ព័ត៌មានជាតិ
អូស្ត្រាលីផ្តល់វ៉ាក់សាំង Pfizer ជិត៥សែនដូស ដល់កម្ពុជាសម្រាប់ចាក់លើកុមារ
រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួន៤៨២ ៤០០ ដូស ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចាក់ទៅលើកុមារដែលមានអាយុ៥ឆ្នាំដល់១១ឆ្នាំ។
លោក ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងពិធីប្រគល់ទទួលវ៉ាក់សាំង Pfizer ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលីនៅព្រឹកថ្ងៃទី៨ ខែកក្កដា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ក្នុងចំណោមវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ Pfizer ចំនួន៤៨២ ៤០០ដូស ក្នុងនោះបានដឹកមកដល់ប្រទេសកម្ពុជាចំនួនចំនួន ១៩៦ ៨០០ដូស ដែលបានធ្វើពិធីប្រគល់និងទទួលនៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ។ ចំណែកវ៉ាក់
សាំងនៅសល់ចំនួន២៨៥៦០០ដូសទៀតនឹងដឹកមកជាបន្តបន្ទាប់ទៀត។

លោកឯកអគ្គរាជទួតបានបន្តទៀតថា វ៉ាក់សាំងសម្រាប់កុមារនាពេលនេះ គឺជាការបន្ថែមទៅលើជំនួយវាក់សាំង Pfizer ចំនួន ២,៣៥ លានដូស ទូបង្កកត្រជាក់ និងទូបង្កកត្រជាក់បំផុត សរុបទាំងអស់ចំនួន១៣៣គ្រឿង និងគ្រឿងបរិក្ខាចាំបាច់ផ្សេងៗទៀត ដែលជាជំនួយទ្វេភាគី របស់ប្រទេសអូស្ត្រាលី។ ជំនួយទាំងនេះគឺជាផ្នែកមួយនៃជំនួយអូស្ត្រាលី
ដែលមានថវិកាចំនួន៣៥,៧លានដុល្លាអូស្ត្រាលី ដែលជាការប្ដេជ្ញាចិត្តគ្រប់ជំហានទាំងអស់ ឆ្ពោះទៅរកយុទ្ធនាការចាក់វាក់សាំងប្រកបដោយសុវត្ថិភាពប្រសិទ្ធិភាព និងសមភាព នៅកម្ពុជា។

លោក ប៉ាប្លូ កាង បានបន្ថែមថា « ប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា មានទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរអង្វែង រយៈពេល៧០ឆ្នាំ ក្នុងចំណងមិត្តភាព និងភាពជាដៃគូ។ យើងប្តេជ្ញាសហការជាមួយប្រទេសកម្ពុជាដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ រួមទាំងគោលបំណងរួមរបស់យើងក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ជាទូទៅរបស់កម្ពុជា»។
លោកឯកអគ្គរាជទូតបានបន្ថែមទៀតថា «ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍សុខាភិបាល បាននិងកំពុងឈរនៅជួរមុខ ក្នុងយុទ្ធនាការអស់រយៈកាលដ៏យូរ និងមិនចេះនឿយហត់ ដើម្បីការពារប្រជាពលរដ្ឋកម្ពុជា ហើយឥឡូវនេះ
យើងមកដល់ដំណាក់កាល ដែលត្រូវសម្លឹងឆ្ពោះទៅ កាន់អនាគត។ កុមារដើរតួនាទីដ៏សំខាន់សម្រាប់អនាគត ដូច្នេះវាជាការសំខាន់ណាស់ ដែលកុមារត្រូវមានសុវត្ថិភាពដើម្បីរៀនសូត្រ លេងកំសាន្ដ និងធំធាត់»។

លោកឯកអគ្គរាជទូតបានបញ្ជាក់ទៀតថា ប្រទេសអូស្ត្រាលី នឹងបន្តឈរជាមួយកម្ពុជាក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតជាសកលនេះ និងរក្សាការប្ដេជ្ញាចិត្តក្នុងការសហការគ្នា ដើម្បីធានាឲ្យមានសុវត្ថិភាព និងវិបុលភាព
ជូនដល់ប្រជាពលរដ្ឋរបស់យើង ប្រទេសរបស់យើង និងតំបន់របស់យើង។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ រដ្ឋាភិបាល និងប្រជាជនប្រទេសអូស្ត្រាលី ជាពិសេសឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា អង្គការយូនីសេហ្វ(UNICEF) និងដៃគូអភិវឌ្ឍន៍ ដែលបានសហការសម្របសម្រួលទាំងបច្ចេកទេសវីងថវិកា ជំរុញឱ្យកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ ទាន់ពេលវេលា។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ជំនួយវ៉ាក់សាំងនេះគឺជាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី
បានបង្កើតនូវកាលានុវត្តភាពថ្មីមួយទៀតបន្ទាប់ពីកម្ពុជាបានទទួលទូបង្កកត្រជាក់ខ្លាំងចំនួន៣៣គ្រឿង ទូទឹកកករក្សាវ៉ាក់សាំង ចំនួន១០០គ្រឿង និងបរិក្ខារប្រព័ន្ធត្រជាក់ដទៃទៀត កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ។
ចំណែកលោក អានឺបាន ឆាតទើជី តំណាងអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា ជំនួយវ៉ាក់សាំងចំនួន១៩៦ ៨០០ដូសដែលមកដល់ថ្ងៃនេះ និងវ៉ាក់សាំងនៅសល់ចំនួន២៨៥៦០០ដូសទៀត នឹងដឹកមកដល់នៅខែខាងមុនេះនឹងជាប្រយោជន៍សម្រាប់កុមារប្រទេសកម្ពុជាចាប់ពីអាយុ៥ឆ្នាំដល់១១ឆ្នាំ។

លោកបានបន្តថា «យើងត្រូវបន្តការគាំទ្រចំពោះកុមារដែលជាបេះដូងនៃការស្តារឡើងវិញហើយត្រូវធ្វើឱ្យមានភាពប្រាកដប្រជាថាសេវាសុខាភិបាលដល់ម្តាយនិងកុមារត្រូវតែរក្សានិងពង្រឹងហើយឱ្យពួកគេមានឱកាសក្នុងការទទួលបានការអប់រំនិងទទួលបានការលូតលាស់ពីការការពារគ្រោះថ្នាក់នៅពេលពយកគេមានវ័យជាយុវជនវ័យក្មេង»។
លោកសូមសំដែងនូវកោតសរសើរចំពោះក្រសួងសុខាភិបាលដែលមានលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រីដែលបានដឹកនាំយ៉ាងរឹងមាំក្នុងការឆ្លើយតបចំពោះជំងឺកូវីដ១៩ និងការធានាបាននូវប្រព័ន្ធភាពធន់សុខាភិបាលរាប់បញ្ចូលទាំងការពង្រឹងនូវសេវាកម្មសុខភាពបឋមផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ