ព័ត៌មានជាតិ
អាជ្ញាធរស្រុកស្រែអំបិល មិនអូសរំលងការលំបាកពលរដ្ឋរស់នៅដាច់ស្រយោលអំឡុងរដូវវស្សា
អាជ្ញាធរស្រុកស្រែអំបិល បានដឹកនាំក្រុមសប្បុរសជនចុះសួរសុខទុក្ខ និងដោះស្រាយការលំបាកនានារបស់ពលរដ្ឋភូមិពោធិបឹង ឃុំដងពែង ដែលនៅឆ្ងាយដាច់ស្រយោលកម្រមានមនុស្សទៅដល់។
ទោះឆ្ងាយ ឬលំបាកធ្វើដំណើរកម្រិតណា ក៏អាជ្ញាធរស្រុកស្រែអំបិល មិនបោះបង់ចោលអំពីសុខទុក្ខលំបាករបស់ពលរដ្ឋខ្លួននោះឡើយ ដោយដឹកនាំក្រុមអ្នកនិយមជិះម៉ូតូធំ និងក្រុមការងារដឹកជញ្ជូនស្បៀងអាហារបរិភោគ សម្ភារៈសិក្សា និងជួសជុលដំបូងជញ្ជាំងអគារសាលារៀនមួយខ្នងមាន ២បន្ទប់ជូនដល់ប្រជាពលរដ្ឋចំនួន ៣៨គ្រួសារ។
ប្រាប់កម្ពុជាថ្មី លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានឲ្យដឹងល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ថា អំឡុងរដូវប្រាំងឆ្នាំនេះ លោក និងរដ្ឋបាលឃុំដងពែង សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជួយជួសជុលលូប្រអប់ ផ្លូវលំក្រួសក្រហមតាមជំហ៊ានបន្តបន្ទាប់ ព្រោះនេះជាតម្រូវការចង់បានបំផុតរបស់ពលរដ្ឋអ្នកភូមិពោធិបឹងយូរឆ្នាំមកហើយ។ មិនចំពោះតែឃុំដងពែងមួយទេ បណ្តាឃុំដទៃទៀតក៏មានការជ្រំជ្រែងការអភិវឌ្ឍន៍ដូចគ្នាដែរ។
លោកអភិបាលស្រុកស្រែអំបិល រំលេចទៀតថា និយាយភូមិពោធិបឹង ភូមិកំឡូត ភូមិអង្គកែវ និងភូមិបាក់អង្រុត ពីមុនផ្លូវលំបាក ពលរដ្ឋធ្លាប់ធ្វើដំណើរដោយថ្មើរជើង តាមម៉ូតូ ឬគោយន្ត ឥឡូវរថយន្តតូចអាចធ្វើដំណើរទៅ ប៉ុន្តែសម្រាប់រដូវវស្សាពិបាកចរាចរណ៍ ប្រសិនបើជារថយន្តធុនតូច។ បែបនេះក្តី អាជ្ញាធរខេត្ត និងស្រុកបានបំពេញបំណងជូនពលរដ្ឋហើយ មានផ្លូវគឺមានអ្វីៗទាំងអស់។
ក្រៅពីកិច្ចសម្របសម្រួលធ្វើប្រព័ន្ធគមនាគមន៍ រដ្ឋបាលខេត្តកោះកុង ស្រុកស្រែអំបិល និងឃុំបញ្ហាសេវាអប់រំ អនាម័យសុខភាព និងអគារសិក្សាក៏ត្រូវបានលើកកម្ពស់គាំទ្រផងដែរ តាមរយៈគៀងគរជំនួយឧបត្ថម្ភពីសប្បុរសជនជិតឆ្ងាយ។ ជាក់ស្តែង មានក្រុមអ្នកជិះម៉ូតូធំ មានសមាជិក៥០នាក់ បានស្ម័គ្រចិត្តផ្តល់ជាស្បៀងអាហារគ្រឿងបរិភោគ សម្ភារៈរៀនសូត្រ សម្លៀកបំពាក់ និងជួយជួសជុលអគារសិក្សាដែលចាស់ទ្រុឌទ្រោមខ្លាំងជូនពលរដ្ឋនៅចំណុចអូរព្រែកសំរោង ដោយមិនអាចអូសរំលងបាន។
គួរកត់សម្គាល់ថា រាល់រដូវវស្សា ប្រជាពលរដ្ឋរស់នៅឆ្ងាយដាច់ស្រយោលភូមិពោធិបឹង ជាលក្ខណៈរាយប៉ាយគ្នាដោយកណ្តាលព្រៃភ្នំជ្រៅៗក៏មានដែលជាហេតុធ្វើឱ្យពួកគាត់រងខ្វះខាតស្បៀងអាហារ សេវាសុខភាព ផ្លូវធ្វើដំណើរ និងផ្តល់សេវាអប់រំបានគ្រប់គ្រាន់។
លោក អ៊ុង រីវ៉ាត់ តំណាងក្រុមម៉ូតូត្រៃ (ថ្មបាំង) TB MOTO CROSS និយាយថា រូបលោក និងសមាជិកម៉ូតូធំ ពិតជាមានក្តីអាណិតអាសូរដល់កុមារតូចៗ និងពលរដ្ឋរស់នៅចំណុចអូរព្រែកសំរោង ភូមិពោធិបឹង ខ្លាំងណាស់ ដោយឃើញពីជីវភាពរស់នៅក្រីក្រលំបាក ខុសពីបណ្តាមូលដ្ឋានផ្សេងៗទៀត ស្ទើរតែគ្មានមនុស្សបានទៅដល់និងស្គាល់។
លោក អ៊ុង រីវ៉ាត់ អះអាងថា មុននឹងឈានដល់ការមកប្រគល់អំណោយស្បៀងអាហារ ថវិកា និងការជួសជុលអគារសិក្សាដល់កុមារ និងប្រជាពលរដ្ឋ លោក និងសមាជិក ធ្លាប់បានធ្វើដំណើរតាមរយៈការជិះម៉ូតូដំណើរកម្សាន្តឆ្លងកាត់ព្រៃភ្នំដ៏លំបាកជាច្រើនដំណាក់ការទើបមកស្គាល់ទីតាំងនេះ។
លោកបន្តទៀតថា លុះក្រោយក៏បានរ៉ៃអង្គាសថវិកាបានជាង ៦ពាន់ដុល្លារ ដើម្បីទិញស្បៀងអាហារបរិភោគ សំលៀកបំពាក់ សម្ភារៈរៀនសូត្រ និងជួសជុលអគារសិក្សាដែលចាស់ទ្រុឌទ្រោមជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ។ ជាពិសេស ជួយឧបត្ថម្ភដល់គ្រូបង្រៀនចំនួន២រូប ក្នុងម្នាក់ចំនួន ១០ម៉ឺនរៀល ដោយគាំទ្រឧបត្ថម្ភរយៈពេល៦ខែ។ ទោះយ៉ាងណាសកម្មភាពមនុស្សធម៌នេះតិចក្តី ក៏ជាទឹកចិត្តជួយសង្គមដោយភាពស្មោះសរបស់ពួកគាត់។
ទម្រាំស្បៀងអហារ និងសម្ភារៈសិក្សាពីសប្បុរសជន បានទៅដៃពលរដ្ឋផ្ទាល់ គឺបេសកកម្មដ៏លំបាកកាត់ភ្លៀង ជាប់ផុងផ្លូវល្បាប់ ឆ្លងដងព្រែក ជិះគោយន្ត និងថ្មើរជើងជិត១០០គីឡូម៉ែត្រ ត្រូវប្រើពេលវេលាច្រើនម៉ោងទើបភូមិឋានពលរដ្ឋឆ្ងាយដាច់ស្រយោលនេះ។
ដោយឡែក លោក ញឹម សឿន អនុភូមិពោធិបឹង និងប្រជាពលរដ្ឋរស់នៅចំណុចអូរព្រែកសំរោង បានត្រេកអរ និងថ្លែងអំណរអរគុណជាខ្លាំងជូនអ្នកស្រុកស្រែអំបិល និងសប្បុរសជនអ្នកជិះម៉ូតូធំ អាណិតយល់ពីសុខទុក្ខលំបាកអំឡុងរដូវវស្សានេះ តាមរយៈផ្តល់ជាអង្ករជិត១តោន ទឹកត្រី៣៩យួរ ទឹកស៊ីអ៉ីវ៣០យួរ សម្លៀកបំពាក់ សម្ភារៈសិក្សា៤២ឈុត និងស័ង្កសីប្រក់ ជញ្ជាំងអគារសិក្សាបានស្អាតល្អ។
លោក ញឹម សឿន ក៏ដូចជាប្រជាពលរដ្ឋ បញ្ជាក់ថា កន្លងទៅមូលដ្ឋានរស់នៅរបស់ពួកគាត់ ពិតជាដាច់ស្រយោលខ្លាំងណាស់ គ្មានផ្លូវធ្វើដំណើរ ភ្លើងអគ្គិសនី អគារសិក្សាល្អស្អាត ប៉ុស្តិ៍សុខភាព អណ្តូងទឹកស្អាត។ ជាក់ស្តែង៣ឆ្នាំចុងក្រោយនេះ មានផ្លូវលំធ្វើចរាចរណ៍ទៅមកបានឆាប់រហ័ស លំបាកតែរដូវវស្សាតាមចំណុចនីមួយៗប៉ុណ្ណោះ ត្បិតមិនទាន់គ្រប់គ្រាន់តាមសេចក្តីត្រូវការរបស់ពលរដ្ឋទូទាំងភូមិពោធិបឹងក៏ដោយ។
អាជ្ញាធរពាក់ព័ន្ធ ឬសប្បុរសជន តែឃើញវត្តមានចុះជួយដោះស្រាយពលមានទុក្ខលំបាកម្តង ព្រមទាំងបង្កើនល្បឿនអភិវឌ្ឍន៍ទៅតាមគម្រោងនានា ដោយពុំទុកឱ្យឯកាដូចមុន៕
អត្តបទ ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក