ព័ត៌មានជាតិ
សន្និបាតរបស់ គ.ជ.ប រកឃើញចំណុចខ្វះខាតមួយចំនួន នៅក្នុងដំណើរការរៀបចំការបោះឆ្នោតកន្លងមក
ថ្លែងនៅក្នុងពិធីបិទសន្និបាត បូកសរុបការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ នៅខេត្តព្រះសីហនុ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ឆ្លងតាមការពិភាក្សារបស់អង្គសន្និបាត អំពីដំណាក់កាលសំខាន់ៗ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ កន្លងមកនេះ គ.ជ.ប រកឃើញចំណុចខ្លាំងមួយចំនួន សម្រាប់ជាបទពិសោធន៍ដែលមានដូចជា៖ ការរៀបចំចងក្រងបទបញ្ជា និងនីតិវិធីបានត្រឹមត្រូវតាមច្បាប់ និងការកសាងផែនការមេ ផែនការសកម្មភាព ប្រតិទិនការងារជាដើម។
បើតាមលោក ប្រាជ្ញ ចន្ទ ទន្ទឹមនឹងចំណុចខ្លាំង អង្គសន្និបាតក៏បានរកឃើញនូវចំណុចខ្វះខាតមួយចំនួនផងដែរ ក្នុងដំណើរការរៀបចំការបោះឆ្នោតកន្លងមក ជាពិសេសក្នុងដំណើរការចុះឈ្មោះបោះឆ្នោត, ដំណើរការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត, ដំណើរការឃោសនាបោះឆ្នោត, ការបោះឆ្នោត, ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតជាដើម។
ដើម្បីឲ្យការបោះឆ្នោតនាពេលខាងមុខកាន់តែមានភាពល្អប្រសើរឡើង លោក ប្រាជ្ញ ចន្ទ បានផ្តល់អនុសាសន៍មួយចំនួនរួមមាន៖
ទី១, ត្រូវត្រួតពិនិត្យ កែសម្រួលនូវបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ពិសេសនីតិវិធីក្នុងការសម្អាតបញ្ជីបោះឆ្នោត ការកែតម្រូវឈ្មោះ និងទិន្នន័យរបស់អ្នកបោះឆ្នោត ការផ្ទេរឈ្មោះ និងទិន្នន័យអ្នកបោះឆ្នោតទៅឃុំ សង្កាត់ថ្មី រួមទាំងការចុះឈ្មោះអ្នកបោះឆ្នោត ដែលកិច្ចការទាំងអស់នេះ ត្រូវធ្វើឱ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
ទី២, ត្រូវពង្រឹង និងលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការដឹកនាំក្រុមចុះឈ្មោះបោះឆ្នោត (កចប) អនុវត្តភារកិច្ចធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែល គ.ជ.ប បានធ្វើប្រតិភូកម្មអំណាចឱ្យ។
ទី៣, ត្រូវត្រួតពិនិត្យ កែសម្រួលបទបញ្ជា និងនីតិវិធី ការដាក់ការទទួល និងការដោះស្រាយពាក្យបណ្តឹងការសម្រួលនីតិវិធីនៃការប្រមូល បញ្ជូន ត្រួតពិនិត្យ និងការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត ការកែសម្រួលនីតិវិធីនៃការបំពេញទម្រង់បែបបទសម្រាប់ការបោះឆ្នោតជាដើម។
ទី៤, ត្រូវលើកកម្ពស់សមត្ថភាពយល់ដឹង ដល់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ថែមទៀត អំពីបទបញ្ជា និងនីតិវិធី ក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោត និងឯកសារបទដ្ឋានផ្សេងៗទៀត ដែលចេញដោយ គ.ជ.ប ដើម្បីអនុវត្តភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព និងបញ្ចៀសបាននូវការចោទប្រកាន់ផ្សេងៗ ពិសេសការបណ្តុះបណ្តាល ដែលជាចំណុចផ្តើមនៃប្រតិបត្តិការបោះឆ្នោត ឬអាចហៅថាប្រតិបត្តិករដំបូង។
ទី៥, ត្រូវជំរុញការអប់រំប្រជាពលរដ្ឋ និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត ឲ្យបានកាន់តែទូលំទូលាយ ដោយយកចិត្តទុកដាក់លើការផលិត និងកែលម្អសម្ភារអប់រំអ្នកបោះឆ្នោត និងបង្កើនកិច្ចសហការល្អជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ក្នុងការងារអប់រំអ្នកបោះឆ្នោត។
ទី៦, ត្រូវបន្តពង្រឹងទំនាក់ទំនងល្អជាមួយនឹងគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងស្នើសុំឲ្យមានកិច្ចសហការ និងការគាំទ្រក្នុងដំណើរការបោះឆ្នោតនៅពេលខាងមុខ និងបន្តបន្ទាប់ឲ្យកាន់តែមានភាពប្រសើរឡើង។
ទី៧, សហការជាមួយក្រសួងមហាផ្ទៃ ដើម្បីជំរុញការចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត និងពង្រឹងការអនុវត្តច្បាប់ក្នុងការចេញឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត។
ទី៨, ត្រូវបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងដំណើរការរៀបចំការបោះឆ្នោត។
ទី៩, ត្រូវជំរុញ និងលើកទឹកចិត្តឲ្យមានការចូលរួមពីគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកយកព័ត៌មានជាតិ អន្តរជាតិ ក្នុងដំណើរការរៀបចំការបោះឆ្នោត។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ រយៈពេល ២ ថ្ងៃ (ថ្ងៃទី៦-៧ ខែកក្កដា) នៅខេត្តព្រះសីហនុ ហើយពិធីបិទធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្នុងពីធីបិទសន្និបាទ សម្ដេចក្រឡាហោម ស ខេង ក៏បានបំពាក់គ្រឿងឥស្សរិយយសជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន ៧៨រូបផងដែរ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ