ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារជំរុញឲ្យភាគីពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់អំពីបញ្ហាគ្រោះថ្នាក់ការងាររបស់កម្មករ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញដល់ភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ ទៅលើបញ្ហាគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈរបស់កម្មករ-និយោជិតនៅកន្លែងធ្វើការ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈរបស់កម្មករ-និយោជិតនេះ ឲ្យបានកាន់តែប្រសើរឡើងថែមទៀត។

ថ្លែងក្នុងទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ “ធ្វើសកម្មភាពរួមគ្នា ដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពជាវិជ្ជមាន” នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី ៥ ខែកក្កដានេះ លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ភាគីពាក់ព័ន្ធត្រូវចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពីបញ្ហាគ្រោះថ្នាក់ការងារនេះ សំដៅជួយបង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការ ស្តីពី សុវត្ថិភាព និងសុខភាពការងារដល់ស្ថាប័នរដ្ឋ អង្គការជាតិ អង្គការអន្តរជាតិជាដៃគូ សមាគមនិយោជក សហជីព និងកម្មករនិយោជិត ដើម្បីលើកកម្ពស់វប្បធម៌នៃបង្ការជាវិជ្ជមាន លើផ្នែកសុវត្ថិភាព និងសុខភាព ការងារនៅកន្លែងធ្វើការ។

លោករដ្ឋមន្ត្រីបានបន្តថា ទន្ទឹមនឹងនេះត្រូវផ្សព្វផ្សាយ និងចែករំលែកពីស្ថានភាព និងទំហំហានិភ័យនៃគ្រោះថ្នាក់ការងារ និងផលប៉ះពាល់ទៅលើកម្មករនិយោជិត រួមនឹងការអនុវត្តល្អៗ ពីភាគីនិយោជក និងកម្មករនិយោជិត លើការងារសុវត្ថិ ភាព និងសុខភាពការងារនៅកន្លែងធ្វើការ និងជំរុញការលើកកម្ពស់បន្ថែមចលនា ទាក់ទាញការគាំទ្រផ្នែកនយោបាយ និងថវិកា ក្នុងការបង្ការ និងកាត់បន្ថយការបាត់បង់ជីវិត គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅទូទាំងពិភពលោក។

បើតាមរបាយការណ៍ របស់អង្គការអន្តរជាតិខាងការងារ (ILO) ឆ្នាំ ២០២២នេះ គឺមានតួលេខអ្នកស្លាប់ប្រមាណ ៣លាននាក់ នៅទូទាំងពិភពលោក ដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ នៅកន្លែងធ្វើការ។ ចំនួននេះជាការរំលឹកដល់គ្រប់ប្រទេស ជាសមាជិករបស់អង្គការ (ILO) ឲ្យបន្តខិតខំ គិតគូរលើបញ្ហាសុវត្ថិភាព និងសុខភាពការងារនេះបន្តទៀត។

បើផ្អែកតាមរបាយការណ៍ របស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញដែរថា លទ្ធផលអង្កេតហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់ មានសរុបចំនួន ១១,២៥៨នាក់ ស្រីចំនួន ៦,២២០នាក់ ក្នុងឆ្នាំ ២០២១ ដែលក្នុងនោះរួមមាន៖ គ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ៥,៧២៥នាក់ ស្រីចំនួន ២,៩៨២នាក់ គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៥,៥៣៣នាក់ ស្រីចំនួន ៣,២៣៨នាក់ ដែលចំនួនអ្នកគ្រោះថ្នាក់នេះ មានការថយចុះស្មើនឹងចំនួន ២៥,៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២០។

លោកបណ្ឌិត អ៊ិត សំហេង បានស្នើឲ្យគ្រប់ភាគីចូលរួមបន្តអនុវត្ត នូវវិធានការបង្ការជាវិជ្ជមានដល់បញ្ហាគ្រោះថ្នាក់ការងារ ក៏ដូចជាបន្តការការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ រួមមាន៖ បង្កើនកិច្ចសន្ទនាសង្គមលើការងារសុវត្ថិភាព និងសុខភាពការងារនៅគ្រប់កន្លែងធ្វើការ ដោយចាត់ទុកបញ្ហានេះ ជាសិទ្ធិមូលដ្ឋានអាទិភាពមួយ ដូចសិទ្ធមូលដ្ឋានដទៃទៀត។ ចូលរួមអនុវត្តការអនុម័តពីការបញ្ចូលប្រធានបទសុវត្ថិភាព និងសុខភាពការងារជាការងារស្នូល ដែលត្រូវយកចិត្តទុកដាក់ក្រោយពេលបន្ថែមចូលទៅក្នុងអនុសញ្ញាលេខ ១៥៥ និង ១៨៧ ដែលមានស្រាប់កន្លងមក។

ចូលរួមចែករំលែកនូវការអនុវត្តល្អៗ និងបទពិសោធន៍របស់និយោជក និងកម្មករនិយោជិត ពីសហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន ទៅសហគ្រាសផ្សេងៗទៀត។ បន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងត្រូវណែនាំដល់កម្មករនិយោជិត ឲ្យធ្វើអនាម័យដៃជាប្រចាំនៅកន្លែងធ្វើការ។ បង្កើនការយកចិត្តទុក ក្នុងការបាញ់សម្លាប់មេរោគនៅតាមកន្លែងធ្វើការ អគារផលិតកម្ម និងកន្លែង ប្រើប្រាស់រួមគ្នា និង ធានាថាមានការរក្សាគម្លាតសង្គមនៅកន្លែងធ្វើការ និងក្រៅតាមដែលអាចធ្វើទៅបាន និងណែនាំដល់កម្មករនិយោជិតឲ្យពាក់ម៉ាស់ជាប្រចាំ និងប្រកាន់ខ្ជាប់នូវអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន “៣កុំ ៣ការពារ”៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ