Connect with us

ព័ត៌មានជាតិ

វីរុសកូវីដ-១៩ បំប្លែងខ្លួន អូមីក្រុង ប្រភេទថ្មី BA.4 និង BA.5 មានវត្តមាននៅកម្ពុជា ហើយ

បានផុស

នៅ

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ នេះ បានអំពាវនាវចេញសារក្រើនរំលឹក ពីការការពារការចម្លងវីរុសកូវីដ-១៩ និងរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ខណៈកម្ពុជាក៏បានរកឃើញ វីរុសកូវីដ-១៩ បំប្លែងខ្លួន អូមីក្រុង ប្រភេទថ្មី BA.4 និង BA.5 ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា បច្ចុប្បន្ន វីរុសកូវីដ-១៩ កំពុងចរាចរណ៍យើងសកម្មក្នុងសាកលលោក និងប្រទេសក្នុងតំបន់ ដោយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្របានបញ្ជាក់ថា វីរុសកូវីដ-១៩ បំប្លែងខ្លួន អូមីក្រុង ប្រភេទថ្មី BA.4 និង BA.5 ក៏កំពុងចរាចរណ៍នៅតាមប្រទេសជាច្រើននៅក្នុងសាកលលោក ហើយក្នុងនោះ ព្រះរាជាណាចក្រកម្ពុជាក៏បានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងខ្លួន អូមីក្រុង ប្រភេទថ្មី BA.4 និង BA.5 ផងដែរ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល រូបនេះ បានបញ្ជាក់ថា ការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ នៅកម្ពុជា បានចាប់ផ្ដើមរកឃើញឡើងវិញ ចាប់តាំងពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ រហូតដល់បច្ចុប្បន្ន ដោយក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ ក៏មានប្រភេទអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 ។

លោកស្រីវេជ្ជបណ្ឌិត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងការពារដើម្បីបញ្ចៀសនូវការរីករាលដាលកូវីដ-១៩ ដ៏ធ្ងន់ធ្ងរសារជាថ្មី និងអំពាវនាវដល់ប្រជាជនទាំងអស់ទាំងកម្ពុជា និងបរទេស ដែលរស់នៅកម្ពុជា បន្តនាំគ្នាអនុវត្តវិធានការ ៣ការពារ ៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដោយមានគម្លាតពីមួយដូសទៅមួយដូសរយៈពេល៣ខែឡើងទៅ។

គួរបញ្ជាក់ថា ការចរាចរនៃពពួកអូមីក្រុងបំប្លែងថ្មី BA.4, BA.5 គឺមានសមត្ថភាពឆ្លងលឿនជាងពពួកអូមីក្រុងមុនៗ ដូចជា BA.1, BA2។ ពពួកមេរោគបំប្លែងថ្មី BA.4, BA.5 នេះ មានលទ្ធភាពបញ្ជៀតចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សបានងាយស្រួលជាងមុន ដែលធ្វើឲ្យភាពស៊ាំរបស់បុគ្គលឆាប់ធ្លាក់ចុះលឿនជាងមុនបើទោះបីជាពួកវាមានរោគសញ្ញា មិនខុសប្លែកពីប្រភេទវីរុសជំនាន់មុនៗដោយមានការក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ ស្រដៀងផ្តាសាយធម្មតា៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម