ព័ត៌មានជាតិ
សហគ្រាសចំនួន ១៧ ទទួលបានកញ្ចប់ថវិកាវិនិយោគ ៥០ម៉ឺនដុល្លារពីអង្គការ UNIDO
សហគ្រាសពាក់ព័ន្ធនឹងជលផលចំនួន ១៧ ទទួលបានកញ្ចប់វិនិយោគប្រមាណ ៥០ម៉ឺនដុល្លារ ពីអង្គការ UNIDO ដើម្បីគាំទ្រដល់ដំណើរការផលិតកម្ម ក្រោយពេលប្រមូលផល និងអនុលោមតាមគោលការណ៍សុវត្ថិភាពចំណីអាហារ។ ការផ្ដល់កញ្ចប់វិនិយោគនេះ ធ្វើឡើងកាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២ម្សិលមិញ នាសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ីភ្នំពេញ ដោយមានការចូលរួមពីតំណាងអង្គការ UNIDO និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន។

លើកឡើងក្នុងឱកាសនោះដែរ លោក វេង សាខុន បានឲ្យដឹងថា ក្រោមជំនួយបច្ចេកទេសពីអង្គការ សហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាកម្ម ហៅកាត់ថា UNIDO រដ្ឋបាលជលផល បាននិងកំពុងរៀបចំប្រព័ន្ធត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផល ដែលមានឈ្មោះថា និមិត្តសញ្ញាគុណភាពកម្ពុជា (CQS)។

រដ្ឋមន្ត្រីកសិកម្មរូបនេះ អះអាងទៀតថា ដើម្បីធានាគុណភាព និងសុវត្ថិភាពផលិតផលត្រី ក្រសួងបានបង្កើតប្រព័ន្ធត្រួតពិនិត្យ រៀបចំគោលនយោបាយ កៀរគរធនធាន និងផ្តល់ជំនួយបច្ចេកទេសដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងផ្នែកផលិតភាព គុណភាព និងស្តង់ដារ ធ្វើយ៉ាងណាដើម្បីឲ្យស្របតាមស្តង់ដារទីផ្សារ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ដោយគោរពតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូ-អភិវឌ្ឍន៍ និងសហគមន៍”។

សហគ្រាសឯកជននៅកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត និងកែច្នៃទំនិញបរិភោគ ការបង្កើនការនាំចេញ ការបង្កើតការងារ ការបង្កើនប្រាក់ចំណូល និងជាពិសេសប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដែលជាផលិតផលស្រស់ និងកែច្នៃដើម្បីបង្កើនតម្លៃបន្ថែម។ លោករដ្ឋមន្ត្រី ក៏ទទួលស្គាល់ដែរថា ស្ថិតក្នុងបរិបទនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល សហគ្រាសឯកជន បាននិងកំពុងជួបប្រទះបញ្ហាជាច្រើនរួមមាន៖ ការចំណាយប្រតិបត្តិការខ្ពស់ បញ្ហាទីផ្សារ កង្វះឥណទាន ខ្វះវត្ថុធាតុដើម និងការឡើងថ្លៃប្រេងឥន្ទនៈជាដើម ។

ជាមួយគ្នានេះ កង្វះចំណេះជំនាញ បុគ្គលិក កម្មករគ្មានជំនាញច្បាស់លាស់ និងចំណេះដឹងបច្ចេកទេស ក៏នៅតែជាបញ្ហាអាទិភាពមួយដ៏សំខាន់ ដែលត្រូវយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាលឲ្យបានត្រឹមត្រូវ ខណៈការដោះស្រាយបញ្ហាទាំងនេះចាំបាច់ និងជាបឋមត្រូវគិតគូជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសជាចំបង។

ទោះជាយ៉ាងនេះក្ដី លោក វេង សាខុន រំពឹងថា សហគ្រាសទាំង ១៧ នឹងចូលរួមអនុវត្តឲ្យបានពេញលេញ និងត្រឹមត្រូវទាក់ទងបច្ចេកទេសក្នុងការកែច្នៃផលជលផល ដោយធ្វើយ៉ាងណាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពការងារ និងផលិតផល សំដៅធានាដល់ការលើកកម្ពស់ឲ្យកាន់តែប្រសើរឡើង នូវប្រព័ន្ធសុវត្ថិភាពចំណីអាហារ និងឈានទៅធ្វើការប្រកួតប្រជែង ដើម្បីឆ្លើយតបទៅនឹងស្តង់ដាទីផ្សារនាំចេញ៕
អត្ថបទ៖ លន់ សេនី


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ