Connect with us

ព័ត៌មានជាតិ

គយកម្ពុជា នឹងរឹតបន្តឹងការនាំចូលរថយន្តចង្កូតស្ដាំ តាមច្រកព្រំដែនជាមួយថៃ

បានផុស

នៅ

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា កម្ពុជានឹងរឹតបន្តឹងការនាំចូលរថយន្តចង្កូតស្ដាំតាមព្រំដែនថៃ បើទោះបីជាបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ មានប្រវែងវែងយ៉ាងណាក៏ដោយ។ ការថ្លែងរបស់លោក គុណ ញឹម នេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការបង្ហាញលទ្ធផល នៃការប្រមូលពន្ធលើរថយន្តគ្មានពន្ធ ដែលមានស្រាប់ក្នុងប្រទេស និងជ្រកក្រោមផ្លាកផ្សេងៗ នាថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេគយរូបនេះបញ្ជាក់ថា លោកនឹងរៀបចំចេញសេចក្ដីណែនាំមួយដល់មន្ត្រីគយ ជាពិសេសការិយា​ល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធនៅក្នុងតំបន់ ៣ ដែលគ្របដណ្ដប់ខេត្តកោះកុង កំពង់ស្ពឺ និងខេត្តព្រះសីហនុ ឲ្យយកចិត្តទុកដាក់ឃ្លាំមើល និងដាក់កម្លាំងដើម្បីទប់ស្កាត់ ការលួចនាំចូលរថយន្តចង្កូតស្ដាំថ្មីៗ ។

បន្ថែមពីនេះលោកថា ការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធនៅក្នុងតំបន់ ៤ ដែលមានវិសាលភាពលើខេត្តជាប់ប្រទេសថៃមួយចំនួន ពោលគឺខេត្តពោធិ៍សាត់ដែលមានច្រកថ្មដា និងច្រករបៀង ខេត្តបាត់ដំបង មានច្រកដួង ច្រកអូររំដួល ច្រកអូរអន្លក់ និងច្រករបៀងតូចៗ ខេត្តប៉ៃលិន មានច្រកព្រំជាំដើម ក៏ត្រូវអនុវត្តស្រដៀងគ្នានេះដែរ។

ដោយឡែក ការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធនៅក្នុងតំបន់ ៥ ដែលមានវិសាលភាពធំជាងគេ ចាប់ពីខេត្តបន្ទាយមានជ័យ រហូតដល់ឧត្តរមានជ័យ និងច្រករបៀងរាប់រយច្រក ដែលមានលក្ខណៈភូមិសាស្ត្រតឹងតែង នឹងត្រូវបន្ថែមកម្លាំងក្នុងការស្រាវជ្រាវ ដើម្បីល្បាត និងបញ្ឈប់ការនាំចូលរថយន្តចង្កូតស្ដាំមកកាន់កម្ពុជាបន្តទៀត។ ទោះជាយ៉ាងនេះក្ដី លោក គុណ ញឹម បញ្ជាក់បន្ថែមថា កត្តាព្រំដែនវែងអន្លាយ និងកត្តាមនុស្ស ( ជនខិលខូច) នៅតែជាឧបសគ្គក្នុងការអនុវត្តការងាររឹតន្តឹងការនាំចូលរថយន្តចង្កូតស្ដាំពីប្រទេសថៃ ឲ្យបានមួយរយភាគរយ។​

លោកថា គោលដៅជាសំខាន់ គឺកាត់បន្ថយបញ្ហានេះឲ្យបានជា​អតិប្បរមា ដើម្បីបង្កើនបរិយាកាសសម្រាប់ការធ្វើធុរកិច្ចល្អ ដែលនាំឲ្យចំណូលជាតិកើនឡើង។ ក៏ប៉ុន្តែការងារនេះ គឺត្រូវអនុវត្តក្នុងរយៈពេលយូរអង្វែង គួបផ្សំនឹងកត្តាសេដ្ឋកិច្ច កត្តាអនុវត្តច្បាប់ និងកត្តាវប្បធម៌សារពើពន្ធ ក្នុងការអប់រំពលរដ្ឋឲ្យយល់ដឹងពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិកសង្គម។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីម្សិលមិញបានសម្រេចតាមការស្នើសុំ របស់ម្ចាស់រថយន្ដចង្កូតស្ដាំ ដោយឯកភាពឲ្យរថយន្តប្រភេទនេះ មិនចាំបាច់កែចង្កូតនោះទេ ដោយគ្រាន់តែចូលមកបង់ពន្ធជូនរដ្ឋ និងមិនត្រូវនាំចូលរថយន្តចង្កូតស្ដាំថ្មីបន្ថែមទៀត ជាដាច់ខាត៕

 អត្ថបទ៖ លន់ សេនី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម