Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ ណែនាំឱ្យថៅកែរោងចក្រ ជំរុញឱ្យកម្មករទៅចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីទប់ស្កាត់ការឆ្លងជំងឺអូមីក្រុងថ្មី

បានផុស

នៅ

លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានណែនាំដល់ម្ចាស់រោងចក្រសហគ្រាសបន្តជំរុញឱ្យកម្មករនិយោជិតទៅចាក់វ៉ាក់សាំងដូសជំរុញ​បន្ថែមទៀត ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ពិសេស​មេរោគ​អូ​មី​ក្រុង​ប្រភេទ​បំប្លែង​ខ្លួន​ថ្មី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការណែនាំ​នេះ​ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​កម្មករនិយោជិត​នៅតាម​សហគ្រាស​រោងចក្រ​នានា​ភាគច្រើន​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​ ២ ​និង​ទី​ ៣ ​ប៉ុណ្ណោះ​។ ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ទាំងឡាយ ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​

​នៃ​ច្បាប់​ស្តីពី​ការងារ​ដល់​និយោជក​កាលពី​ថ្ងៃទី​ ១៥ ​កក្កដា ​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​លោក រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា « ភាគច្រើន​កម្មករ​យើង​ចាក់​វ៉ាក់សាំង​បាន​ដូ​ស​ទី ​២​ និង​ទី​ ៣​។​ ដូចនេះ​ខ្ញុំ​សូម​ស្នើឱ្យ​និយោជក​ខិតខំ​លើកទឹកចិត្ត​បន្ត​ជំ​រុញឱ្យ​កម្មករ​ទៅ​ទទួល​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ទី​ ៤​ និង​ទី ​៥​ បន្ថែមទៀត​ បន្ទាប់ពី​កម្ពុ​ជាមាន​ឆ្លង​ករណី​ជំងឺ​កូ​វីដ​១៩​ ប្រភេទ​អូ​មី​ក្រុង​ថ្មី​ ដែលមាន​ការចម្លង​លឿន​ជាង​មុន​ក្រោយពី​សូន្យ​អស់​រយៈពេល​ ៥២​ ថ្ងៃ​រួចមក​»​។

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ បច្ចុប្បន្ននេះ​ជំងឺ​អូ​មី​ក្រុង​បំប្លែអ​ខ្លួន​ថ្មី​ បាន​ឆ្លង​ចូល​នៅក្នុង​សហគមន៍​ឡើងវិញ​ ហើយ​សូម្បីតែ​អ្នក​នៅ​ក្បែរ​ខ្លួន​យើង​ក្រុមគ្រួសារ​យើង​ក៏​អាច​ឆ្លង​ដែរ​។​ ប៉ុន្តែ​ដោយសារ​មាន​ការចាក់​វ៉ាក់សាំង​ ទើបបានជា​ការឆ្លង​មាន​សភាព​ស្រាលៗ​មិន​ឈឺ​ធ្ងន់​ចូល​សម្រាក​ពេទ្យ​។ ​ប៉ុន្តែ​នៅពេល​ឥទ្ធិពល​វ៉ាក់សាំង​ចុះថយ​ក្នុង​រយៈពេល​ ៦​ ទៅ​ ៧​ ខែ​នោះ ​យើង​ក៏​អាច​នឹង​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ ហើយ​មាន​សភាព​ធ្ងន់ធ្ងរ​ទៀត​ដោយសារ​វ៉ាក់សាំង​ជិត​អស់​ប្រសិទ្ធភាព​។

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា « អីចឹង​ដើម្បី​ធានាបាន​ដល់​អាជីវកម្ម​ក៏ដូចជា​ផលិតកម្ម​នៅក្នុង​រោងចក្រ​សហគ្រាស​រោងចក្រ​នី​មួយៗ ​ខ្ញុំ​សូម​រំលឹក​ដល់​ម្ចាស់​រោងចក្រ​ទទួលយក​វ៉ាល់​សាំង​ដូ​ស​ជំរុញ​ទី​ ៤ ​ឬ​ទី​ ៥ ​ព្រោះថា​ការផ្តល់​វ៉ាក់សាំង​នេះ ​មិន​តម្រូវឱ្យ​រោងចក្រ​បង់ថ្លៃ​ទេ​ គឺ​ធ្វើ​យ៉ាងម៉ិច​ជួយ​ជំ​រុញឱ្យ​កម្មករ​ទៅ​ចាក់​ឱ្យបាន​គ្រប់ៗ​គ្នា​។​ បើ​កា​រណា​កម្មករ​មាន​ឆ្លង​ជំងឺ​កូ​វីដ​វានឹង​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​ច្រ​វ៉ា​ក់​ផលិតកម្ម​នៅក្នុង​រោងចក្រ​ជាមិនខាន​»​។

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានធ្វើការ​ក្រើនរំលឹក​ឱ្យ​ប្រជាពលរដ្ឋ​បង្កើន​វិធានការ​ការពារ​បន្ទាប់ ពី​បានការ​រកឃើញ​ជំងឺ​កូ​វីដ​១៩ ​ប្រភេទ​អូ​មី​ក្រុង​បំប្លែង​ថ្មី BA.4 និង​BA.5​ ដែលមាន​ការចម្លង​លឿន​ជាង​ពពួក​អូ​មី​ក្រុង​មុនៗ​ទៅទៀត​។ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ​ជំងឺ​កូ​វីដ​១៩ ​ប្រភេទ​អូ​មី​ក្រុង ​បំប្លែង​ថ្មី BA.4 និង​BA.5​ ជា​ករណី​ដែល​ស្ថិតក្នុង​ចំណោម​ការ​រាលដាល​សារជាថ្មី​ឡើងវិញ​នៅ​កម្ពុជា ​ចាប់តាំងពី​ថ្ងៃទី​ ២៨ ខែមិថុនា ក្រោយ​ស្ងប់ស្ងាត់​អស់​រយៈពេល​ ៥២ ​ថ្ងៃ​។ លោក​រដ្ឋមន្ត្រី​បាន​បន្តថា ករណី​វិជ្ជមាន​កូ​វីដ​១៩ សារជាថ្មី​នេះ ត្រូវបាន​រកឃើញ​នៅលើ​អ្នកដំណើរ​ពី​ក្រៅប្រទេស អ្នក​នៅក្នុង​សហគមន៍​ និង​អ្នក​ធ្វើតេស្ត​សម្រាប់ធ្វើ​វិញ្ញាបនបត្រ​ទៅ​បរទេស​។

​ចំណែក​ការ​ចរាចរ​នៃ​ពពួក​អូ​មី​ក្រុង​បំប្លែង​ថ្មី BA.4, BA.5 គឺមាន​សមត្ថភាព​ឆ្លង​លឿន​ជាង​ពពួក​អូ​មី​ក្រុង​មុនៗ ដូចជា BA.1, BA2​។ លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ​ពពួក​មេ​រោគ​បំប្លែង​ថ្មី BA.4, BA.5 នេះ​ មានលទ្ធភាព​បញ្ជៀ​ត​ចូល​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុ​ស្សបាន​ងាយស្រួល​ជាង​មុន ​ដែល​ធ្វើ​ឲ្យ​ភាពស៊ាំ​របស់​បុគ្គល​ឆាប់​ធ្លាក់ចុះ​លឿន​ជាង​មុន​ បើទោះបីជា​ពួកវា​មាន​រោគសញ្ញា មិន​ខុសប្លែក​ពី​ប្រភេទ​វីរុស​ជំនាន់​មុនៗ​ដោយ​មានការ​ក្តៅខ្លួន ក្អក ឈឺបំពង់ក​ហៀរ​សំបោរ ស្រដៀង​ផ្តាសាយ​ធម្មតា​។

​លោក​រដ្ឋមន្ត្រី​បាន​ក្រើនរំលឹក​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​និង​ការពារ ដើម្បី​បញ្ចៀស​នូវ​ការរីក​រាលដាល​កូ​វីដ​-១៩​ ដ៏​ធ្ងន់ធ្ងរ​សារជាថ្មី​ និង​អំពាវនាវ​ដល់​ប្រជាជន​ទាំង​អស់ទាំង​កម្ពុជា និង​បរទេស​ដែល​រស់នៅ​កម្ពុជា បន្ត​នាំគ្នា​អនុវត្ត​វិធានការ ៣​ ការពារ ៣ ​កុំ​ ព្រមទាំង​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ​ដោយមាន​គម្លាត​ពីមួយ​ដូ​ស​ទៅមួយ​ដូ​ស​រយៈពេល​ ៣​ ខែ​ឡើងទៅ​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម