ព័ត៌មានជាតិ
អង្គការ PIN បន្តធ្វើយុទ្ធនាការបំពាក់បដាលើកង់បីលើកទីពីរ ដើម្បីផ្សព្វផ្សាយពីការបង្ការការឆ្លងនៃជំងឺកូវីដ-១៩ នៅទីក្រុងភ្នំពេញ
នេះជាលើកទីពីរហើយដែលអង្គការ People in Need – ភីពផលអ៉ីននីត (PIN) បានបន្តធ្វើយុទ្ធនាការ ក្នុងការបំពាក់បដាលើកង់បីចំនួន ៥០ ដើម្បីផ្សព្វផ្សាយបន្តពីចំណេះដឹងទាក់ទងអំពីវិធានការណ៍ផ្សេងៗក្នុងការបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជូនដល់សាធារណជន ជាពិសេសប្រជាជនដែលរស់នៅតាមតំបន់ជាយក្រុងនៃរាជធានីភ្នំពេញ ដែលយុទ្ធនាការនេះនឹងចាប់ផ្ដើមពីចុងខែមិថុនា រហូតដល់ពាក់កណ្ដាលខែកញ្ញា ឆ្នាំ ២០២២ ។

យុទ្ធនាការនេះ មានគោលបំណងចូលរួមលើកម្ពស់ពីការយល់ដឹងពីការបង្ការ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយផ្ដោតសំខាន់ទៅលើ ប្រធានបទចំនួន ៣ ធំៗដូចជា៖
១. របៀបការពារខ្លួន និងវិធានការណ៍ការពារដើម្បីកាត់បន្ថយនូវហានិភ័យពីការឆ្លងជំងឺកូវីដ-១៩
២. អ្វីដែលចាំបាច់ត្រូវធ្វើ មុនពេលចេញទៅក្រៅ និងពេលត្រឡប់មកផ្ទះ
៣. វិធានការណ៍ដែលម្ចាស់អាជីវកម្ម និងបុគ្គលិកគួរប្រកាន់ខ្ជាប់ ដើម្បីធានាសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ ដោយផ្ដោតទៅលើតំបន់ជាយក្រុង ពិសេសទីតាំង ៤ ធំៗ ដូចជា ផ្សារច្បារអំពៅ ផ្សារជម្ពូវ័ន ផ្សារសាមគ្គី និងផ្សារពោធិ៍ចិនតុង។


យុទ្ធនាការនៃការ បំពាក់បដានេះ គឺស្ថិតនៅក្រោមគម្រោង “ការឆ្លើយតបចម្រុះលើការបង្ការ និងការគាំពារចំពោះកូវីដ-១៩ សម្រាប់សហគមន៍ងាយរងគ្រោះក្នុងរាជធានីភ្នំពេញ” តាមរយៈការគាំទ្រមូលនិធិដោយ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។ គម្រោងនេះមានរយៈពេល ៣៦ ខែ ដោយផ្តោតទៅលើវិស័យធំៗមួយចំនួនដូចជា ទឹកស្អាត និងអនាម័យ ការការពារពីអំពើហិង្សាផ្អែកលើយេនឌ័រ និងការការពារសិទ្ធិកុមារ ការស្តារទ្បើងវិញនូវជីវភាពប្រចាំថ្ងៃ និងការគាំពារសង្គម ដោយមានគោលបំណងរួមក្នុងការ ពង្រឹងការគាំពារសង្គម ការស្ដារសេដ្ឋកិច្ចជាតិ និងការបន្សាំខ្លួនទៅនឹងជំងឺកូវីដ-១៩ សម្រាប់សហគមន៍ងាយរងគ្រោះក្នុងរាជធានីភ្នំពេញ។

គួរឱ្យកត់សម្គាល់ផងដែរថា អង្គការ PIN ធ្លាប់បានធ្វើយុទ្ធនាការបំពាក់បដាលើកង់បីម្ដងរួចមកហើយ កាលពីខែធ្នូ ឆ្នាំ ២០២១ ដោយបានបំពាក់បដាលើកង់បីចំនួន ១៥០ ដោយផ្ដោតទៅលើប្រធានបទ “បីកុំបីការពារ” ដែលបានផ្សព្វផ្សាយតាមខណ្ឌមួយចំនួន ដូចជា ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ ខណ្ឌដង្កោ ខណ្ឌឬស្សីកែវ ខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌ ៧ មករា។ គម្រោងនៃយុទ្ធនាការនេះ គឺផ្តោតទៅលើសហគមន៍ងាយរងគ្រោះ ជាពិសេសស្ត្រី កុមារ និង ចាស់ជរា ដោយអង្គការ PIN មានគោលបំណងធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបាននូវ ជំនួយក្នុងការការពារខ្លួន និងមនុស្សនៅជុំវិញពីជំងឺកូវីដ-១៩ ដោយសារនៅតាមតំបន់ជាយក្រុងការទទួលបានព័ត៌មានផ្សេងៗ គឺនៅមានកម្រិតនៅទ្បើយ ។

បន្ថែមពីនេះ អង្គការ PIN ក៏ បានផ្តោតទៅលើការកែប្រែស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារ ដែលត្រូវបាន បញ្ឈប់ពីការងារ ឬអាជីវកម្មខ្នាតតូចដែលទទួលរងហានិភ័យនៃការផ្អាក ឬបិទទ្វារអាជីវកម្មដែលបណ្តាលមកពីការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ មួយនេះ តាមរយៈការបណ្តុះបណ្តាលពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធក្នុងនាមជាកូនបំណុល ការរៀបចំផែនការអាជីវកម្ម ដែលអាចផ្តល់ឱ្យពួកគាត់នូវចំណេះដឹងមួយចំនួន ដើម្បីដោះស្រាយបញ្ហាអាជីវកម្មដែលគាត់បានជួបប្រទះដោយសារជំងឺកូវីដ-១៩។


យោងតាមស្ថិតិរបស់អង្គការសុខភាពពិភពលោក នៅត្រឹមថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ ប្រទេសកម្ពុជាមានករណីជំងឺកូវីដ-១៩ ចំនួន ១៣៦,២៦២ និងមានអ្នកស្លាប់ចំនួន ៣,០៥៦ នាក់ ប៉ុន្តែគិតមកត្រឹមអំឡុងពេល ៥ ខែកន្លងមកនេះ អត្រានៃករណីជំងឺកូវីដ-១៩ បានថយចុះមកត្រឹមចំនួន ១៥ ៧៨៩ នាក់ និងការស្លាប់មានចំនួនតែ ៤៧ នាក់តែប៉ុណ្ណោះ។ ប៉ុន្តែបើទោះបីជាជំងឺកូវីដ-១៩ ស្ថិតក្រោមការគ្រប់គ្រងដ៏ល្អរបស់រាជរដ្ឋាភិបាល និងអត្រានៃការកើតមាននៃជំងឺកូវីដ-១៩ និងអត្រានៃការស្លាប់មានការថយចុះក៏ពិតមែន ក៏ប្រជាពលរដ្ឋគួរតែបន្តអនុវត្តការការពារខ្លួន និងប្រុងប្រយ័ត្នជានិច្ចដើម្បីទប់ស្កាត់ កុំឲ្យមានករណីឆ្លង និងការស្លាប់ជាបន្ត ។
គួររំលឹកផងដែរថា អង្គការ PIN គឺជាអង្គការក្រៅរាជរដ្ឋាភិបាលនៃសាធារណរដ្ឋឆែកដែលបច្ចុប្បន្ន ការងាររបស់យើងនៅក្នុងប្រទេសកម្ពុជា គឺផ្តោតលើការអភិវឌ្ឍ និងដោះស្រាយបញ្ហានៅក្នុងសង្គមទាក់ទងទៅនឹងវិស័យផ្សេងៗដូចជា ទឹកស្អាត និងអនាម័យ ការអប់រំ ការឆ្លើយតប និងគ្រប់គ្រងគ្រោះមហន្តរាយ ការការពារពីអំពើហិង្សាផ្អែកលើយេនឌ័រ និងការការពារសិទ្ធកុមារ និងការឆ្លើយតបទៅនឹងបញ្ហាកូវីដ-១៩ ទាំងនៅទីក្រុង និងជនបទ ។ឥលូវនេះ អង្គការភីនមាននៅក្នុងប្រទេសចំនួន ៣០ ជុំវិញពិភពលោក ។
សម្រាប់ព័ត៌មានបន្ថែមពីយុទ្ធនាការ និងគម្រោង សូមទៅចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ People In Need Cambodia (PIN)៖ https://www.facebook.com/PINCambodiacz/

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង