរលាកថ្លើមប្រភេទវីរុសបេ គឺមាន ៣ ភាគរយស្មើនឹង ៤៧ ម៉ឺន ៥ ពាន់នាក់ និងអ្នកកំពុងរស់នៅជាមួយជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទសេចំនួន ១,៦ ភាគរយស្មើនឹង ២៥ ម៉ឺន ៧ ពាន់នាក់ ហើយដែលអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជាជំងឺក្រិនថ្លើមនិងមហារីក៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់