ព័ត៌មានជាតិ
ទូតប៉ាគីស្ថាន៖ ក្រុងព្រះសីហនុ នឹងក្លាយជាតំបន់ទេសចរណ៍យ៉ាងពិតប្រាកដនៅថ្ងៃខាងមុខ
លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថា ក្រុងព្រះសីហនុ នឹងក្លាយជាតំបន់ទេសចរណ៍យ៉ាងពិតប្រាកដនៅថ្ងៃខាងមុខ ដោយសារទីក្រុងនេះមានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗ គួរឱ្យទាក់ទាញជាច្រើន។

ការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតប៉ាគីស្ថាននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
លោកឯកអគ្គរដ្ឋទូតប៉ាគីស្ថានបានមានប្រសាសន៍ថា នេះជាលើកទី២ ដែលលោកធ្វើដំណើរមកកាន់ខេត្តព្រះសីហនុហើយឃើញថា ទីក្រុងនេះមានការអភិវឌ្ឍរីកចម្រើនខ្លាំងមានដូចជា ឆ្នេរសមុទ្រ ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

លោកបានបន្តថា ខេត្តព្រះសីហនុ មានសក្តានុពលវិនិយោគ និងទេសចរណ៍ជាទីក្រុងថ្មី ដែលមានអាកាសយានដ្ឋានអន្តរជាតិ អាចទទួលយន្តហោះធុនធំមកពីបណ្តាប្រទេសចុះចតបាន ផ្លូវល្បឿនលឿនអាចទាក់ទាញស្រូបយកភ្ញៀវទេសចរកាន់តែច្រើននាពេលខាងមុខ។ ហើយកំពង់ផែទឹកជ្រៅវាបានផ្តល់សក្តានុពលសេដ្ឋកិច្ចជាទីក្រុងហិរញ្ញវត្ថុនាពេលខាងមុខផងដែរ។ លោកសង្ឃឹមថា ក្រុងព្រះសីហនុ នឹងក្លាយជាតំបន់ទេសចរណ៍យ៉ាងពិតប្រាកដនៅថ្ងៃខាងមុខ ហើយនៅមានកត្តាជាច្រើនផ្សេងទៀតជួយលើកកម្ពស់សក្តានុពលរបស់ប្រទេសកម្ពុជា។

នៅក្នុងជំនួបនោះលោក គួច ចំរើន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ខេត្តព្រះសីហនុ
ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី។ រាជរដ្ឋាភិបាលបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍខេត្តព្រះសីហនុ មានដូចជា ផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវ សួនច្បារ លំហរឆ្នេរសាធារណៈ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹតកម្មទឹកកខ្វក់ និងរូបសំណាកបដិមា បង្កើនការទាក់ទាញភ្ញៀវទេសចរ។ ការអភិវឌ្ឍថ្មីៗបន្ថែមទៀត រួមមានការងារស្តាអូរ ប្រឡាយ និងការសាងសង់ទីលានចាក់សំរាម ជាដើម។

លោកអភិបាលខេត្តបានបន្តថា ខេត្តព្រះសីហនុមានសក្តានុពលជាច្រើនដូចជា កំពង់ផែទឹកជ្រៅ ស្រូបយកទំនិញកុងតឺន័រ ៧០ភាគរយក្នុងប្រទេសកម្ពុជា បច្ចុប្បន្នរាជរដ្ឋាភិបាល បានសហការជាមួយរាជរដ្ឋាភិបាលជប៉ុន តាមរយៈJICA កសាងពង្រីកទីលានកុងតឺន័រ និងផែដែលមានជំរៅទឹករហូត១៣,៥០ម៉ែត្រគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥ មានសមត្ថភាពអាចឱ្យនាវាមានចំណុះ៥ម៉ឺនតោនចូលចតបាន។ អាកាសយានដ្ឋានអន្តរជាតិបានពង្រីកផ្លូវរត់រហូត៣,៤០០ម៉ែត្រ អាចឱ្យយន្តហោះប្រភេទធំហោះឆ្លងទ្វីបចុះចតបាន និងកំពុងបន្តសាងសង់ស្ថានីយចេញដំណើរឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។

លើសពីនេះទៀត រាជរដ្ឋាភិបាលបានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញមកកាន់ខេត្តព្រះសីហនុ និងគ្រោងបញ្ចប់នៅខែ១០ ឆ្នាំ២០២២ ខាងមុខ។ មិនត្រឹមប៉ុណ្ណោះខេត្តព្រះសីហនុមានឆ្នេរសមុទ្រប្រវែង១៧៥គីឡូម៉ែត្រនិងមានកោះចំនួន ៣២ផងដែរ។
លោកអភិបាលខេត្តបានបន្តទៀតថា ខេត្តព្រះសីហនុ មានការវិនិយោគពីវិនិយោគិនបរទេស និងភ្ញៀវទេសចរបរទេស ហើយសង្ឃឹមថា ក្រោយបញ្ចប់ជំងឺកូវីដ-១៩ អ្នកវិនិយោគ និងទេសចរនឹងមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនជាក់ជាមិនខាន។

ក្នុងឱកាសនោះ លោក Zaheeruddin Babar Thaheem បានស្នើសុំការអនុញ្ញាតចូលចត នាវាយោធារបស់ប្រទេសប៉ាគីស្ថាននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅចុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ និងសុំអញ្ជើញលោកអភិបាលខេត្តព្រះសីហនុចូលរួមក្នុងកម្មវិធីចូលចតនាវាយោធាប៉ាគីស្ថាននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី