ព័ត៌មានជាតិ
អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ ស្នើសុំកិច្ចសហការពីភាគីកម្ពុជា ដើម្បីដោះមីននៅតាមព្រំដែន
ការស្នើឲ្យមានកិច្ចសហការពីកម្ពុជានេះ បានធ្វើឡើងនៅក្នុងជំនួបរវាងនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាមួយនាយឧត្ដមសេនីយ៍ ចាឡឺមពល ស្រ៊ីសាវ៉ាត អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ។
នៅក្នុងជំនួបនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ជំនួបទ្វេភាគីនេះបានបង្ហាញពីការតាំងចិត្ត និងអនុលោមទៅតាមស្មារតី នៃកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី១៤ ដែលបានឯកភាពគ្នាក្នុងការបង្កើតឲ្យមានជំនួបប្រចាំឆ្នាំ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។
នាយឧត្ដមសេនីយ៍បន្តថា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ហើយផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ធ្វើឲ្យគ្រប់វិស័យមានការរីកចម្រើន ស្ថានភាពនៅតាមបន្ទាត់ព្រំដែនមានភាពល្អប្រសើរ ដែលជាគោលដៅចង់បានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
នៅក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់កងទ័ពភូមិន្ទថៃ ដែលកន្លងមកបានរួមចំណែកអភិវឌ្ឍន៍សមត្ថភាពយោធិន នៃកងយោធលខេមរភូមិន្ទ តាមរយៈការជួយបណ្តុះបណ្ដាល រួមនឹងកិច្ចសហការដោះមីន និងការទប់ស្កាត់បទល្មើសនានាតាមព្រំដែនជាដើម។ នាយឧត្ដមសេនីយ៍ ក៏បានថ្លែងអំណរគុណដល់ភាគីថៃ ដែលក្នុងស្ថានភាពនៃជំងឺឆ្លងកូវីដ១៩ ថៃនៅបានជួយសម្រួលដល់ពលរដ្ឋកម្ពុជាឆ្លងដែនចូលទៅព្យាបាលជំងឺ និងការទទួលយកពលករស្របច្បាប់កម្ពុជា ឲ្យទៅបំពេញការងារនៅប្រទេសថៃវិញ។
ជាមួយគ្នានោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន សង្ឃឹមថា កងទ័ពប្រទេសទាំងពីរនឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការផ្លាស់ប្តូរព័ត៌មានចារកិច្ច និងពង្រីកនូវកិច្ចសហប្រតិបត្តិការ និងធ្វើលំហាត់សមយុទ្ធរួមគ្នាឲ្យកាន់តែទូលំទូលាយថែមទៀត ពិសេសលំហាត់ទាក់ទងទៅនឹងបញ្ហាសន្តិសុខ និងសង្គ្រោះគ្រោះមហន្តរាយ។
ជាកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ ចាឡឺមពល ស្រ៊ីសាវ៉ាត បានគូសបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្នដោយសារបញ្ហាជំងឺឆ្លងកូវីដ១៩ ប្រទេសថៃបានកត់សម្គាល់ដល់ការធ្វើដំណើរឆ្លងដែនរវាងប្រទេសទាំងពីរ ក្នុងនោះភាគីថៃបានជួយសម្រួលឲ្យពលរដ្ឋកម្ពុជាចូលមកព្យាបាលជំងឺ បើទោះជាមានការបិទព្រំដែនក៏ដោយ។ អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃបានបន្តថា មកដល់ពេលនេះប្រទេសថៃ មានវិធានការតឹងរ៉ឹងទប់ស្កាត់មិនឲ្យមានឆ្លងទៅដល់ពលករកម្ពុជា និងបានស្នើឲ្យកម្ពុជាមានការជឿជាក់លើចំណាត់ការនេះ ក្នុងករណីមានអ្នកឆ្លងជំងឺកូវីដ១៩ ភាគីថែ នឹងដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីការពារសុវត្ថិភាពក្នុងប្រទេសថៃ។
នាឱកាសនោះដែរ ក្នុងនាមអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ នាយឧត្ដមសេនីយ៍ ចាឡឺមពល ស្រ៊ីសាវ៉ាត បានថ្លែងអំណរគុណដល់ក្រសួងការពារជាតិកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ដល់សិក្ខាកាមថៃ ដើម្បីសិក្សាភាសាខ្មែរជារៀងរាល់ឆ្នាំ។
ចំណែកបញ្ហានៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ នាយឧត្ដមសេនីយ៍ ចាឡឺមពល ស្រ៊ីសាវ៉ាត បានលើកឡើងពីបញ្ហាគ្រាប់មីន ដែលភាគីថៃមានគម្រោងកំចាត់មីនតាមព្រំដែនឲ្យអស់នៅឆ្នាំ២០២០ ប៉ុន្តែដោយមានការស្នើសុំពីភាគីកម្ពុជា លើមូលហេតុនៅតំបន់មួយចំនួនពុំទាន់បានដោះស្រាយបោះបង្គោលព្រំដែនរួចរាល់នោះ គម្រោងនេះក៏ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដូច្នេះភាគីថៃបានស្នើសុំឲ្យមានកិច្ចសហការពីភាគីកម្ពុជាឡើងវិញ ដោយភាគីថៃចាត់ទុកបញ្ហានេះជាកិច្ចការមនុស្សធម៌ និងដើម្បីរក្សាសុខសុវត្ថិភាពដល់ពលរដ្ឋប្រទេសទាំងពីរផងដែរ៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល