Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្រេចអនុម័តទាំងស្រុ​ងលើ “សេចក្ដីព្រាងច្បាប់ ស្ដីពី ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ”

បានផុស

នៅ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២នេះ បានសម្រេចអនុម័តទាំងស្រុ​ងលើ “សេចក្ដីព្រាងច្បាប់ ស្ដីពី ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ”។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមខ្លឹមសារសង្ខេបនៃ “សេចក្ដីព្រាងច្បាប់ ស្ដីពី ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” បានឲ្យដឹងថា សេចក្ដីព្រាងច្បាប់ ស្ដីពី ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវបានតាក់តែងឡើងក្នុងគោលបំណងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលជាចំណូលថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព សក្ដិសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងសង្គតិភាព ដោយកំណត់ក្របខ័ណ្ឌច្បាប់ ស្ថាប័នជាគោល យន្តការ វិធាន និងនីតិវិធីនៃការគ្រប់គ្រងការប្រមូលចំណូល មិនមែនសារពើពន្ធគ្រប់ប្រភេទ សំដៅចូលរួមចំណែក បម្រើឧត្តមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល។

សាវតា នៃការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ បានរៀបចំតាក់តែងឡើងក្នុងគោលដៅពង្រឹងក្របខ័ណ្ឌច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងលើកកម្ពស់សមត្ថភាពស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងចំណូល មិនមែនសារពើពន្ធរួមមាន៖ ការកំណត់អំពីប្រភេទចំណូលមិនមែនសារពើពន្ធ យន្តការស្ថាប័ន និងកិច្ចសហការ ដំណើរការនៃការប្រមូលចំណូលមិនមែនសារពើពន្ធ ដែលចាប់ផ្តើមពីការរៀបចំគម្រោងចំណូល រហូតដល់ការផលិតជារបាយការណ៍លទ្ធផល ការធ្វើទំនើបកម្មការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន កំណត់អំពីបំណុលមិនមែនសារពើពន្ធ ការដោះស្រាយវិវាទការធ្វើអធិការកិច្ច និងសវនកម្ម ការត្រួតពិនិត្យវាយតម្លៃ ការលើកទឹកចិត្តនិងការដាក់ទណ្ឌកម្ម និងទោសទណ្ឌជាដើម។

សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តគោលមួយ សម្រាប់ពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងចូលរួមចំណែកដោះស្រាយ នូវបញ្ហាប្រឈមដល់ការបំពេញមុខងារ របស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់ប្រសិទ្ធភាព សក្តិសិទ្ធិភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលជាប្រភពចំណូលសំខាន់របស់ថវិកាជាតិស្របតាមឧត្តមានុវត្តន៍អន្តរជាតិ និងតថភាពសេដ្ឋកិច្ច និងសង្គមជាក់ស្តែងនៃកម្ពុជា។

ដំណើរការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពី ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវបានរៀបចំតាក់តែងយ៉ាងម៉ត់ចត់ និងយកចិត្តទុក​ដាក់ ដោយមានការសិក្សា និងស្រាវជ្រាវលើច្បាប់តាមវិស័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការដកស្រង់បទពិសោធន៍ និងធាតុចូលពីឧត្តមានុវត្តន៍របស់ប្រទេសអភិវឌ្ឍន៍ដូចជា៖ ប្រទេសស៊ុយអែត និងប្រទេសអូស្ត្រាលី។

សេចក្តីព្រាងច្បាប់នេះ បានកែសម្រួលជាបន្តបន្ទាប់ តាមរយៈការពិគ្រោះយោបល់ជាមួយក្រសួង និងអង្គភាពពាក់ព័ន្ធ កិច្ចប្រជុំបច្ចេកទេសអន្តរអគ្គនាយកដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងតំណាងសង្គមស៊ីវិល និងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ។ សេចក្ដីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងតាមទម្រង់ច្បាប់ជាធរមាន ដោយចែកចេញជា ១២ជំពូក មាន ១០១មាត្រា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម