ក្រុមការងារតាមដាន និងឆ្លើយតបព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម មានកត្តិយសសូមធ្វើការបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ កន្លងមក មានសារព័ត៌មានតាមបណ្តាញសង្គមមួយចំនួន បានចុះផ្សាយនូវអត្ថបទដែលមានខ្លឹមសារអំពី កាស៊ីណូមួយ កន្លែងនៅជិតច្រកទ្វារអន្តរជាតិភ្នំដិន ស្ថិតក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ថាគ្មានអាជ្ញាប័ណ្ណ ហើយត្រូវគ្នាជាមួយអាជ្ញាធរមូលដ្ឋាន នឹងសមត្ថកិច្ចបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង និង មាន់ជល់ បៀអាប៉ោង និងយូគី យ៉ាងរលូន និងយ៉ាងអនាធិបតេយ្យ ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញរបស់នាយកដ្ឋាន បានចុះត្រួតពិនិត្យករណីខាងលើ បន្ទាន់ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ កម្លាំងជំនាញរបស់នាយកដ្ឋានបានចុះដល់ទីតាំងកន្លែងកាស៊ីណូ ឈ្មោះ ថប ដាយអឺម៉ិន កាស៊ីណូ (TOP DIAMOND CASINO) ស្ថិតនៅឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ តាមការពិនិត្យជាក់ស្ដែង ឃើញថាកាស៊ីណូនេះគឺមានលិខិតអនុញ្ញាតលេខ១២៩៤ សជណ ចុះថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០០៩ ចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី ប៉ុន្តែកាស៊ីណូនេះ បានផ្អាកសកម្មភាពធ្វេីអាជីវកម្មមួយរយ:កន្លងមកហើយ ។
ក្នុងនាមក្រុមការងារតាមដាន និងឆ្លើយតបព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម នៃនាយកដ្ឋាន ប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើ ប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ។
យើងខ្ញុំក៏សូមអំពាវនាវដល់មហាជនគ្រប់រូបសូមមេត្តាកុំធ្វើការផ្សេព្វផ្សាយ សន្និដ្ឋាន និងវាយតម្លៃរឿងហេតុ ដោយពុំមានមូលដ្ឋានច្បាស់លាស់ ជៀសវាងការផ្សព្វផ្សាយ សន្និដ្ឋាន និងវាយតម្លៃនោះប៉ះពាល់ដល់កត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលឬស្ថាប័នអនុវត្តច្បាប់ ។
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គម មេត្តាទទួលជ្រាបជាព័ត៌មាន៕
ប្រភព៖ អគ្គស្នងការនគរបាលជាតិ