ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ៖ កម្មករ និងនិយោជក ត្រូវបង់វិភាគទានម្នាក់ ២% សម្រាប់អនុវត្តប្រាក់សោធន
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានមានប្រសាសន៍ថា ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនេះ កម្មករនិយោជិតត្រូវមានកាតព្វកិច្ចបង់វិភាគ ទាន ២ ភាគរយ នៃប្រាក់ឈ្មួល និងនិយោជកក៏ត្រូវបង់ ២ ភាគរយផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃ ច្បាប់ស្តីពីការងារ នៅព្រឹកថ្ងៃទី ១១ ខែកក្កដានេះ នៅទីស្តីការក្រសួង លោករដ្ឋមន្ត្រីបានបន្តថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃ ច្បាប់ស្តីពីការងារ ក្រសួងបានប្រកាសអនុវត្តនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ នេះតទៅ តែទុកពេលឱ្យ ៣ ខែសម្រាប់ការផ្សព្វផ្សាយដើម្បីឱ្យកម្មករបានដឹងពីកាតព្វកិច្ច និងផលប្រយោជន៍របស់គាត់ ដើម្បីឱ្យការអនុវត្តប្រព្រឹត្តិទៅដោយរលូន។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ការអនុវត្តប្រាក់សោធននេះតម្រូវឱ្យមានកាតព្វកិច្ចបង់វិភាគទានចំនួន ៤ ភាគរយ ក្នុងនោះនិយោជកបង់ ២ ភាគរយ និងកម្មករបង់ ២ ភាគរយ។
លោករដ្ឋមន្ត្រីបានបន្ថែមថា៖ “និយោជកបង់ ២ ភាគរយនេះ គឺជាកាតព្វកិច្ច ហើយនេះមិនមែនអនុវត្តនៅតែប្រទេសកម្ពុជានោះទេ វាជាសកល ទោះបីជានៅប្រទេសណាក៏ត្រូវមានកាតព្វកិច្ចដូចគ្នា ហើយការបង់របស់និយោជកនេះជាការជួយលើកទឹកចិត្តដល់កម្មករនិយោជិតនៅក្នុងរោងចក្ររបស់គាត់ឱ្យមានការស្ងប់ចិត្តក្នុងការបំពេញការងារ ព្រោះថាកម្មកររដឹងថាទៅថ្ងៃអនាគត ខ្លួនទទួលបានប្រាក់សោធននិវត្តន៍នៅពេលដែលគាត់ចាស់ទៅ។ អ៊ីចឹងគាត់សប្បាយចិត្ត និងពេញចិត្តក្នុងការធ្វើការងារធ្វើឱ្យផលិតភាពមានការកើនឡើងខ្ពស់ និងវិន័យការងារក៏ល្អដែរ”។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំណែកកម្មករនិយោជិតវិញក៏ត្រូវមានកាតព្វកិច្ចបង់ ២ ភាគរយនៃប្រាក់ឈ្មួលរបស់គាត់ដែរ។ ប៉ុន្តែផលប្រយោជន៍ដែលគាត់ទទួលបាមកវិញគឺ ៤ ភាគរយបូកជាមួយនិយោជកបង់ ២ ភាគរយ នៅពេលគាត់ទទួលប្រាក់សោធននិវត្តន៍គឺទទួលបាន ១០០ ភាគរយ។

លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ចំពោះកម្មករនិយោជិតណាដែលមិនចូលរួមអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធននេះទេ នឹងត្រូវពិន័យតាមច្បាប់របបសន្តិសុខសង្គម ខណៈបច្ចុប្បន្ននេះមានកម្មករនិយោជិតប្រមាណជាង ២ លាននាក់បានចុះឈ្មោះជាមួយ បសស ហើយនៅពេលការអនុវត្តរបបនេះជាផ្លូវការនៅខែតុលាខាងមុខនេះ កម្មករទាំងនោះនឹងក្លាយជាសមាជិកនៃរបបសោធននិវត្តន៍តែម្តង។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ “ប្រសិនបើកម្មករម្នាក់គាត់បង់បានប៉ុន្មានឆ្នាំ ស្រាប់តែមានបញ្ហាអ្វីមួយកើតឡើងដែលធ្វើឱ្យគាត់មិនអាចប្រកបការងារបាននោះ ក៏នឹងមានការគិតគូរប្រាក់សម្រាប់ប្រគល់ជូនគាត់វិញទៅតាមច្បាប់ដែលបានកំណត់។ បើសិនជាគាត់ធ្វើការនៅរោងចក្រមួយហើយធ្វើបាន ១ ឆ្នាំ រោងចក្រនោះក៏បិទទ្វារ កម្មករនោះនឹងត្រូវបានកត់ត្រានៅក្នុង បសស ដែរ។ ពេលគាត់បានការងារនៅកន្លែងថ្មី អតីតភាពត្រូវបានបូកបន្តទៀតរហូតដល់គាត់មានអាយុ ៦០ ឆ្នាំ ទើបគាត់អាចទទួលបានប្រាក់សោធន៍នេះ”។

លោករដ្ឋមន្ត្រីបានបន្ថែមឱ្យដឹងថា ការចូលនិវត្តន៍រវាងកម្មករនិយោជិត និងមន្ត្រីរាជការមិនខុសគ្នាទេ ព្រោះបើកតាមប្រព័ន្ធធនាគារដូចគ្នា ហើយនៅពេលជិតដល់ចូលនិវត្ត គាត់ត្រូវទាក់ទងមក បសស ហើយ បសស ក៏ទាក់ទងមកគាត់ដែរ ដើម្បីធ្វើបណ្ណធនាគារសម្រាប់បើកប្រាក់ចូលនិវត្តន៍។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា អ្វីដែលសំខាន់នោះ នៅពេលដែលកម្មករនិយោជិតដល់អាយុចូលនិវត្តន៍ ពួកគាត់ក៏ទទួលបានសេវាថែទាំងសុខភាពផងដែរ។
លោករដ្ឋមន្ត្រីរំពឹងថា ទៅមុខទៀតប្រជាពលរដ្ឋអាចធ្វើការនៅវិស័យសាធារណៈ ឬឯកជនក៏បានដែរ ព្រោះពួកគាត់ទទួលបានអត្ថប្រយោជន៍ដូចៗគ្នា ដូចជារដ្ឋក៏ទទួលបានការថែទាំសុខភាព គ្រោះថ្នាក់ការងារ និងទទួលបានប្រាក់ចូលនិវត្តន៍។ចំណែកកម្មករនិយោជិតក៏ទទួលបានការថែទាំសុខភាព សេវាគ្រោះថ្នាក់ការងារនិងប្រាក់សោធន។

គួរបញ្ជាក់ថា ដើម្បីឱ្យការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះប្រកបដោយរលូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងាររយៈពេល ៩០ ថ្ងៃ គឺចាប់ពីខែកក្កដា ដល់ដំណាច់ខែកញ្ញា ឆ្នាំ ២០២២ នេះតទៅ នៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្មរោងចក្រ សហគ្រាស គ្រឹះស្ថាន ទូទាំងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យភាគីពាក់ព័ន្ធបានយល់ដឹងពីកាតព្វកិច្ច និងផលប្រយោជន៍ដែលទទួលបានពីប្រាក់សោធននេះ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់